សង្គមអន្តរជាតិ​
អន្តរជាតិ
មេដឹកនាំ​បក្សប្រឆាំង​រុស្ស៊ី​ថា​លោក Putin នៅ​ពីក្រោយ​ការដាក់​ថ្នាំ​បំពុល​លោក​
02, Oct 2020 , 7:59 pm        
រូបភាព
​លោក Alexie Navalny មេដឹកនាំ​គណបក្សប្រឆាំង​រុស្ស៊ី អង្គុយ​លើ​កៅអី នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។​
​លោក Alexie Navalny មេដឹកនាំ​គណបក្សប្រឆាំង​រុស្ស៊ី អង្គុយ​លើ​កៅអី នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។​
ដោយ: VOA
​មេដឹកនាំ​គណបក្សប្រឆាំង​រុស្ស៊ី​លោក Alexei Navalny បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី​អាល្លឺម៉ង់​មួយ​ថា លោក​ប្រធានាធិបតី Putin នៃ​ប្រទេស​រុស្ស៊ី ជា​អ្នក​នៅ​ពីក្រោយ​ការដាក់​ថ្នាំ​បំពុល​លើ​រូបលោក​។​

 
​ក្នុងការ​ដកស្រង់​សម្តី​របស់លោក ដែល​ទស្សនា​វ​ដ្តី Der Spiegel ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក Navalny បាន​និយាយថា​៖ «​ខ្ញុំ​មិនដឹង​អំពី​ថា​អាចមាន​រឿង​អ្វី​ផ្សេង​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្មនេះ​ទ‍េ​»​។​
 
​រដ្ឋាភិបាល​រុស្ស៊ី បាន​ច្រានចោល​ការពាក់ព័ន្ធ​ណាមួយ​។​
 
​លោក Navalny បាន​ធ្លាក់ខ្លួន​ឈឺ​ភ្លាមៗ នៅលើ​យន្តហោះ កាលពី​ថ្ងៃទី ២០ ខែសីហា ហើយ​ដើមដំបូង បាន​ចូលទៅ​ព្យាបាល​ក្នុង​ទីក្រុង Omsk នៃ​តំបន់​ស៊ី​បេ​រី​។​
 
​វេជ្ជបណ្ឌិត​រុស្ស៊ី​បាន​និយាយថា ពួកគេ​មិនបាន​រកឃើញ​សារជាតិ​ពុល​ទេ ប៉ុន្តែ​ក្រោយពី​លោក​Navalny ត្រូវបាន​ផ្ទេរ​ទៅកាន់​មន្ទី​ពេទ្យ​មួយ នៅ​ប្រទេស​អ​ល្លឺ​ម៉​ង់ ការធ្វើ​តេស្ត​នៅ​ទីនោះ បាន​បង្ហាញថា លោក​ត្រូវគេ​បំពុល​ដោយ​ជាតិពុល Novichok ដែល​ត្រូវបាន​បង្កើត​ដំបូង​ដោយ​អតីត​សហភាពសូវៀត​។ ការធ្វើ​តេស្ត​ជា​បន្តបន្ទាប់ ក្នុង​មន្ទីរពិសោធន៍​របស់​បារាំង និង​ស៊ុយអែត ក៏បាន​បញ្ជាក់​អំពី​ជាតិពុល​នេះដែរ​។​
 
​ជាតិពុល​ដូចគ្នានេះ ត្រូវបាន​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​មួយ កាលពី​ឆ្នាំ ២០១៨ លើ​អតីត​ចារបុរស​ម្នាក់ នៅក្នុង​ចក្រភព​អង់គ្លេស​។​
 
​លោក Navalny ជា​អ្នក​រិះគន់​លោក Putin ជា​ញឹកញាប់ ហើយ​លោក​បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី Der Spiegel ថា លោក​គ្រោង​វិលត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com