សង្គមអន្តរជាតិ​
អន្តរជាតិ
អា​មេ​នី ហៅ​ទូត​ប្រចាំ​អ៊ីស្រាអែល​ចូល​ប្រទេស​វិញ ដើម្បី​តវ៉ា​ការលក់​អាវុធ​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​
02, Oct 2020 , 4:01 pm        
រូបភាព
ទាហានអាមេនី។ រូបភាព៖AFP
ទាហានអាមេនី។ រូបភាព៖AFP
ដោយ:
​រដ្ឋាភិបាល​អា​មេ​នី នៅ​ថ្ងៃទី​១ ខែតុលា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​អ៊ីស្រាអែល​ឲ្យ​ត្រឡប់​ចូល​ប្រទេស​វិញ ជាការ​តវ៉ា​ទៅនឹង​ការលក់​អាវុធ​ដោយ​អ៊ីស្រាអែល​ទៅ​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​ដែលជា​សត្រូវ​របស់ខ្លួន​កំពុង​ប្រយុទ្ធ​គ្នា​ជិត​មួយ​សប្តាហ៍​មកហើយ​នោះ​។​

 
​ការប្រយុទ្ធ​គ្នា​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​ដែល​ផ្ទុះឡើង​ជាថ្មី កាលពី​ថ្ងៃទី​២៨ ខែកញ្ញា បាន​រាលដាល​ជំពាក់ជំពិន​ដល់​អ៊ីស្រាអែល បន្ទាប់ពី​អា​ស៊ែ​បៃ​ហ្ស​ង់​ទទួលស្គាល់ថា​ខ្លួន​បាន​ប្រើប្រាស់​អាវុធ​ដែល​ផលិត​ដោយ​អ៊ីស្រាអែល ក្នុងការ​ប្រយុទ្ធ​គ្នា​ក្នុង​តំបន់​Nagorno-Karabakh​។​
 
​ជាការ​តវ៉ា​ចំពោះ​ការនាំចេញ​អាវុធ​របស់​អ៊ីស្រាអែល​ទៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ក្រសួងការបរទេស​អា​មេ​នី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ចូល​ប្រទេស​វិញ​ជាការ​តវ៉ា​។ លោកស្រី Anna Naghdalyan អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​នី​អះអាងថា​៖«​របៀប​ធ្វើការ​របស់​អ៊ីស្រាអែល មិនអាច​ទទួលយកបាន ហើយ​ក្រសួង​(​ការបរទេស​)​ចាំបាច់​ត្រូវតែ​ហៅ​ឯកអគ្គរដ្ឋទូត​ត្រឡប់មកវិញ​»​។​
 
​ចំណែក​ក្រសួងការបរទេស​អ៊ីស្រាអែល​វិញ បង្ហាញ​ការសោកស្តាយ​ចំពោះ​ការហៅ​ទូត​អា​មេ​នី​ត្រឡប់​ទៅវិញ​។​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អ៊ីស្រាអែល​អះអាងថា ទំនាក់ទំនង​ជាមួយ​អា​មេ​នី​មាន​សារៈសំខាន់ ហើយ​ស្ថានទូត​អា​មេ​នី​នៅ​អ៊ីស្រាអែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​ទំនាក់ទំនង សម្រាប់​ផលប្រយោជន៍​នៃ​ប្រជាជន​ទាំងពីរ​។​
 
​ជុំវិញ​ព័ត៌មាន​លម្អិត​ពី​អាវុធ​ដែល​អ៊ីស្រាអែល​លក់​ទៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ទាំង​ក្រសួងការពារជាតិ​អា​មេ​នី និង​អ៊ីស្រាអែល​បដិសេធ​មិន​បញ្ចេញយោបល់​។ ប៉ុន្តែ​យោងតាម SIPRI ដែលជា​ស្ថាប័ន​ស្រាវជ្រាវ ខាង​សន្តិសុខ​ពិភពលោក អះអាងថា​ពី​ឆ្នាំ​២០០៦ ដល់​២០១៩ អ៊ីស្រាអែល​បាន​លក់​អាវុធ​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​ដែលមាន​តម្លៃ​៨២៥​លាន​ដុល្លារ​។ អាវុធ​ដែល​លក់​ចេញ​នោះ​មាន​ដ្រូ​ន ដ្រូ​ន​វាយប្រហារ មី​ស៊ី​ល​កម្ទេច​រថក្រោះ និង​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​។​
 
​ចំពោះ​រឿង​ដ្រូ​ន​វិញ លោក Hikmat Hajiyev ទីប្រឹក្សា​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ ប្រាប់​សារព័ត៌មាន​Walla របស់​អ៊ីស្រាអែល​ថា អា​ស៊ែ​បៃ​ហ្ស​ង់​ប្រើប្រាស់​ដ្រូ​ន​ដែល​ផលិត​ដោយ​អ៊ីស្រាអែល​មួយចំនួន​ក្នុង​ជម្លោះ​នៅ​តំបន់ Nagorno-Karabakh​។ លោក​ថា ដ្រូ​ន​ផលិត​ដោយ​អ៊ីស្រាអែល​មាន​ប្រសិទ្ធភាព​ក្នុងការ​ឈ្លបយកការណ៍ និង​ការបាញ់ប្រហារ​។​
 
​ចំណែក​អា​មេ​នី​វិញ លោកនាយក​រដ្ឋមន្ត្រី Nikol Pashinyan បាន​និយាយថា កងទ័ព​ប្រទេស​លោក បាន​បាញ់​ទម្លាក់​ដ្រូ​ន​៤​គ្រឿង​ដែល​ហោះចូល​ក្នុង​ដែនអាកាស​អា​មេ​នី​។ ដ្រូ​ន​ទាំងនោះ​ត្រូវបាន​កងទ័ព​អា​មេ​នី​អះអាងថា ហោះចូល​ក្នុង​ខេត្ត​ចំនួន​ពីរ​ដែល​នៅ​ជិត​រដ្ឋធានី​យ៉េ​រ៉េ​វ៉ា​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP គិត​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ភាគី​ទាំងសងខាង​ទទួលស្គាល់ថា មាន​ជន​ស៊ីវិល​ស្លាប់​ច្រើនជាង​១០០​នាក់​។ អា​មេ​នី​អះអាងថា អា​ស៊ែ​បៃ​ហ្ស​ង់​មាន​ទាហាន​ស្លាប់​ចំនួន​១៣០​នាក់ និង​របួស​ចំនួន​២០០​នាក់ ចំណែក​ខ្លួន​មាន​ទាហាន​ស្លាប់​១០៤​នាក់ និង​ជន​ស៊ីវិល​២៣​នាក់​។ អា​ស៊ែ​បៃ​ហ្ស​ង់​វិញ អះអាងថា​បានសម្លាប់​ទាហាន​ផ្តាច់ខ្លួន​តំបន់ Nagorno-Karabakh ចំនួន​២​ពាន់​៣​រយ​នាក់​៕

Tag:
 អា​មេ​នី​
  អ៊ីស្រាអែល​
 ​អា​ស៊ែ​បៃ​ហ្ស​ង់
© រក្សាសិទ្ធិដោយ thmeythmey.com