អន្តរជាតិ
កុមារ​អាយុ​១១​ឆ្នាំ ដើរ​ចម្ងាយ​២៧៣៥​គីឡូម៉ែត្រ​ពី​អ៊ីតាលី ដើម្បី​ទៅ​ជួប​យាយ​ខ្លួន​នៅ​អង់គ្លេស​
03, Oct 2020 , 9:59 am        
រូបភាព
ដោយ: ធីតា
Romeo Cox យុវជន​អង់គ្លេស​១១​ឆ្នាំ បាន​ដើរ​ពី​ក្រុង Palermo ប្រទេស​អ៊ីតាលី ក្នុង​ចម្ងាយ​ផ្លូវ​២៧៣៥​គីឡូម៉ែត្រ ដើម្បី​ទៅ​ជួប​ជីដូន​របស់ខ្លួន​ដែល​រង់​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។ យោងតាម​ការផ្សាយ​រប​ស់ The Sun ឪពុក​យុវជន​វ័យក្មេង​រូបនោះ ក៏បាន​ដើរ​អមដំណើរ​ជាមួយ​កូន​ខ្លួន​ផងដែរ​។​

 
​ដោយសារតែ​ការ​រាលដាល​កូ​វីដ​-១៩ ការធ្វើដំណើរ​ឆ្លង​ប្រទេស​មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​យ៉ាងខ្លាំង ជាពិសេស​ដំណើរ​តាម​យន្តហោះ​។ ជាង​មួយឆ្នាំ​កន្លងមកនេះ Romeo បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​ឪពុកម្តាយ​នៅ​ក្រុង Palermo ប្រទេស​អ៊ីតាលី ប៉ុ​ន្តេ​គេ​មាន​ក្តី​នឹករលឹក​ចំពោះ​ជីដូន​ខ្លួន​យ៉ាងខ្លាំង ដោយ​ស្ត្រី​វ័យ​៧៧​ឆ្នាំ​រូបនោះ រស់នៅ​តែម្នាក់ឯង​នៅ​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។​
 
​លោក Phil Cox ដែលមាន​អាជីព​ជា​អ្នកសារព័ត៌មាន បាន​អះអាង​ប្រាប់​កូន​ថា លោក​នឹង​កក់​សំបុត្រ​យន្តហោះ​សម្រាប់ Romeo ប៉ុន្តែ​យុវជន​វ័យ​១១​ឆ្នាំ​បែរជា​ផ្តួចផ្តើម​គំនិត​បែប​កីឡា​ទៅវិញ​។ គេ​បានស្នើ​ឪពុក​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ជាមួយ​ខ្លួន​ចាប់ពី​ថ្ងៃទី​២០ ខែមិថុនា លើ​ចម្ងាយ​ផ្លូវ​២៧៣៥​គីឡូម៉ែត្រ និង​ចំណាយពេល​៩៣​ថ្ងៃ​។​


 
​ក្នុង​ដំណើរ​តាមផ្លូវ Romeo និង​ឪពុក បាន​ជួប​ឧបសគ្គ​ជាច្រើន ដូចជា នាំគ្នា​គេង​ក្បែរ​សំបុក​ឃ្មុំ និង​ត្រូវបាន​ឆ្កែ​ដេញ​ខាំ​នៅ​ទីក្រុង​រ៉ូម ជាដើម​។ នៅ​ថ្ងៃទី​២១ ខែកញ្ញា ពួកគាត់​បាន​ទៅដល់​គោលដៅ Trafalgar Square នៅ​ទីក្រុង​ឡុង​ដ៍ ហើយ​ត្រូវបាន​អាជ្ញាធរ​អង់គ្លេស​តម្រូវ​ឲ្យ​ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក មុននឹង​អាច​ជួប​ជាមួយ​លោកយាយ Rosemary​។​
 
​ជាមួយគ្នានេះ​ផងដែរ ឪពុក និង​កូន ទាំងពីរ​នាក់ ក៏​ប្រមូលបាន​ថវិកា​សប្បុរសធម៌​ជាច្រើន​ផងដែរ ដោយ​ពួកគាត់​បែងចែក​ចំណែក​ខ្លះ​យកទៅ​បរិច្ចាគ​ដល់​ជនភៀសខ្លួន ដល់​សមាគម​សារព័ត៌មាន​ឯករាជ្យ​ជាដើម​។​
 
​យោងតាម The Sun លោក Phil Cox ដែលជា​ឪពុក​របស់ Romeo គឺជា​អ្នកកាសែត​ដ៏​ល្បី​ម្នាក់​ផង​ដេរ ដោយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ គាត់​ធ្លាប់​ទៅធ្វើ​បទ​យកការណ៍​នៅ​តំបន់ Darfour ប្រទេស​ស៊ូដង់ ហើយ​ត្រូវបាន​ចាប់ជំរិត និង​រង​ទារុណកម្ម​នៅក្នុង​គុក Kobar មុននឹង​ត្រូវបាន​ដោះលែង​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧៕
 

© រក្សាសិទ្ធិដោយ thmeythmey.com