ជាតិ
សង្គមជាតិ
ចិន​ជាង​៤០០​នាក់ នៅ​ព្រះសីហនុ ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​
02, Oct 2020 , 4:25 pm        
រូបភាព
​ភ្នំពេញ​៖ កងកម្លាំង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ឆែកឆេរ​ទីតាំង​ភោ​ជនី​ដ្ឋា​ន​មួយ​ឈ្មោះ ស៊ីន​ខាយ​សៀន​មិន ហើយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង​៤០០​នាក់ ដោយ​សង្ស័យថា ពួកគេ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី​២៩​ខែកញ្ញា ឆ្នាំ​២០២០​។


​លោក ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២ ខែតុលា​នេះ​ថា ការឃាត់​ជនជាតិ​ចិន​ជាង​៤០០​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដោយសារ​រកឃើញ​គ្រឿងញៀន​មួយចំនួនធំ រួមទាំង​អាវុធ​មួយចំនួន​ទៀតផង​។ យ៉ាងណា លោក ពុំបាន​លម្អិត​ព័ត៌មាន​ឡើយ​ថា ក្នុងចំណោម​ជនជាតិ​ចិត​ទាំងនោះ មាន​ប៉ុន្មាន​នាក់ ដែល​ប្រើប្រាស់​គ្រឿងញៀន ហើយ​មាន​ប៉ុន្មាន​នាក់ ដែល​ជួញដូរ​គ្រឿងញៀន​។ 
 
​លោកស្នងការ បន្តថា ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ភោជនីយដ្ឋាន​ស៊ីន​ខាយ​សៀន​មិន  ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន ក្នុង​សង្កាត់​៤ ក្រុង​ខេត្ត​ព្រះសីហនុ​។ លោក បន្ថែមថា ពេលនោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង​៤០០​នាក់ ហើយ​មកដល់ពេលនេះ​ក្រុម​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ 
«...​ឃាត់​ជនជាតិ​ចិន​ទាំង​ហ្នឹង គឺ​បទល្មើស​គ្រឿងញៀន ហើយ​ក្រុមការងារ​កំពុង​ដោះស្រាយ​»​។ នេះ​បើជា​ប្រសាសន៍​របស់លោក​ស្នងកា​រ​ខេត្ត​ព្រះសីហនុ ដោយ​មិនបាន​បញ្ជាក់​ឡើយ​ថា វត្ថុតាង​គ្រឿងញៀន​និង​អាវុធ ដែល​រកឃើញ មាន​ចំនួន​ប៉ុន្មាន​នោះទេ​។ 
 
​លឹម ប៊ុនហេង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ មិនទាន់​អាចធ្វើ​អត្ថា​ធិ​ប​ប្បាយ​អ្វី​ឡើយ ដោយ​លោក ប្រាប់ថា សំណុំរឿង​របស់​ជនជាតិ​នោះ មិនទាន់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​៕ 
 
 
 
 

Tag:
 សង្គម​
  គ្រឿងញៀន​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com