អន្តរជាតិ
អឺរ៉ុប​តវ៉ា ក្រោយ​អង់គ្លេស​អនុម័ត​ច្បាប់​ទីផ្សារ​ផ្ទៃក្នុង​ដែល​បំពាន​កិច្ចព្រមព្រៀង Brexit
02, Oct 2020 , 5:59 pm        
រូបភាព
ប្រធានគណកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen។ រូបភាព៖AFP
ប្រធានគណកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen។ រូបភាព៖AFP
ដោយ:
​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១ ខែតុលា​បានប្រកាស​ចាត់វិធានកា​រ​ផ្លូវច្បាប់ ទល់នឹង​អង់គ្លេស​ដែល​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ទីផ្សារ​។ ចំណុច​ដែល​អឺរ៉ុប​ឃ្នើស​ចិន គឺ​ច្បាប់​ទីផ្សារ​នេះ អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​របស់​អង់គ្លេស​បំពាន​ផ្នែក​មួយចំនួន​នៃ​កិច្ចព្រមព្រៀង​Brexit ទាក់ទង​នឹង​ទឹកដី​អៀរ​ឡង់​ខាងជើង​។​អង់គ្លេស​មាន​រយៈពេល​មួយខែ​ក្នុងការ​បកស្រាយ​ទៅកាន់​សហភាព​អឺរ៉ុប​វិញ​។​

 
​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​រដ្ឋសភា​អង់គ្លេស​បានអនុម័ត​សេចក្តីព្រៀងច្បាប់​ស្តីពី​ទីផ្សារ​អង់គ្លេស នៅពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ សេចក្តីព្រៀង​នេះ ត្រូវបាន​សហភាព​អឺរ៉ុប​ទទូច​ឲ្យ​ធ្វើការ​កែប្រែ​តាំងតែ​យូរណាស់​មកហើយ ដ្បិតអី​វា​បំពាន​កិច្ចព្រមព្រៀង​Brexit ទាក់ទង​ទឹកដី​អៀរ​ឡង់​ខាងជើង​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​កិច្ចព្រមព្រៀង Brexit រួមបញ្ចូល​នូវ​ពិធីសារ​អៀរ​ឡង់​ខាងជើង ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ចម្រូងចម្រាស់​នៅ​តំបន់​នេះ​។ នៅក្នុង​ពិធីសារ​អៀរ​ឡង់​ខាងជើង ភាគី​ទាំង​២​បាន​យល់ព្រម មិនបង្កើត​ព្រំដែន​ដែលមាន​រូបរាង​ច្បាស់លាស់ ដើម្បី​បញ្ចៀស​ជម្លោះ​សារជាថ្មី​។ ក្នុងន័យនេះ អៀរ​ឡង់​ខាងជើង​ដែលជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស ត្រូវបាន​អនុញ្ញាត​ស្ថិតក្នុង​ទីផ្សា​រួម​របស់​សហភាព​អឺរ៉ុប​ដដែល ហើយ​ទំនិញ​ចេញចូល​អៀរ​ឡង់​ខាងជើង​ត្រូវបំពេញ​លិខិតស្នាម​ស្របតាម​ច្បាប់​ពន្ធគយ​អឺរ៉ុប​។​
 
​ប៉ុន្តែ​ក្នុង​ច្បាប់​ខាងលើ រដ្ឋាភិបាល​អង់គ្លេស​ផ្តល់​អំណាច​ឲ្យ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អៀរ​ឡង់​ខាងជើង​របស់​ចក្រភព​អង់គ្លេស មិនចាំបាច់​ចេញ​ក្រដាស​ពន្ធគយ​សម្រាប់​ទំ​និ​ញ​ពី​អៀរ​ឡង់​ខាងជើង​ទៅ​ទឹកដី​អង់គ្លេស និង​កំណត់​លទ្ធភាព​របស់​ស​ហ​ភាព​អឺរ៉ុប​ក្នុងការ​ឧបត្ថម្ភ​ធន​ទៅដល់​ជំនួញ ដែលមាន​ផលិតផល​ផលិត​នៅ​អៀរ​ឡង់​ខាងជើង​ផងដែរ​។  ការអនុម័ត​ច្បាប់​ដោយ​រដ្ឋសភា​អង់គ្លេស ដែល​បើកផ្លូវ​ឲ្យ​បំពាន​កិច្ចព្រមព្រៀង Brexit ជាដើម​ចម​នៃ​ការចាត់វិធានការ​ផ្លូវច្បាប់​ពី​សហភាព​អឺរ៉ុប​។ 
 
​ប្រធាន​គណកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen អះអាងថា គណកម្មការ​អឺរ៉ុប​បាន​បញ្ជូន​លិខិត​ដែល​ចាប់ផ្ដើម​នីតិវិធី​ប្ដឹង​នឹង​ច្បាប់​នេះ​ទៅ​រដ្ឋាភិបាល​អង់គ្លេស​រួច​ហើយ​។ លោកស្រី បញ្ជាក់ថា​រដ្ឋាភិបាល​អ​ង់​គ្លេ​សមាន​រយៈ​១​ខែ​ក្នុងការ​ឆ្លើយតប​។​
 
​ទាក់ទង​រឿងនេះ អង់គ្លេស​វិញ​បាន​អះអាងថា ខ្លួន​ត្រូវការ​ច្បាប់​ដើម្បី​ការពារ​ទីផ្សារ​របស់ខ្លួន និង​ដើម្បី​អាច​ធានាថា រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អៀរ​ឡង់​អាចបំពេញ​កាតព្វកិច្ច​បា​ន​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស បន្ថែមថា អង់គ្លេស​នឹង​តប​លិខិត​របស់​សហភាព​អឺរ៉ុប ដោយ​ខ្លួន​បានបង្ហាញ​ហេតុផល​រួចហើយ ចំពោះ​វិធាន​ការទាក់ទង​នឹង​ទឹកដី​អៀរ​ឡង់​ខាងជើង​។ អង់គ្លេស ក៏​អះអាង​ដែរ​ថា​ច្បាប់​នេះ​ចាំបាច់​សម្រាប់​អង់គ្លេស​នៅពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប និង​ទីផ្សា​រួម​អឺរ៉ុប នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១​។​
 
​ក្នុងករណី​ដែល​អង់គ្លេស មិន​កែប្រែ​សេចក្តីព្រៀងច្បាប់​របស់ខ្លួន​ឲ្យ​ស្របតាម​កិច្ចព្រមព្រៀង​Brexit ចំណាត់ការ​ផ្លូវច្បាប់​នេះ​នឹង​ឡើង​ទៅដល់​តុលាការ​យុត្តិធម៌​អឺរ៉ុប ហើយ​អាច​នឹង​ចំណាយពេល​ជាច្រើន​ឆ្នាំ​។ មិនតែប៉ុណ្ណោះ អង់គ្លេស ទំនងជា​អាច​នឹងរង​ការពិន័យ​ជា​ទឹកប្រាក់​ផងដែរ​។ 
 
​ទោះជា​យ៉ាងណាក្តី សេចក្តីព្រាងច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា​នេះ នឹងត្រូវ​ជជែក  និង​អនុម័ត​ពី​ព​សភា​ជាន់ខ្ពស់​អង់គ្លេស​ទៀត​រហូតដល់​ខែធ្នូ​។ នៅ​សភា​ជាន់ខ្ពស់​អង់គ្លេស បក្ស​របស់​លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន ពុំមាន​សម្លេង​ភាគច្រើន​ឡើយ ហើយ​ព្រឹទ្ធសភា​ទំនងជា​អាច​នឹង​កែប្រែ​ផ្នែក​ខ្លះទៀត​នៃ​ច្បាប់​នេះ​។​
 
​ការសម្រេច​ប្តឹងប្តល់​នេះ គាប់​ជួន​ចំ​ពេលដែល​ការចចារ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​អង់គ្លេស​កំពុង​ជាប់គាំង​។ មន្ត្រី​សហភាព​អឺរ៉ុប​អះអាងថា បើសិនជា​គេ​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​ត្រឹម​ចុងខែ​តុលា​នេះ អង់គ្លេស​ប្រហែលជា​ត្រូវ​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​៕
 

Tag:
 Brexit
 ​អង់គ្លេស​
 ​សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com