អន្តរជាតិ
បុគ្គលិក​ក្រុមហ៊ុន Amazon ជិត ២០,០០០ នាក់​បាន​ឆ្លង​ជំងឺ Covid 19
03, Oct 2020 , 3:09 pm        
រូបភាព
ដោយ៖​កង ម៉េង​ហុង​
 
​ក្រុមហ៊ុន Amazon នៅ​ថ្ងៃទី​១ ខែតុលា​បានប្រកាសថា បុគ្គលិក​របស់ខ្លួន​ច្រើនជាង ១៩,៨០០ នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ Covid-19 ចាប់តាំងពី​ដើមខែ​មីនា​។​

 
​ចាប់ពី​ខែមីនា​ដល់​ខែកញ្ញា បុគ្គលិក​ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​រកស៊ី​អន​ឡាញ​ដ៏​ធំ​របស់​អាមេរិក Amazon ច្រើនជាង​១៩,៨០០​នាក់ បាន​ឆ្លង​ជំងឺ COVID-19 ។ ប៉ុន្តែ Amazon អះអាងថា តួលេខ​នេះ គឺ​ទាប​ជាងគេ​រំពឹងទុក ខណៈ​ខ្លួន​មាន​បុគ្គលិក​ជួរមុខ​ដល់​ទៅ​១,៣៧ លាន​នាក់​ដែល​ធ្វើការ​នៅ​ទីតាំង​ជាច្រើន​នៅ​អាមេរិក​។​
 
Amazon បញ្ចេញ​តួលេខ​ខាងលើ ក្រោយ​បុគ្គលិក​ជាច្រើន​ត្អូញត្អែរ​ពី​វិធានការ​ការពារ​របស់​ក្រុមហ៊ុន និង​ការរារែក​ក្នុងការ​ចែករំលែក​ព័ត៌មាន​ពី​សហការី​ដែល​ឆ្លង​ជំងឺ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Seattle បាន​បង្កើន​ការធ្វើ​តេស្ត​ដល់ ៥០,០០០​លើក ក្នុង​មួយថ្ងៃ​នៅ​ទីតាំង ៦៥០ កន្លែង​។​
 
​ក្នុង Blog ផ្លូវការ​របស់ខ្លួន Amazon បញ្ជាក់ថា តាំងពី​ការចាប់ផ្តើម​នៃ​វិបត្តិ​នេះ ខ្លួន​បាន​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​ផ្តល់ដំណឹង​ដល់​បុគ្គលិក តាមរយៈ​ការប្រកាស​ព័ត៌មាន​ដល់​ពួកគេ​អំពី​រាល់​ករណី​ថ្មី​នៅក្នុង​អាគារ​ដែល​ពួកគេ​ធ្វើការ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ សម្ព័ន្ធ​សកម្មជន​ពលករ​និង​ជន​ចំណាកស្រុក​ឈ្មោះ Athena លើកឡើងថា បុគ្គលិក​ក្រុមហ៊ុន Amazon បាន​ស្នើសុំ​ទិន្នន័យ​នៃ​អត្រា​ឆ្លង​មេរោគ Covid-19 នៅតាម​រោងចក្រ​របស់​ក្រុមហ៊ុន​តាំងពីដើម​ឆ្នាំ​នៃ​ជំងឺ​រាតត្បាត​មក​ម្លេះ​។ លោក Dania Rajendra ដែលជា​នាយក​របស់ Athena បាន​បន្ទោស​ក្រុមហ៊ុន Amazon ដែល​បាន​អនុញ្ញាតឱ្យ COVID-19 រាលដាល​ដូចជា​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​កន្លែង​របស់ខ្លួន ហើយ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​មន្ត្រី​សុខភាព​សាធារណៈ​ធ្វើការ​ស៊ើបអង្កេត​លើ​ការរីក​រាលដាល Covid-19 នៅឯ​កន្លែងធ្វើការ​រប​ស់​ក្រុមហ៊ុន Amazon ផងដែរ​៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com