ជាតិ
សង្គមជាតិ
រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៨ហិកតាទៀត ជូនក្រសួងយុត្តិធម៌
05, Oct 2020 , 2:29 pm        
រូបភាព
ទិដ្ឋភាពបឹងតាមោក ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (រូបដោយ៖ កញ្ញា សៅ សុខអេង)
ទិដ្ឋភាពបឹងតាមោក ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (រូបដោយ៖ កញ្ញា សៅ សុខអេង)
ដោយ: ថ្មីៗ
រដ្ឋាភិបាល បានកាត់ផ្ទៃបឹងតាមោក៨ហិកតា ដើម្បីធ្វើអនុប្រយោគ ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យទៅជាសម្បត្តិឯកជនរបស់រដ្ឋ ហើយបន្ទាប់មក ប្រគល់ជូនទៅក្រសួងយុត្តិធម៌។ នេះបើតាមអនុក្រឹតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញតាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។



លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ថា ក្រសួងយុត្តិធម៌ ទទួលបានផ្ទៃបឹងតាមោក៨ហិកតាពីរដ្ឋាភិបាល តែមិនមែនមាន័យថា ក្រសួងយុត្តិធម៌ ត្រូវប្តូរតាំងនោះទេ។ លោក បញ្ជាក់ថា៖«ក្រសួងយុត្តិធម៌ មានប្តូរទៅណា នៅកន្លែងហ្នឹងដដែលទេ»។

បច្ចុប្បន្ន ក្រសួងយុត្តិធម៌ ស្ថិតនៅមុខប៉ែកខាងត្បូងនៃព្រះបរមរាជវាំង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកនាំពាក្យ អះអាងថា ក្រសួងយុត្តិធម៌ អាចយកផ្ទៃបឹងតាមោកប្រមាណ៨ហិកតានោះ ធ្វើអគារឬទីតាំង សម្រាប់ប្រើប្រាស់លើកិច្ចការផ្សេងៗ តែលោក មិនទាន់អាចបញ្ជាក់ឲ្យច្បាស់ថា បម្រើលើកិច្ចការអ្វីនោះទេ។ លោក មានប្រសាសន៍ថា៖«អត់ទាន់មានព័ត៌មានទេថា នឹងធ្វើអ្វី»។

វាជាលើកទី៦ហើយ ដែលរដ្ឋាភិបាលកម្ពុជា កាត់ផ្ទៃបឹងតាមោកឲ្យក្រសួង-ស្ថាប័នរដ្ឋ និងឯកជន។ ផ្ទៃបឹងតាមោក ដែលត្រូវបានកាត់៦លើកនោះ មានទំហំសរុបជាង៤៧៦ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ 

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោកជាង៣៨ហិកតា  ឲ្យក្រសួង-ស្ថាប័ន៤ សម្រាប់សាងសង់ទីស្នាក់ការថ្មី និងវិស័យឯកជន១ សម្រាប់កាន់កាប់ជាកម្មសិទ្ធិ។ ក្នុងចំណោម៣៨ហិកតានោះ ជាង៨ហិកតា (៨០,២៣៦ម៉ែត្រការ៉េ) កាត់ឲ្យលោក សេង វុទ្ធី ធ្វើជាកម្មសិទ្ធិ  (ផ្នែកឯកជន) ហើយ១៥ហិកតា ផ្តល់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់សាងសង់ទីស្តីការថ្មីនៃក្រសួងនេះ។

ចំណែក ១៥ហិកតាទៀត ប្រគល់ឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សម្រាប់សង់ទីស្នាក់ការថ្មីនៃស្ថាប័នទាំង៣នេះ។ ប៉ុន្តែ រដ្ឋាភិបាល មិនបានបញ្ជាក់លម្អិតឡើយថា ស្ថាប័ននីមួយៗ ទទួលបានទំហំផ្ទៃបឹងប៉ុន្មាន ក្នុងចំណោមផ្ទៃបឹងទាំង១៥ហិកតានោះ។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៣០០ហិកតា ឲ្យក្រសួងការពារជាតិ ដើម្បីចាត់ចែង រៀបចំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងប្រើប្រាស់។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៣០ហិកតា ឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាល ផ្តល់ផ្ទៃបឹងតាមោក៧៥ហិកតា ឲ្យទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានជាតិសាធារណៈ និង៨ហិកតា ឲ្យទៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាងសង់អគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានានៃនាយកដ្ឋាននេះ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា សម្រាប់បង្កើតផ្សារផ្គត់ផ្គង់បន្លែ និងធ្វើជាកន្លែងចតរថយន្ត។

បឹងតាមោកឬបឹងកប់ស្រូវ ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានផ្ទៃជាង៣,២ពាន់ហិកតា។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

របាយការណ៍ពីសមាគមធាងត្នោត ដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សរសេរថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។

សមាគមធាងត្នោត មើលឃើញថា ការលុបបឹងនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅឋាន៕

Tag:
 បឹងតាមោក
  ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com