ជាតិ
សង្គមជាតិ
យុវជន​វ័យ​១៥​ឆ្នាំ ដែល​សមត្ថកិច្ច​ចាប់ ដោយសារ​ចូល​ទីស្នាក់ការ​អតីត​បក្សប្រឆាំង ត្រូវបាន​ដោះលែង​វិញ​
06, Oct 2020 , 10:49 am        
រូបភាព
យុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវចាប់ខ្លួន នៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៤ ខែុលា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក Eng Chhai Eang)
យុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវចាប់ខ្លួន នៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៤ ខែុលា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក Eng Chhai Eang)
​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាងថា យុវជន កាក់ សុវណ្ណ​ច្ឆ័​យ វ័យ​១៥​ឆ្នាំ ត្រូវបាន​ដោះលែង​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​។ យុវជន​រូបនេះ ត្រូវ​សមត្ថកិច្ច​ចាប់ កាលពី​រសៀល​ថ្ងៃទី​៤ ខែតុលា បន្ទាប់ពី​រូបគេ ចូលទៅក្នុង​ទីស្នាក់កា​ល​កណ្តាល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​



​លោក សាន សុខ​សីហា ប្រាប់​មូលហេតុ​ថា ការចាប់​យុវជន កាក់ សុវណ្ណ​ច្ឆ័​យ គឺ​ដោយសារតែ​សមត្ថកិច្ច ឃើញ​រូបគេ ផ្លោះ​ចូល​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាទី​តាំង​ដែល​តុលាការ បង្គាប់​ឲ្យ​បិទ​។ លោក ថ្លែងថា​៖«​យើង ខ្លាច​បាត់​របស់ បាត់​សម្ភារ ទើប​យើង​ឃាត់​គាត់ យកមក​សួរនាំ ដល់ពេល​អត់​មានអី យើង ក៏​ដោះលែង​វិញ​ទៅ​»​។​
 
​យុវជន កាក់ សុវណ្ណ​ច្ឆ័​យ ជា​កូន​របស់លោក កាក់ កុ​ម្ភា​រ ដែលជា​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ខាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក កាក់ កុ​ម្ភា​រ ស្ថិតក្នុង​ចំណោម​មន្ត្រី​និង​សកម្មជន​ដទៃទៀត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ ក្រោម​បទ​រួមគំនិត​ក្បត់ជាតិ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ 
 
​លោក សំ សុ​គង់ មេធាវី​របស់លោក កាក់ កុ​ម្ភា​រ មានប្រសាសន៍ថា ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​បិទ​ជិត​ទាំងស្រុង​នោះទេ ដោយ​នៅមាន​ប្រឡោះ​ខ្លះ អាច​ចូល​បាន​។
លោក បន្តថា យុវជន កាក់ សុវណ្ណ​ច្ឆ័​យ បាន​ដើរកាត់​ទីស្នាក់ការ ហើយក៏​ឃើញ​ទង់ជាតិ និង​ទង់​គណបក្ស នៅ​រប៉ាត់រប៉ាយ ហើយ​ចូល​តាម​ប្រឡោះ​របង ទៅក្នុង​ទីស្នាក់ការ ដើម្បី​ប្រមូល​ទង់​ទាំងនោះ​។ លោក​មេធាវី ថ្លែង​មកកាន់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​គាត់ អត់​យក​អី​ទេ​»​។ 
 
​កាលពីដើមឆ្នាំ​២០១៨ តុលាការ​រាជធានី​ភ្នំពេញ បាន​រឹបអូស​ជា​បណ្តោះ​អាស​ន្ត​នូវ​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​កម្មសិទ្ធិ​របស់​លោក សម រង្ស៊ី​។ ការ​រឹបអូស​នេះ គឺ​ដោយសារតែ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​បារាំង មិន​ព្រម​បង់ប្រាក់​សងជំងឺចិត្ត​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ 
 
​ក្នុង​ដីកា តុលាការ បាន​ប្រា​ប់លោក សម រង្ស៊ី ថា​៖«​ដើម្បី​ឲ្យ​មានការ​លុបចោល​នូវ​ការ​រឹបអូស​នេះ លោក សម រង្ស៊ី ត្រូវ​ផ្ញើ​ប្រាក់​តម្កល់​នៅ​តុលាការ​រាជធានី​ភ្នំពេញ ចំនួន​៤២៥0 លាន​រៀល ជា​ប្រាក់​រម្តោះ​»៕
 
 

Tag:
 CNRP
  ចាប់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com