ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP និង LDP ដាក់​ភ្នាក់ងារ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ច្រើនជាងគេ​
06, Oct 2020 , 4:52 pm        
រូបភាព
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ភ្នាក់ងារ​គណបក្សនយោបាយ​ដែល​បានដាក់​ពាក្យស្នើសុំ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​។ គិត​ត្រឹម​ថ្ងៃទី​៥ ខែតុលា ភ្នាក់ងារ​គណបក្ស​មាន​ជាង​៨៥០០​នាក់ ក្នុងនោះ​ពេញសិទ្ធិ​ជិត​២៩០០​នាក់ និង​បម្រុង​ជាង​៥៦០០​នាក់ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) មាន​ចំនួន​ច្រើនជាងគេ​។​

 
​តា​មគ​.​ជ​.​ប គណបក្ស​ចំនួន​៥​ហើយ​ដែល​បានដាក់​ភ្នាក់ងារ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​។ គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខជន​ពេញសិទ្ធិ​ជាង​១៦០០​នាក់ និង​បម្រុង​ជាង​២១០០​នាក់ ខណៈ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាន​បេក្ខជន​ពេញសិទ្ធិ​ជាង​១០០០​នាក់ និង​បម្រុង​ជិត​៣៤០០​នាក់​។​
 
​គណបក្ស​បី​ផ្សេងទៀត​ដែល​ដាក់​ភ្នាក់ងារ​សង្កេត​ការ​ផងដែរ​នោះ មាន គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​ពេញសិទ្ធិ​១៧២​នាក់ បម្រុង​១០៤​នាក់​), គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (​ពេញសិទ្ធិ​៨​នាក់ បម្រុង​៩​នាក់​) និង​គណបក្ស​យុវជន​កម្ពុជា (​ពេញសិទ្ធិ​១​នាក់​)​។​
 
​គ​.​ជ​.​ប បានលើកឡើង​ពី​ក្រមសីលធម៌​សម្រាប់​គណបក្សនយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្ស ពោលគឺ​ប្រការ​ដែល​ត្រូវ​ហាមឃាត់ ដូចជា ការរារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ការណែនាំ ឬ​ស្តីបន្ទោស​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ការជ្រៀតជ្រែក ការអុកឡុក បង្ក​ការរំខាន ការនិយាយ​ដោយផ្ទាល់​មាត់ ឬ​ប្រយោល ឬ​ជា​លាយលក្ខណ៍អក្សរ​ក្នុងន័យ​ប្រមាថ​មាក់ងាយ​ផ្សេងៗ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​បណ្តោះអាសន្ន​ថ្ងៃទី​៥ នៃ​ការចុះបញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០  បង្ហាញថា ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​ថ្មី​មាន​ជាង​១៨០០០​នាក់ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី មាន​ជាង​២២ ០០០​នាក់ អ្នក​ដែល​កែតម្រូវ​ទិន្នន័យ មាន​ជាង​១៨ ០០០​នាក់ និង​អ្នក​ផ្ទេរ​លំនៅ​មាន​ជាង​១៩ ០០០​នាក់​។​
 
​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៩ ខែតុលា​។ ពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០៣) អាច​ទៅ​ចុះឈ្មោះ​បោះឆ្នោត​បាន​ហើយ​៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com