អន្តរជាតិ
ភ្លើង​ឆេះ​អាគារ​៣៣​ជាន់​នៅ​កូរ៉េខាងត្បូង​, មនុស្ស​៨៨​នាក់​ចូល​មន្ទីរពេទ្យ​
09, Oct 2020 , 10:01 am        
រូបភាព
អាគារកម្ពស់៣៣ជាន់ដែលត្រូវភ្លើងឆេះ។ រូបភាព៖AP
អាគារកម្ពស់៣៣ជាន់ដែលត្រូវភ្លើងឆេះ។ រូបភាព៖AP
ដោយ:
​នៅវេលា​យប់​ថ្ងៃទី​៨ ខែតុលា អាគារ​ស្នាក់នៅ​កម្ពស់​៣៣​ជាន់​មួយកន្លែង​នៅ​ទីក្រុង Ulsan ត្រូវបាន​ភ្លើង​ឆាបឆេះ​ទាំងស្រុង ហើយ​មនុស្ស​ចំនួន​៨៨​នាក់​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​រាប់រយ​នាក់​ទៀត​ត្រូវ​ជម្លៀស​ពី​អគារ​។ នេះ​តាម​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង Yonhap​។​

 
​សាក្សី​ដែល​ឃើញ​ហេតុការណ៍​អះអាងថា ភ្លើង​ចាប់ផ្តើម​ឆេះ​ពី​ខាងក្រៅ នឹង​ដោយសារ​ខ្យល់​ខ្លាំង​ទើប​ធ្វើ​ឲ្យ​ភ្លើង ឆេះ​អាគារ​តែម្តង​។​ ​ភ្លើង​ឆេះ​អាគារ​នេះ​ត្រូវ ក្រុម​ពន្លត់​អគ្គិភ័យ​គ្រប់គ្រង​បាន​២​ម៉ោង​ក្រោយ ប៉ុន្តែ​ពុំទាន់​អាច​ពន្លត់​បាន​ទាំងស្រុង​នៅឡើយ​ទេ ដ្បិតអី​អណ្តាតភ្លើង​ឆាបឆេះ​ជាថ្មី​នៅពេល​មាន​ខ្យល់​បក់​ខ្លាំង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា​។​
 
​យ៉ាងហោចណាស់ មនុស្ស​៨៨​នាក់ ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ស្រូប​ផ្សែង​ដែល​ឆេះ​ក្នុង​អាគារ ប៉ុន្តែ​ពុំទាន់​មាន​អ្នកស្លាប់​នៅឡើយ​ទេ​។ អគ្គិភ័យ​នេះ ត្រូវបាន​គេ​សន្ម​ត់​ថា ផ្តើមឡើង​នៅ​ជាន់​ទី​១២ ដែលមាន​បន្ទប់​ស្នាក់នៅ​ចំនួន​១២០​បន្ទប់ និង​ហាង​លក់ទំនិញ​មួយចំនួន​។​
 
​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Chung Sye-kyun ទទូច​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​ធនធាន​ទាំងអស់​ដែលមាន​ដើម្បី​ពន្លត់ភ្លើង និង​ធានា​សុវត្ថិភាព​របស់​ប្រជាជន​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព​កូរ៉េខាងត្បូង លោក Chin Young ក៏បាន​ចុះទៅពិនិត្យ​ស្ថានការណ៍​ដល់​កន្លែងកើតហេតុ​ផងដែរ​៕

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com