អន្តរជាតិ
តើ​«​មេដែក​»​កើត​មកពីណា​? ហេតុអ្វី​បានជា​វា​អាច​ឆក់​វត្ថុ​ខ្លះ​បាន​?
10, Oct 2020 , 9:19 am        
រូបភាព
​ដោយ៖គី ចំណា
 
​រូបវិទ្យា​របស់​មេដែក ឬ​ដែក​ឆក់​ដែល​ភាសា​អង់គ្លេស​ហៅថា​«Magnet»​ត្រូវបាន​មនុស្ស​ប្រើប្រាស់​តាំងពី​សម័យ​បុរាណកាល​មក​ម្លេះ ជាពិសេស​គឺ​ការប្រើប្រាស់​ជា​ត្រីវិស័យ​ក្នុងការ​កំណត់​ទិសដៅ​នៅពេល​ធ្វើដំណើរ​។ មេរៀន​អំពី​មេដែក​ក៏ត្រូវ​បាន​គេ​ដាក់បញ្ចូល​នៅក្នុង​ការសិក្សា​របស់​កុមារ​តាំងពី​ថ្នាក់​តូច​មកម្ល៉េះ​ផងដែរ​។ បើ​មក​និយាយ​អំពី​សម្ភារៈប្រើប្រាស់​សព្វថ្ងៃ​វិញ មេដែក​ត្រូវបាន​គេ​បំពាក់​នៅក្នុង​ឧបករណ៍​ផលិត​សម្លេង ទូរ​សព្ទ​ដៃ កុំព្យូទ័រ កង្ហារ រថយន្ត ម៉ូតូ​។​ល​។ ទោះបីជា​មេដែក​ជា​វត្ថុ​មួយ​ដែល​ត្រូវបាន​មនុស្ស​យកមកប្រើ​ប្រាស់​ជាប្រចាំ​ក៏ដោយ​ក្តី តែ​លក្ខណៈ​រូបវិទ្យា​របស់​វា​ក៏​នៅតែ​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​មាន​ចម្ងល់ ជាពិសេស​ទៅលើ​ភាព​ឆក់​ទាញ​របស់​វា​។ ខាងក្រោម​នេះ​គឺជា​ការបកស្រាយ​ចេញពី​គេហទំព័រ​វិទ្យាសាស្ត្រ science.howstuffworks.com ។

 
​នៅក្នុង​ធម្មជាតិ ថ្ម Lodestone ដែលជា​ប្រភេទ​មួយ​នៃ​ថ្ម Magnetite ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេដែក​ធម្មជាតិ​ដែល​ខ្លាំងជាងគេ​។ វត្ថុ​ដែល​អាច ឬ​មិនអាច​ផលិត​ដែនម៉ាញេទិច​បាន​អាស្រ័យទៅលើ​«​តំបន់​ម៉ាញេ​ទិច​»​ដែលមាន​នៅក្នុង​វត្ថុ​នោះ ឬ​ហៅថា​«Magnetic Domains»​។ ដុំ​លោហៈ​មួយចំនួន​ដូចជា​ដែក នី​កែ​ល ឬ​កូ​បាល់​មាន​តំបន់​ម៉ាញេ​ទិច​បែរ​ទៅកាន់​ទិសដៅ​
​ខុសៗ​គ្នា​ជាច្រើន​កន្លែង​។ ការ​បែរ​ទៅកាន់​ទិសដៅ​ខុសៗ​គ្នា​នេះ​ធ្វើ​ឲ្យ​ដុំ​លោហៈ​ទាំងមូល​ដែល​បាន​រៀបរាប់​ខាងលើ​គ្មាន ឬ​មាន​ដែនម៉ាញេទិច​ខ្សោយ​។ ហេតុដូចនេះ យើង​មិនអាច​យក​ដែក​ធម្មតា​មួយ​ទៅ​ឆក់​ទាញ​ដុំ​ដែក​ធម្មតា​មួយទៀត​បាន​នោះទេ​។ ប៉ុន្តែ​នេះ​ពេលដែល​ដុំ​ដែក​ធម្មតា​នោះ​ត្រូវបាន​គេ​ដាក់​នៅ​ជិត​មេដែក ដែនម៉ាញេទិច​របស់​មេ​ដែក​អាច​បង្វែ​តំបន់​ម៉ាញេ​ទិច​នៅក្នុង​ដុំ​ដែក​នោះ​ពី​ទិសដៅ​ខុសៗ​មកកាន់​ទិសដៅ​តែមួយ ដែល​អាចធ្វើ​ឲ្យ​ដុំ​ដែក​ខិត​ទៅជិត​មេដែក​បាន​។  
 
​ដោយ​មិន​និយាយ​អំពី​ដំណើរការ​របស់​«​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​» (​ដែលជា​ប្រធានបទ​ស្រដៀង​គ្នា​មួយ​ផ្សេងទៀត​) ដែនម៉ាញេទិច​របស់​មេ​ដែក (​ដែល​ភាគច្រើន​មាន​វត្តមាន​នៅក្នុង​ល្បែង​លេង​កុមារ​) មាន​ប្រភព​មកពី​អាតូម (Atom) ដែលជា​ផង់​តូចៗ​ល្អិត​ខ្លាំង​មាននៅ​ក្នុង​មេដែក​ទាំងនោះ​។ ចំពោះ​មេដែក និង​ពពួក​លោហៈ​«Ferromagnetic Materials» ឬ «​វត្ថុ​ហ្វើ​រ៉ូ​ម៉ាញេ​ទិច​» លក្ខណៈ​អាតូម​របស់​ពួកវា​មាន​ភាពខុសគ្នា​បន្តិច​ពី​លក្ខណៈ​អាតូម​នៃ​វត្ថុ​ដែល​មិនអាច​ត្រូវបាន​ឆក់​ដោយ​មេដែក​។ វត្ថុ​ហ្វើ​រ៉ូ​ម៉ាញេ​ទិច​គឺជា​វត្ថុ​ទាំងឡាយណា​ដែល​អាច​ត្រូវបាន​ឆក់យក​ដោយ​មេដែក និង​ក៏​ជាវ​ត្ថុ​ដែលមាន​ភាពងាយស្រួល​ក្នុងការ​ត្រូវបាន​គេ​ប​ម្លែ​ង​ឲ្យ​ទៅជា​មេដែក​ផងដែរ​។ 
 
​តើ​ដែនម៉ាញេទិច​របស់​មេដែក​ទាំងនោះ​មាន​ប្រភព​មកពីណា​ឲ្យ​ពិតប្រាកដ​? បើទោះបីជា​មានការ​បកស្រាយ​ដូចខាងលើ​មែន​ក្តី ក៏​អ្នកជំនាញ​នៅតែ​មិនទាន់​អាច​កំណត់​ឲ្យ​ច្បា​ស់បាន​នៅឡើយ​ទេ​ថា​តើ​បាតុភូត​នេះ​មាន​ដើមកំណើត​មកពីណា និង​ពីអ្វី​។ ចំពោះ​«​មេដែក​ធម្មជាតិ​» ឬ «Natural Magnet» ដែល​កើតឡើង​ដោយ​ឯកឯង និង​មាននៅ​ក្នុង​ថ្ម​មួយចំនួន អ្នកជំនាញ​ខ្លះ​បាន​សន្មត​ថា​ពួកវា​កើតឡើង​នៅពេលដែល​វា​ត្រូវបាន​បាញ់​ដោយ​រន្ទះ​។ ចំណែកឯ​អ្នកជំនាញ​ខ្លះទៀត​បាន​និយាយថា មេដែក​ធម្មជាតិ​មាន​ដើមកំណើត​តាំងពី​កំណកំណើត​នៃ​ភពផែនដី​មកម្ល៉េះ ពោលគឺ​នៅពេលដែល​ម៉ាក​ម៉ា​របស់​ផែនដី​នៅមាន​ភាពងាយស្រួល​ក្នុងការ​បង្វែរ​ទិសដៅ​ម៉ាញេ​ទិច​ដោយ​ដែនម៉ាញេទិច​របស់​ផែនដី​។ ចំពោះ​«​មេដែក​ផលិត​ដោយ​មនុស្ស​» ឬ «Man-made magnet» ដែល​គេ​ប្រើប្រាស់​នៅក្នុង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​មួយចំនួន​ប្រចាំថ្ងៃ​វិញ ពួកវា​ត្រូវបាន​គេ​ផលិត​ដោយ​ការប្រើប្រាស់​វត្ថុ​ហ្វើ​រ៉ូ​ម៉ាញេ​ទិច​ដោយ​ដាក់​នៅក្រោម​ឥទ្ធិពល​នៃ​ដែនម៉ាញេទិច​ខ្លាំង នៅក្នុង​ឧបករណ៍​ជំនាញ​មួយ ដើម្បី​ឲ្យ​ដែក​ម៉ាញេ​ទិច​តូចៗ​របស់​លោហៈ​ទាំងនោះ (Magnetic Domains) បែរ​ទៅរក​ទិសដៅ​ដូចគ្នា បង្កើតបានជា​មេដែក​អចិន្ត្រៃយ៍ ឬ «Permanent magnet» ។ មេដែក​ផលិត​ដោយ​មនុស្ស​ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ប្រចាំថ្ងៃ​ជៀស​ជាង​មេដែក​ធម្មជាតិ ដោយសារតែ​មេដែក​ផលិត​ដោយ​មនុស្ស​អាចបង្កើត​ក​ម្លាំ​ង​ម៉ាញេ​ទិច​បាន​ខ្លាំង​ជាង និង​មានតម្លៃ​ធូរ​ថ្លៃ​នៅក្នុង​ការផលិត​។ 
 
​នៅក្នុង​ត្រីវិស័យ គេ​ប្រើប្រាស់​ម្ជុល​មេដែក​ធម្មតា​សម្រាប់​ការចង្អុល​ទិសដៅ​។ មេដែក និង​ផែនដី​មាន​ប៉ូល​ម៉ាញេ​ទិច​ចំនួន​ពីរ​ដូចគ្នា ដែល​ក្នុងនោះ​គឺជា​ប៉ូល​ជើង (N) និង​ប៉ូល​ត្បូង (S) ។ ដោយសារ​លក្ខណៈ​ធម្មជាតិ​របស់​មេដែក ប៉ូល​ដូចគ្នា ដែល​នៅ​ជិតគ្នា​មាន​ទំនោរ​ក្នុងការ​រុញ​គ្នា​ចេញ ចំណែកឯ​ប៉ូល​ខុសគ្នា​មាន​ទំនោរ​ក្នុងការ​ទាញ​គ្នា​ចូល​។ ដូច្នោះ​ហើយ នៅក្នុង​ករណី​ធម្មតា ប៉ូល​ខាងត្បូង​នៃ​ម្ជុល​មេដែក​នឹង​បែរ​ទៅរក​ប៉ូល​ខាងជើង​នៃ​ភពផែនដី ចំណែកឯ​ប៉ូល​ខាងជើង​នៃ​ម្ជុល​មេដែក​នឹង​បែរ​ទៅរក​ប៉ូល​ខាងត្បូង​នៃ​ភពផែនដី បើទោះបីជា​អ្នក​បែរ​ប្រអប់​ត្រីវិស័យ​ទៅកាន់​ទិស​ណា​ដ៏​ដោយ​។ 
 
​នៅក្នុង​ឧបករណ៍​ផលិត​សម្លេង​មួយចំនួន​ដូចជា​វិទ្យុ មេដែក​ត្រូវបាន​គេ​ប្រើប្រាស់​ដោយ​លាយឡំ​ជាមួយនឹង​ថាមពលអគ្គីសនី​។ លំនាំ​នេះ​ត្រូវបាន​គេ​ហៅថា «​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​» ឬ «Electromagnetism» ។ កម្លាំង​អគ្គីសនី​មានលទ្ធភាព​ក្នុងការ​ធ្វើ​ឲ្យ​មេដែក​មាន​ភាព​រំ​ញ័រ​នៅក្នុង​កម្រិត​ច្បាស់លាស់​ណាមួយ​ដើម្បី​ផលិត​សម្លេង​ចេញមកក្រៅ​ជាមួយនឹង​កម្រិត​ហ្វ្រេ​កង់​ខុសៗ​ជាច្រើន​។ គេ​ក៏​ប្រើប្រាស់​លំនាំ​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​នៅក្នុង​កង្ហារ ឬ​រថយន្ត​ដើរ​ដោយ​ថាមពលអគ្គីសនី​មួយចំនួន​ផងដែរ​។ វា​ដំណើរការ​ជាមួយនឹង​ការប្រើប្រាស់​កម្លាំង​អគ្គីសនី​ទៅលើ​មេដែក​ដើម្បី​បង្កើត​កម្លាំងរ​ង្វិ​ល​ជុំ​របស់​ស្លាប​កង្ហារ ឬ​កង់​របស់​រថយន្ត​។ 

© រក្សាសិទ្ធិដោយ thmeythmey.com