COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ចូលរួមកម្មវិធីចែកវ៉ាក់សាំង COVID-19 របស់ WHO និងផ្ដល់អាទិភាពឲ្យប្រទេសកំពុងអភិវឌ្ឍ
10, Oct 2020 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ: កង ម៉េងហុង
 
ចិនបានប្រកាសនៅថ្ងៃសុក្រទី ៩ ខែតុលាថា ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO)។ ចិនក្លាយជាមានសេដ្ឋកិច្ចធំជាងគេដែលចូលក្នុងកម្មវិធីដែឡបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយសមភាព និងមានតម្លៃសមរម្យមួយនេះ។ ចិនក៏ប្រកាសផ្ដល់អាទិភាពដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលវ៉ាក់សាំងផងដែរ។

 
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ ខែតុលាថា ប្រទេសចិនមានសមត្ថភាពផលិតវ៉ាក់សាំង COVID 19  ហើយនឹងផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍនៅពេលដែលការផលិតវ៉ាក់សាំងបានរួចរាល់។ សេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិតសពីកម្រិតនៃការគាំទ្រដែលទីក្រុងប៉េកាំងនឹងផ្តល់ដល់កម្មវិធីនេះឡើយ។ 
 
ទោះយ៉ាងណាប្រធានាធិបតីស៊ី ជិនភីង បានសន្យាកាលពីខែឧសភាថា នឹងជួយដល់អង្គការសុខភាពពិភពលោកចំនួន ២ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដើម្បីជួយដោះស្រាយជាមួយនឹងជំងឺរាតត្បាតដែលបានសម្លាប់មនុស្សអស់ជាង១លាននាក់រហូតមកដល់បច្ចុប្បន្ននេះ។ ជាមួយគ្នានេះផងដែរ ប្រទេសចិនក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយប្រទេសពាក់ព័ន្ធតាមរយៈបណ្តាញ COVAX ដែរ។
 
«ចិននឹងបន្តធ្វើការរួមគ្នាជាមួយដៃគូ COVAX និងរួមចំណែករបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដើម្បីការពារសុវត្ថិភាពនិងសុខភាពមនុស្សទាំងអស់។ នេះគឺជាជំហានសំខាន់មួយរបស់ចិនដែលអនុវត្តគោលការណ៍សហគមន៍សុខភាពរួមគ្នាសម្រាប់ទាំងអស់គ្នា» ។ នេះជាលើកឡើងរបស់ លោកស្រី Hua ដែលបន្ថែមថា វ៉ាក់សាំងរបស់ចិន នឹងត្រូវឲ្យប្រើជាសាធារណៈផងដែរ។
 
បណ្តាប្រទេសនិងតំបន់ចំនួន ១៦៨ បានប្រកាសការចូលរួមរួចហើយនៅក្នុង COVAX ដែលរួមទាំងប្រទេសអ្នកមានចំនួន៧៦។ ប៉ុន្តែអាមេរិក និងរុស្ស៊ីមិនបានចូលរួមក្នុងកម្មវិធីនេះទេ។
 
COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកមានបំណងចែកចាយវ៉ាក់សាំងយ៉ាងហោចណាស់ ២ ពាន់លានដូសនៅចុងឆ្នាំ ២០២១។ COVAX ត្រូវបានបង្កើតឡើងដើម្បីរារាំងប្រទេសមួយចំនួនពីការទិញវ៉ាក់សាំង COVID 19   ស្តុកទុក ហើយផ្តោតលើការផ្តល់វ៉ាក់សាំងដំបូងចំពោះអ្នកដែលមានហានិភ័យខ្ពស់បំផុតនៅតាមប្រទេសនីមួយៗ៕
 
 
 
 
 

Tag:
 ចិន
  COVID-19
  COVAX
© រក្សាសិទ្ធិដោយ thmeythmey.com