COVID-19
អន្តរជាតិ
ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​ពិភពលោក​កើនឡើង​ដល់​ជាង ៣៧ លាន​ករណី​
12, Oct 2020 , 7:59 pm        
រូបភាព
​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មួយ​នៅ​មន្ទីរពេទ្យ Severo Ochoa ជាយក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​
​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មួយ​នៅ​មន្ទីរពេទ្យ Severo Ochoa ជាយក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​
ដោយ: VOA
​សាកលវិទ្យាល័យ Johns Hopkins នៅក្នុង​សហរដ្ឋអាមេរិក បាន​រាយការណ៍​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា នៅ​ទូទាំង​ពិភពលោក មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជាង ៣៧ លាន ២ សែន​ករណី និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​ជាង ១ លាន​ករណី​។​

 
​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជាង ៧ លាន ៧ សែន​ករណី ដែលជា​ចំនួន​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​។​
 
​ទោះជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​ផ្នែក​សុខភាព​សាធារណៈ​រំពឹងថា ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​ឥណ្ឌា​នឹង​កើនឡើង​លើស​សហរដ្ឋអាមេរិក​ទៅទៀត​។ ឥណ្ឌា​បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​មាន​ករណី​ឆ្លង​ជំងឺ​នេះ​សរុប​ចំនួន​ជាង ៧ លាន​ករណី​។​
 
​ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមកនេះ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៧៤.៣៨៣ ករណី​។​
 
​ប្រទេស​ប្រេ​ស៊ី​ល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​ជាង ១ សែន ៥ ម៉ឺន​ករណី​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​។ បើ​យោងតាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins មានតែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ដែលមាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​ជាង ២១៤.០០០ ករណី ដែល​ច្រើនជាង​ប្រទេស​ប្រេ​ស៊ី​ល​នោះ​។​
 
​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ដែល​ប្រកាន់​ទស្សនៈ​ស្ដាំនិយម​លោក Jair Bolsonaro បាន​និយាយ​សម្រាល​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងច្រើន​នៅក្នុង​ប្រទេស​នេះ ខណៈដែល​ខ្លួន​លោក​ផ្ទាល់​ក៏បាន​ឆ្លង​ជំងឺ​នេះ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com