COVID-19
អន្តរជាតិ
Microsoft នឹង​អនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​ជា​អចិន្ត្រៃយ៍ បើ​ពួកគេ​ចង់​
13, Oct 2020 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖​កង ម៉េង​ហុង
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​រាយការណ៍​នៅ​ថ្ងៃទី​៩ ខែតុលា​ថា ក្រុមហ៊ុន software យក្ស​របស់​អាមេរិក Microsoft នឹង​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់ខ្លួន​ធ្វើការ​ពី​ផ្ទះ​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​ពួកគេ​ជ្រើសរើស​ធ្វើ​បែប​នោះ​។ ព័ត៌មាន​នេះ លេចឡើង​ខណៈដែល​ស្ថានភាព COVID-19 នៅ​មិនទាន់​ថមថយ​នៅឡើយ​។​

 
​វេ​ប​សាយ​ព័ត៌មាន​បច្ចេកវិទ្យា​អាមេរិក The Verge ផ្សាយ​ថា បុគ្គលិក​ក្រុមហ៊ុន Microsoft ភាគច្រើន​នៅតែ​បន្តធ្វើ​កា​ពី​ផ្ទះ​ខណៈដែល​វិបត្តិ​សុខាភិបាល COVID-19 នៅតែ​បន្ត​។ ជាមួយគ្នានេះ  ក្រុមហ៊ុន​នេះ​ក៏​មិន​រំពឹងថា នឹង​បើក​ការិយាល័យ​របស់ខ្លួន​នៅ​អាមេរិក​វិញ​ទេ​រហូតដល់​ខែមករា ដើមឆ្នាំ​ក្រោយ​ដែរ​។ 
 
​ប៉ុន្តែ​នៅពេលដែល​ក្រុមហ៊ុន​បើក​ដំណើរការ​ឡើងវិញ​នោះ បុគ្គលិក​អាច​ជ្រើសរើស​ធ្វើការ​ពី​ផ្ទះ​ជា​អចិន្ត្រៃយ៍​ដោយមាន​ការយល់ព្រម​ពី​អ្នកគ្រប់គ្រង ទោះបីជា​ពួកគេ​នឹងត្រូវ​បោះបង់​កន្លែង​របស់​ពួកគេ​នៅក្នុង​ការិយាល័យ​ក្ដី​។ យ៉ាងណាមិញ The Verge បាន​រាយការណ៍​ថា និ​យោ​ជិ​ក​មួយចំនួន​នឹង​មិនមាន​សិទ្ធិ​ទទួលបាន​ការរៀប​ចំកា​រងារ​ពី​ចម្ងាយ ដូចជា​អ្នក​ដែល​ធ្វើការ​នៅក្នុង​មន្ទីរពិសោធន៍​របស់ Microsoft ឬ​ការបណ្តុះបណ្តាល​ផ្សេង​ទៀតឡើយ​។​
 
​នៅក្នុង Blog សាធារណៈ​មួយ លោកស្រី Kathleen Hogan ប្រធាន​ធនធានមនុស្ស​របស់​ក្រុមហ៊ុន Microsoft បាន​និយាយថា ក្រុមហ៊ុន​ចាត់ទុក​ការ​ចំណាយពេល​តិចជាង ៥០ ភាគរយ​នៃ​ពេលវេលា​ធ្វើការ​ពី​ផ្ទះ​របស់​បុគ្គលិក​ជា​ស្តង់ដារ​មួយ​។ ប៉ុន្តែ​ក្រុមហ៊ុន នឹងមិន​បោះបង់ចោល​ការងារ​ការិយាល័យ​ទាំងស្រុង​នោះទេ​។  
 
«​ជំងឺ​រាតត្បាត COVID-19 បាន​ជំរុញ​ឲ្យ​យើងទាំងអស់គ្នា គិត រស់នៅ និង​ធ្វើការ​តាមរបៀប​ថ្មី​»​។ លោកស្រី Hogan បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ទៅកាន់​បុគ្គលិក​ដែល​ទទួលបាន​ដោយ The Verge ។ 
 
​នៅក្នុង​លិខិត​ផ្ទៃក្នុង​របស់ខ្លួន ក្រុមហ៊ុន​ដែល​បង្កើតឡើង​ដោយ Bill Gates មួយ​នេះ​បាន​និយាយថា បុគ្គលិក​របស់ខ្លួន​អាច​ផ្លាស់​ទីលំនៅ​នៅ​ទូទាំង​សហរដ្ឋអាមេរិក ឬក៏​ទៅ​បរទេស​។ ចំពោះ​អ្នក​ដែល​ផ្លាស់ប្តូរ​ទីលំនៅ ប្រាក់ខែ​របស់​ពួកគេ​ផ្លាស់ប្តូរ​អាស្រ័យ​លើ​កន្លែង​ដែល​ពួកគេ​ទៅហើយ ខណៈពេលដែល​ក្រុមហ៊ុន​នឹង​ចំណាយ​លើ​ការចំណាយ​សម្រាប់​ការិយាល័យ​នៅក្នុង​ផ្ទះ​របស់​និ​យោ​ជិ​ក ប៉ុន្តែ​មិន​ចំណាយ​លើ​ការផ្លាស់​ទីលំនៅ​នោះទេ​។​
 
​គិត​ត្រឹម​ចុងខែ​មិថុនា ក្រុមហ៊ុន Microsoft បានផ្តល់​ការងារ​ដល់​បុគ្គលិក​ចំនួន​១៦៣,០០០​នាក់​ក្នុងនោះ​មាន ៩៦,០០០ នាក់​នៅ​សហរដ្ឋអាមេរិក​។ 
 
​តាមពិតទៅ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​មួយចំនួន​បានអនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ការងារ​ជា​អចិន្ត្រៃយ៍​ពី​ផ្ទះ​ខណៈដែល​ស្ថានភាព COVID-19 នៅ​មិនទាន់​ស្រាកស្រាន្ត​។ ក្រុមហ៊ុន Facebook ដែលមាន​ស្ថា​និក​លោក Mark Zuckerberg បាន​និយាយថា បុគ្គលិក​ពាក់កណ្តាល អាចធ្វើ​ការ​ជា​អចិន្ត្រៃយ៍​ពី​ចម្ងាយ​ក្នុង​រយៈពេល​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com