ជាតិ
កីឡាជាតិ
MMA៖ តក់ សោ​ភ័ណ្ឌ ត្រៀម​ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះ​ម៉ា​ឡេ​ស៊ី​ម៉ោង ៦ យប់​នេះ
15, Nov 2013 , 2:41 pm        
រូបភាព
ដោយ:
អ្នក​ប្រដាល់​យុទ្ធ​សិល្ប៍​ចម្រុះ តក់ សោភ័ណ្ឌ របស់​កម្ពុជា ត្រៀម​ខ្លួន​ឡើង​សង្វៀន​ប៉ះ​កីឡាករ ​ Saiful Merican ​​ របស់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ក្នុង​ប្រភេទ​ទម្ងន់​ ៥៦,៦ គីឡូក្រាម នៅ​​សង្វៀន Putra Stadium ​​ក្នុង​​ការ​ប្រកួត MMA របស់ One FC ​កណ្ដាល​​ទីក្រុង​​​​កូឡាឡាំពួរ​​ វេលា​ម៉ោង ៦ យប់​ថ្ងៃ​ទី ១៥ វិច្ឆិកា​​នេះ ស្រប​ពេល​​ទូរទស្សន៍ MY TV នឹង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់។

 

ចំពោះ តក់ សោភ័ណ្ឌ នេះ​ជា​លើក​ដំបូង​ហើយ​​ដែល​ចេញ​ទៅ​ឡើង​សង្វៀន​នៅ​ក្រៅ​ប្រទេស​ក្នុង​នាម​ជា​កីឡាករ MMA។ បើ​និយាយ​ពី​ប្រវត្តិ​ប្រដាល់​​កាល​នៅ​ជា​កីឡាករ​ក្បាច់​ខ្មែរ​បុរាណ ត្រឹម​​វ័យ​ត្រឹម ២១ ឆ្នាំ តក់ សោភ័ណ្ឌ ធ្លាប់​ឡើង​សង្វៀន​ប្រកួត​ឈ្នះ ​៥០​ដង ចាញ់​១៤​ដង និង​ស្មើ​១​ដង។ ២ ប្រកួត​​ក្នុង ​ការ​ប្រកួត​ក្បាច់​ប្រដាល់​ចម្រុះ​របស់​គេ​ ឈ្នះ​ទាំង ២ លើក ពោល​គឺ​​ឈ្នះ​ Dave Newbrook ​ របស់​អង់គ្លេស​កាល​​ខែ​ឧសភា និង​ ​ឈ្នះ​កីឡាករ សុខ ចិន្ដា ​កាល​ខែ​​កញ្ញា​កន្លង​ទៅ នៅ​សង្វៀន ស៊ីធីអិន។   

ចំណែក​ឯ​​កីឡាករ​ជាតិ​ម៉ាឡេស៊ី Saiful Merican វិញ​ធ្លាប់​ហ្វឹកហាត់​​ប្រដាល់​ថៃ (Mauy Thai) ​តាំង​ពី​អាយុ​១២​ឆ្នាំ មក​ម៉្លេះ ដោយ​កំណត់​ត្រា​ឡើង​សង្វៀន​បាន ១២៥ លើក​មុន​ប្ដូ​មក​ប្រកួត MMA។ យោង​តាម​គេហទំព័រ hefightnation.com កីឡាករ​ម៉ាឡេស៊ី វ័យ ២៤ ឆ្នាំ​រូប​នេះ​​ធ្លាប់​ឡើង​ប្រកួត MMA ចំនួន ២ លើក​រួច​មក​ហើយ ដោយ​​ប្រកួត​ដំបូង​ចាញ់​មិត្តរួម​ជាតិ Gianni Subba ត្រឹម​ទឹក​ទី២ និង ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ Aditya Deshpande ដោយ​ពិន្ទុ។   

កីឡា​ករ តក់ សោភ័ណ្ឌ ជា​អ្នក​ប្រយុទ្ធ MMA ​ឆ្លង​ដែន​ទី៣ របស់​កម្ពុជា​ហើយ ដែល​ទៅ​ឡើង​សង្វៀន​ក្នុង​ព្រឹត្តិ​ការណ៍ One Fighting Championship នៅ​ឯ​ក្រៅ​ប្រទេស បន្ទាប់​ពី កីឡាករ ឡុង សុភី ជា​​កីឡាករ​ដំបូង​តែ​ចាញ់ ​​កីឡាករ​ឥណ្ឌូណេស៊ី ត្រឹម​ទឹក​ទី​២​ និង កីឡាករ ឃឹម ឌីម៉ា ប្រកួត​ជាមួយ​កីឡាករ​ហ្វីលីពីន តែ​​លទ្ធផល​ត្រូវ​ចាត់​ទុក​ជា​មោឃៈ។   

មាន​តែ​រង់ចាំ​មើល​នៅ​យប់​នេះ​ទេ​ថា តើ តក់ សោភ័ណ្ឌ ដើរ​តាម​ផ្លូវ រាម​ច្បង​ទាំង ២ ឬ ជ្រើស​ផ្លូវ​ឈ្នះ​សម្រាប់​ខ្លួន​ឯង?     

រូបថត ONE Fighting Championship
 

© រក្សាសិទ្ធិដោយ thmeythmey.com