សង្គមអន្តរជាតិ​
អន្តរជាតិ
លោក អាន់​វ៉ា ត្រូវ​ប៉ូលិស​កោះហៅ​រឿង​បញ្ជី​ឈ្មោះ​សមាជិកសភា​គាំទ្រ​លោក​ធ្វើ​នាយករដ្ឋមន្ត្រី​
15, Oct 2020 , 3:39 pm        
រូបភាព
មេដឹកនាំបក្សប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងអំឡុងសន្និសីទព័ត៌មានមួយ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ។ រូបភាព៖ AFP
មេដឹកនាំបក្សប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងអំឡុងសន្និសីទព័ត៌មានមួយ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ។ រូបភាព៖ AFP
ដោយ:
ប៉ូលិស​ម៉ាឡេស៊ី នោ​ថ្ងៃទី ១៥ ខែតុលា បាន​អះអាង ពួកគេ​បាន​កោះហៅ​មេដឹកនាំ​បក្សប្រឆាំង លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដើម្បី​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​បញ្ជី​ឈ្មោះ​សមាជិកសភា​ដែល​បញ្ជាក់ថា​គាំ ទ្រ​លោក​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​។ បញ្ជី​ឈ្មោះ​នេះ បាន​បែកធ្លាយ​លើ​បណ្ដាញ​សង្គម​ម៉ាឡេស៊ី ហើយ​ត្រូវបាន​អ្នកលេង​អ៊ីនធឺណិត​ចែកចាយ​យ៉ាង​សុសសាយ​។ ក្រោយ​លេច​ធ្លាយ​បញ្ជី​ឈ្មោះ​នេះ ប៉ូលិស​អះអាងថា​ទទួល​ពាក្យបណ្ដឹង​ជាង​១០០​ហើយ​។

 
 
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ផ្នែក​ព្រហ្មទណ្ឌ​ម៉ាឡេស៊ី លោក Huzir Mohamed បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​កោះហៅ​ឲ្យ​ផ្ដល់​ចម្លើយ​នៅ​ប៉ុស្តិ៍ប៉ូលីស នា​ថ្ងៃទី ១៦ ខែតុលា ក្រោយ​មាន​ពាក្យបណ្ដឹង​ជុំវិញ​បញ្ជី​ឈ្មោះ​សមាជិកសភា​ទាំង​១២១​នាក់​បែកធ្លាយ​លើ​បណ្ដាញ​សង្គម ដែល​បាន​អះអាងថា ពួកគេ​គាំទ្រ​លោក​អាន់​វ៉ា​បង្កើត​រដ្ឋាភិបាល​ថ្មី​។ 
 
«​មកទល់ពេលនេះ ប៉ូលិស​ទទួលបាន​ពាក្យបណ្ដឹង​សរុប​១១៣​ហើយ​»​។ លោក Huzir បញ្ជាក់​បែបនេះ ដោយ​ត្រូវបាន​ដកស្រង់​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ប៉ូលិស​ម៉ាឡេស៊ី ពុំបាន​លម្អិត​លើ​បញ្ហា​ប្ដឹងផ្ដល់​ទាំង​នេះឡើយ ក៏ប៉ុន្តែ​លោក Huzir បាន​លើកឡើងថា ការស៊ើបអង្កេត​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​អនុលោម​តាមច្បាប់​ព្រហ្មទណ្ឌ និង​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ទោសទណ្ឌ​សម្រាប់​បទល្មើស​ទាំងនេះ អាច​ប្រឈម​ជាប់គុក​រហូតដល់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​។ 
 
​លោក អាន់​វ៉ា កាលពី​ថ្ងៃទី​១៣ ខែតុលា បាន​ចូលគាល់​ស្ដេច​ម៉ាឡេស៊ី ក្នុង​គោលដៅ​បង្ហាញ​ទ្រង់​ថា​លោក​ពិតជា​មានការ​គាំទ្រ​សំឡេង​ភាគច្រើន​គ្រប់គ្រាន់​ក្នុង​សភា ដើម្បី​ឡើងកាន់​ជំនួស​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន Muhyiddin Yassin និង​បង្កើត​រដ្ឋាភិបាល​ថ្មី​។ 
 
​នៅ​សន្និសីទ​ព័ត៌មាន​មួយ ក្រោយ​ជំនួប​ជាមួយ​មហាក្សត្រ​រួច មេដឹកនាំ​បក្សប្រឆាំង អាន់​វ៉ា បាន​និយាយថា លោក​មាន​សំឡេងគាំទ្រ​ពី​សមាជិកសភា​ជាង​១២០​នាក់​ឲ្យ​លោក​ឡើងកាន់តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល ។ យ៉ាងណាមិញ ខាង​រាជវាំង​ម៉ាឡេស៊ី ក្រោយមក បាន​អះអាងថា លោក អាន់​វ៉ា បានផ្ដល់​តែ​តួលេខ​សមាជិកសភា​ដែល​បញ្ជាក់ថា​គាំទ្រ​លោក​ប៉ុណ្ណោះ តែ​មិន​បង្ហាញ​អត្តសញ្ញាណ​សមាជិកសភា​ទាំង​នោះឡើយ​៕
 

Tag:
 ម៉ាឡេស៊ី​
  អាន់​វ៉ា អ៊ីប្រាហ៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com