COVID-19
អន្តរជាតិ
ចិន​៖ មន្ត្រី​ក្រុង​ឈី​ង​តាវ Qingdao ពីរ​នាក់ រង​ពិន័យ ក្រោយ​ផ្ទុះ COVID-19
16, Oct 2020 , 9:38 am        
រូបភាព
ដោយ៖​កង ម៉េង​ហុង
 
​ទីក្រុង Qingdao របស់​ប្រទេស​ចិន​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ពីររូប​ពាក់ព័ន្ធ​ការផ្ទុះ​ការឆ្លង​ជំងឺ COVID-19 ក្នុង​ទីក្រុង​មួយ​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​អាជ្ញាធរ​ទីក្រុង​នៅ​ថ្ងៃទី​១៥ ខែតុលា​។

 
​ប្រធាន​គណៈកម្មការ​សុខាភិបាល​របស់​ទីក្រុង​ឈី​ង​តាវ ត្រូវ​ព្យួរការងារ ហើយ​ប្រធាន​មន្ទីរពេទ្យ Qingdao Chest ដែលជា​ប្រភព​ករណី​ឆ្លង​ថ្មីៗ​នេះ ត្រូវបាន​បាន​បណ្តេញ​ពី​តំណែង​។ ករណី​ឆ្លង​នេះ បានបញ្ចប់​ការ​គ្មាន COVID 19 ក្នុងប្រទេស​អំឡុងពេល​ជាង ២ ខែ​មកនេះ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​Xinhua ផ្សាយ​ថា ទីក្រុង Qingdao បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មីៗ​ចំនួន ១៣ ដែល​ភាគច្រើន​ជាប់ទាក់ទង​មន្ទីរពេទ្យ Qingdao Chest ទី​ដែល​អ្នកធ្វើដំណើរ​ឆ្លង​មកពី​បរទេស​មាន COVID-19 ត្រូវបាន​ព្យាបាល​នៅក្នុង​តំបន់​ដាច់ដោយឡែក​។ ករណី​មួយ​ក្នុងចំណោម​ករណី​ទាំងនោះ​កើត​លើក​ម្មករ​ធ្វើការ​នៅក្នុង​កំពង់ផែ​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន ប៉ុន្តែ​ការវិវត្ត​របស់​រោគសញ្ញា​បាន​កើតឡើង​បន្ទាប់ពី​ឆ្លង​ប្រហែល ២០ ថ្ងៃ​។​
 
​ទីក្រុង​ឈី​ង​តាវ បានប្រកាស​នៅ​សប្តាហ៍​នេះ​ថា ខ្លួន​នឹងធ្វើ​តេស្ត​ប្រជាជន​របស់ខ្លួន​ទាំងអស់​ចំនួន ៩ លាន​នាក់​ក្នុង​រយៈពេល ៥ ថ្ងៃ​។ របាយការណ៍​ចុងក្រោយ​បាន​បង្ហាញថា ប្រជាជន​ជាង ៧ លាន​មាន​លទ្ធផល​អវិជ្ជមាន​។ 
 
​ចិន​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​ដូចជា​ការធ្វើ​យុទ្ធនាការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​នៅពេលដែល​លេចចេញ​នៅ​ការឆ្លង​ជា​ចង្កោម​។ ជាមួយ​វិធានការ​តឹងរ៉ឹង ចិន​អាច​គ្រប់គ្រង​ករណី​ឆ្លង​ជាទូទៅ​បាន​។​
 
​ចំនួន​ករណី​ឆ្លង COVID 19 នៅ​ចិនដីគោក​មាន​ចំនួន ៨៥,៦២២ នាក់ និង​មាន​អ្នកស្លាប់​ចំនួន ៤,៦៣៤ នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com