អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ភេសជ្ជៈ៤៥០០កេស និងអង្ករ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់
20, Oct 2020 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ ដែលបានផ្តួចផ្តើមយុទ្ធនាការ«ទឹកចិត្តកម្ពុជា» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ នៅក្នុងកំឡុងពេលដែលកម្ពុជា កំពុងជួបគ្រោះមហន្តរាយទឹកជំនន់។ 
 
យុទ្ធនាការ«ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានប្រគល់ជូនលោក ហ៊ុន ម៉ាណែត នាពេលនេះរួមមាន ថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក អង្ករចំនួន២០០តោន ទឹកសុទ្ធ៣ ០០០កេស ភេសជ្ជៈទឹកក្រូចទាំង៣ រសជាតិ (IZE Cola, IZE Fruit Punch និងIZE Lemon)ចំនួន១ ០០០កេស និងភេសជ្ជៈប៉ូវកម្លាំង វើក ៥០០កេស។ 
 




លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖«យុទ្ធនាការ”ទឹកចិត្តកម្ពុជានេះ” គឺការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាព ជួយគ្នាទៅវិញទៅមក រវាងសមរភូមិមុខ និងសមរភូមិក្រោយ គ្រប់កាលៈទេសៈ»។
 


លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះកាលពីថ្ងៃទី១៩ តុលា ឆ្នាំ២០២០កន្លងទៅនៅក្នុងជំនួប សម្តែងការគួរសម និងប្រគល់ជូនអំណោយ រវាងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយលោក លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល និងលោក លាង ម៉េង ប្រធានក្រុម អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់។


លោក លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖«ការឧបត្ថម្ភជាថវិកា និងសម្ភារនៅពេលនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងបច្ចុប្បន្នភាព នៃគ្រោះទឹកជំនន់ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងកងកម្លាំងប្រដាប់អាវុធ ក្នុងគ្រាមានអាសន្ននេះ»។ 
យុទ្ធនាការ"ទឹកចិត្តកម្ពុជា"គឺជាយុទ្ធនាការផ្ដួចផ្ដើមឡើង ដោយទឹកបរិសុទ្ធកម្ពុជា ដែលជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង៕
 

 





(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com