លោក Keisuke Honda៖ ខ្ញុំ​សោកស្តាយ​ដែល​មិនបាន​ជួយ​ជនរងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​
កីឡាជាតិ
ជាតិ
លោក Keisuke Honda៖ ខ្ញុំ​សោកស្តាយ​ដែល​មិនបាន​ជួយ​ជនរងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​
21, Oct 2020 , 7:29 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda បានបង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​ជនរងគ្រោះ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឺ​ក​ភ្លៀង​នៅ​កម្ពុជា​។ ទន្ទឹមនឹង​បង្ហាញ​ការព្រួយបារម្ភ បុរស​វ័យ​៣៤​ឆ្នាំ​រូបនេះ អះអាងថា លោក​នឹង​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

 
«​ខ្ញុំ​សុំទោស​ចំពោះ​ជនរងគ្រោះ និង​គ្រួសារ​សម្រាប់​ជំនន់​ទឺ​ក​ភ្លៀង​ដ៏​ធ្ងន់ធ្ងរ​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ ដែល​មិន​អាចជួយ​អ្នក​ទាំងអស់គ្នា​។ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ចំពោះ​អ្នក​រាល់គ្នា​។ មាន​ពាក្យ​មួយ​ដែល​ខ្ញុំ​អាច​និយាយ គឺ​សូម​ឲ្យ​មាន​សុវត្ថិភាព និង​រឹងមាំ​»​។ លោក Keisuke Honda បានបង្ហាញ​អារម្មណ៍​បែបនេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​។ 
 
​ខ្សែបម្រើ​លេង​ឲ្យ​ក្លិប Botafogo របស់​ប្រេ​ស៊ី​ល​រូបនេះ​បានបញ្ជាក់​ក្នុង​សារ​នោះ​ថា លោក​នឹង​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ប៉ុន្តែ លោក មិនបាន​បញ្ជាក់​លម្អិត​ពី​ពេលវេលា ថា​នឹង​មក​ថ្ងៃ​ណា និង​មក​ក្នុង​គោលបំណង​អ្វី​ឡើយ​។ 
 
​ការសរសេរ​សារ​ចូលរួម​សោកស្តាយ និង​បង្ហាញ​ក្តីបារម្ភ​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ ធ្វើឡើង​ស្របពេល​ប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​កំពុង​ជួប​ទុក្ខលំបាក ពី​ការរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឺ​ក​ភ្លៀង​បាន​បង្ក​ផលប៉ះពាល់​ដល់​រាជធានី​ខេត្ត​ចំនួន​១៩ ក្នុងនោះ​ប្រជាពលរដ្ឋ​ជាង​៣០​ម៉ឺន​នាក់​បាន​រង​ផលប៉ះពាល់ និង​ជាង​៧​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។​
 
​បើតាម​របាយការណ៍​ក្នុង​ថ្ងៃ​ដដែល​នោះ ប្រជាជន​ពលរដ្ឋ​ចំនួន​៣៤​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​នេះ​។ ជំនន់​ទឹកភ្លៀង​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ថ្ងៃនេះ ក៏បាន​ធ្វើ​ឲ្យ​ផលដំណាំ​កសិកម្ម​ជាង​៣០​ម៉ឺន​ហិកតា​រង​ផលប៉ះពាល់ និង​ជាង​៧​ម៉ឺន​ហិកតា​ត្រូវបាន​ខូចខាត​ផងដែរ​៕   
 
 

Tag:
 Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com