ជាតិ
ក្រសួងកសិកម្ម ត្រៀម​ពូជស្រូវ ៤ ៦០០ តោន ដើម្បី​ស្ដារ​ស្រូវ​ដែល​ខូចខាត​
22, Oct 2020 , 8:59 am        
រូបភាព
 រូបភាពពីគេហទំព័រក្រសួងព័ត៌មាន
រូបភាពពីគេហទំព័រក្រសួងព័ត៌មាន
ដោយ:
​ក្រសួងកសិកម្ម នឹង​ត្រៀម​ពូជស្រូវ ៤,៦០០​តោន ដើម្បី​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ ក្រោយ​គ្រោះទឹកជំនន់​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ប្រាប់ Thmeythmey25 ថា​ក្រៅពី​ពូជស្រូវ ក្រសួង​ក៏មាន​ពូជ​ដំណាំ​ផ្សេងៗ​១៦​តោន​ផងដែរ ដើម្បី​ចែកជូន​ប្រជាកសិករ​។



​តាម​ការវាយតម្លៃ​បឋម ស្រូវ​ដែល​ខូចខាត​មាន​ចំនួន ៤.៦​ម៉ឺន​ហិកតា ក្នុងនោះ​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​រងគ្រោះ​ខ្លាំងជាងគេ​ង​។ ដូច្នេះ​ដើម្បី​ស្ដារឡើងវិញ​ក៏ត្រូវ​ការ​ពូជស្រូវ​ចំនួន ៤៦០០​តោន​ដែរ​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​សារព័ត៌មាន ThmeyThmey25​។ 
 
​លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន ពូជស្រូវ​ដែល​ក្រសួងកសិកម្ម​មាន​ស្រាប់ គឺ​តែ​១ ៨០០ តោន​ប៉ុណ្ណោះ ហើយ​ក្រសួង​កំពុង​ស្នើសុំ​ទិញ​ពូជស្រូវ ចំនួន​២០០០​តោន​បន្ថែមទៀត​។ ក្រៅពី​ពូជស្រូវ ក្រសួងកសិកម្ម ក៏មាន​គ្រាប់ពូជ​ដំណាំ​ផ្សេងៗ ចំនួន​១៦​តោន​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់ លោក វេ​ង សាខុន​។ 
 
​បើទោះជា​ត្រូវ​ត្រៀម​គ្រាប់​ពូជស្រូវ និង​ដំណាំ​នានា​មែន ប៉ុន្តែ​បើតាម លោក វេ​ង សាខុន គ្រាប់ពូជ​ទាំងនោះ ទំនង​មិនត្រូវ​ប្រើ​ទាំងអស់​នោះទេ គឺ​ត្រូវ​ចែកជូន​ឲ្យ​ដល់​តំបន់​ដែលមាន​លទ្ធភាព​ដាំ​ដុះ​ឡើងវិញ​ក្រោយ​ទឹកជំនន់​ប៉ុណ្ណោះ​។ 
 
​លោក វេ​ង សាខុន ពន្យល់​បន្ថែម​៖«​យើង​មិនមែន​ចេះតែ​ចែក​នោះទេ ត្រូវមាន​ការពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ ត្រូវ​ពិនិត្យ​មើលថា កន្លែង​ណា​មានទឹក អាចធ្វើ​ស្រូវ​ឡើងវិញ​បាន​»៕

Tag:
 កសិកម្ម​
  ThmeyThmey25​ ​
© រក្សាសិទ្ធិដោយ thmeythmey.com