អន្តរជាតិ
សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ត្រូវការការគាំទ្រពីប្រទេសមួយទៀត ដើម្បីចូលជាធរមាន
24, Oct 2020 , 7:29 pm        
រូបភាព
សាលមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបភាព៖ WPTV
សាលមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបភាព៖ WPTV
សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លែអ៊ែរ (TPNW) ត្រូវការការផ្តល់សច្ចាប័នពីប្រទេសមួយទៀត ដើម្បីចូលជាធរមាន។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែតុលា។ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនេះ នឹងចូលជាធរ បន្ទាប់ពីមានប្រទេសចំនួន៥០ បានផ្តល់សច្ចាប័ន។



មកទល់ពេលនេះ មានប្រទេសតែ៤៩ប៉ុណ្ណោះ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ២០១៧។ ប្រសិនបើមានប្រទេសចំនួន៥០ បានផ្តល់សច្ចាប័នរួចហើយ សន្ធិសញ្ញានេះនឹងចូលជាធរមាននៅ ៩០ថ្ងៃបន្ទាប់។ ប្រទេសពីរចុងក្រោយ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាខាងលើ មានដូចជាហ្សាម៉ាអ៊ីក និងណូរូ។ 
 
តាមការយល់ឃើញរបស់យុទ្ធនាការអន្តរជាតិលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ប្រទេសមួយចុងក្រោយ នឹងផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។
 
យ៉ាងណាក៏ដោយ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនេះ គឺមានភាគច្រើនតែប្រទេសតូចៗប៉ុណ្ណោះ ដែលផ្តល់សច្ចាប័ន ខណៈមហាអំណាចនុយក្លេអ៊ែរទាំង៥ ឬសមាជិកអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិមានដូចជា អាមេរិក រុស្ស៊ី បារាំង អង់គ្លេស និងចិន មិនបានចូលរួមឡើយ។ ចំណែកជប៉ុន ដែលជាប្រទេសតែមួយគត់ រងគ្រោះដោយសារគ្រាប់បែកអាតូមិកនៅក្នុងឆ្នាំ១៩៤៥ ក៏បានសម្រេចមិនចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិខាងលើដែរ ខណៈប្រជាជនរបស់ខ្លួនមួយចំនួន ទទូចឲ្យរដ្ឋាភិបាលទីក្រុងតូក្យូផ្តល់សច្ចាប័ន។ 
 
ដ្បិតសន្ធិសញ្ញាអង្គការសហប្រជាជាតិនេះ មិនមានការចាប់បង្ខំ ឬការចងភ្ជាប់កាតព្វកិច្ចសម្រាប់ប្រទេសមួយចំនួន ឬមហាអំណាចឲ្យរំសាយអាវុធនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែវាគឺជាសន្ធិសញ្ញាដ៏ល្អមួយ ដែលអាចនាំឲ្យប្រទេសមួយចំនួន កាត់បន្ថយបរិមាណនុយក្លេអ៊ែរនៅក្នុងឃ្លាំងស្តុករបស់ខ្លួន។ 
 
សូមបញ្ជាក់ថា សន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ គឺហាមឃាត់រាល់សកម្មភាពទាក់ទិននឹងអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទដូចជា ការអភិវឌ្ឍ ការធ្វើតេស្ត ការស្តុកទុក ការប្រើប្រាស់ និងការយកអាវុធនុយក្លេអ៊ែរគំរាមកំហែងប្រទេសដទៃជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com