អន្តរជាតិ
លោក ពូទីន៖ បក្សសម្ព័ន្ធយោធារុស្ស៊ី និងចិន អាចនឹងកើតមាននៅថ្ងៃអនាគត
24, Oct 2020 , 8:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន។ រូបភាព៖ រូបភាព៖ AP
ប្រធានាធិបតីរុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន។ រូបភាព៖ រូបភាព៖ AP
ពេលនេះ បក្សសម្ព័ន្ធយោធាចិន និងរុស្ស៊ី មិនចាំបាច់ឡើយ ប៉ុន្តែវាមិនមែនន័យថា វាមិនអាចកើតមាននៅពេលអនាគតនោះដែរ។ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីន បានលើកឡើងបែបនេះ នៅថ្ងៃទី២២ ខែតុលា។


 
លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី២២ ខែតុលា បានចូលរួមក្នុងវេទិកា Valdai Discussion Club តាមរយៈប្រព័ន្ធវីដេអូ។ នៅក្នុងវេទិកាអន្តរជាតិ ដែលមានវត្តមានរបស់អ្នកជំនាយគោលនយោបាយការបរទេសជាច្រើនចូលរួមនេះ លោក ពូទីន ត្រូវបានគេចោទជាសំណួរ ថាតើសហភាពយោធារវាងចិន និងរុស្ស៊ីអាចនឹងកើតឡើងដែរឬទេ។ 
 
ជាការឆ្លើយតប ប្រមុខរដ្ឋរុស្ស៊ីរូបនះ បានបញ្ជាក់ថា «យើងមិនត្រូវការវា [បក្សសម្ព័ន្ធយោធា] ឡើយ, ប៉ុន្តែជាទ្រឹស្តីវាអាចកើតមាននៅពេលខាងមុខ»។ បើតាមលោកពូទីន បើទោះបីជាពេលនេះ ចិន និងរុស្ស៊ី មិនមែនជាបក្សសម្ព័ន្ធយោធាក៏ពិតមែន ប៉ុន្តែប្រទេសជិតខាងពីរ គឺជា«ដៃគូយុទ្ធសាស្រ្ត»រួចហើយ ដោយប្រទេសទាំងពីរ បានធ្វើសមយុទ្ធយោធារួមគ្នា ហើយថែមទាំងចែករំលែកបច្ចេកវិទ្យាយោធាសម្ងាត់ ដែលជួយពង្រឹងសមត្ថភាពកងទ័ពចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP។ 
 
យ៉ាងណាក៏ដោយ បុរសខ្លាំងរបស់រុស្ស៊ី មិនបានបញ្ជាក់ឡើយជុំវិញបច្ចេកវិទ្យាយោធាទាំងនោះជាប្រភេទអ្វីឡើយ ដោយសំអាងថាវាជាព័ត៌មានសម្ងាត់។ 
ក្នុងវេទិកាតាមប្រព័ន្ធវីដេអូដដែល ប្រធានាធិបតីរុស្ស៊ីវ័យ ៦៨ឆ្នាំរូបនេះ បានបន្តទៀតថា នៅពេលអនាគតកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី នឹងកាន់តែជិតស្និត ហើយរុស្ស៊ីនឹងមិនបដិសេធកិច្ចសហប្រតិបត្តិការទាំងនោះឡើយ។
 
សូមបញ្ជាក់ថា រុស្ស៊ី បានចាប់ផ្តើមពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយចិនជាងមុខ ស្របពេលទំនាក់ទំនងរុស្ស៊ី ជាមួយប្រទេសលោកខាងលិច កាន់តែធ្លាក់ចុះ៕ 
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com