COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌូណេស៊ី មានជាង១៣០០០នាក់ និងហ្វីលីពីនជិត៧០០០នាក់
24, Oct 2020 , 10:29 pm        
រូបភាព
លោកប្រធានាធិបតីឥណ្ឌូណេស៊ី  Joko Widodo ចុះពិនិត្យមណ្ឌលចត្តាឡីស័កមួយនាពេលកន្លងមក។ រូបថត​AFP
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ចុះពិនិត្យមណ្ឌលចត្តាឡីស័កមួយនាពេលកន្លងមក។ រូបថត​AFP
ដោយ: រួបរួម
ឥណ្ឌូណេស៊ី និងហ្វីលីពីន បន្តរងគ្រោះដ៏ធ្ងន់ធ្ងរលើការរាលដាលកូវីដ-១៩ ដោយមានករណីថ្មីចូលខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ មីយ៉ាន់ម៉ាក៏បន្តមានតួលេខកើនយ៉ាងគំហុកផងដែរ ដោយប្រដេញតាមពីក្រោយសិង្ហបុរី និងនាំមុខម៉ាឡេស៊ី ថៃ និងវៀតណាម។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ដូចគ្នា កម្ពុជា ព្រុយណេ ទីម័រខាងកើត និងឡាវ ស្ថិតក្រោមខ្ទង់ពាន់នៅឡើយ។

 
នៅថ្ងៃទី២៤ ខែតុលា ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសពីការតេស្តឃើញវិជ្ជមានជាង៤០០០ករណីថ្មីទៀត រួមទាំងអ្នកស្លាប់១២៨នាក់។ តួលេខនេះ នាំឲ្យឥណ្ឌូណេស៊ី មានអ្នកជំងឺកូវីដ-១៩ ឡើងដល់ជាង៣៨.៥៩ម៉ឺនករណី ក្នុងនោះស្លាប់ជាង១៣០០០នាក់ និងសះស្បើយជាង៣០ម៉ឺននាក់។
 
ហ្វីលីពីន ក៏កើនអ្នកឆ្លងថ្មីជាង២០០០នាក់ផងដែរ ដែលធ្វើឲ្យចំនួនសរុបឡើងដល់ជាង៣៦.៧៨ម៉ឺននាក់ ក្នុងនោះស្លាប់ជិត៧០០០នាក់ និងសះស្បើយជាង៣១ម៉ឺននាក់។
 
សិង្ហបុរី មានអ្នកឆ្លងជិត៥៨០០០នាក់ ប៉ុន្តែអ្នកស្លាប់មានត្រឹម២៨នាក់ប៉ុណ្ណោះ រីឯអ្នកសះស្បើយមានជាង៥៧០០០នាក់។ មីយ៉ាន់ម៉ា មានតួលេខអ្នកឆ្លងជាង៤៣០០០នាក់ ប៉ុន្តែអ្នកស្លាប់មានដល់ទៅ១០៦៦នាក់ ខណៈជាងជាសះស្បើយមានជាង២២០០០នាក់។
 
ម៉ាឡេស៊ី ជាប្រទេសទី៥នៅអាស៊ីអាគ្នេយ៍ដែលមានលើសពី១ម៉ឺនករណី ដោយក្នុងចំណោមអ្នកកើតជាង២៤០០០ករណី មានអ្នកស្លាប់២១៤នាក់ និងសះស្បើយជាង១៥០០០នាក់។
 
ថៃ និងវៀតណាម មានលើស១ពាន់ករណី ដោយថៃមាន៣៧៣១ករណី (ស្លាប់៥៩នាក់, សះស្បើយ៣៥២៩នាក់), វៀតណាម មាន១១៦០ករណី (ស្លាប់៣៥នាក់, សះស្បើយ១០៤៩នាក់)។
 
បច្ចុប្បន្នមានតែកម្ពុជា ឡាវ និងទីម័រខាងកើតប៉ុណ្ណោះដែលមិនមានករណីស្លាប់។ កម្ពុជាមាន២៨៧ករណី ក្នុងនោះសះស្បើយ២៨៣ករណី រីឯព្រុយណេ មាន១៤៨ករណី ដោយស្លាប់៣នាក់ និងសះស្បើយ១៤៣នាក់។ ទីម័រខាងកើត មាន២៩ករណី ដោយនៅសល់ម្នាក់បន្តសម្រាកព្យាបាល រីឯឡាវនៅសល់អ្នកជំងឺ២នាក់បន្តព្យាបាលក្នុងចំណោមករណីសរុប២៤ករណី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com