COVID-19
អន្តរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ស្នើទៅមហាក្សត្រឲ្យដាក់ប្រទេសក្នុងភាពអាសន្ន
24, Oct 2020 , 5:24 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin។ រូបភាព៖ Reuters
ព្រះមហាក្សត្រម៉ាឡេស៊ី នឹងជជែកពិភាក្សាជាមួយអ្នកតំណាងរដ្ឋម៉ាឡេស៊ី នៅថ្ងៃទី២៥ ខែតុលា ជុំវិញបញ្ហាដាក់រដ្ឋក្នុងស្ថានភាពអាសន្ន។ ការជជែកពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានស្នើទៅព្រះមហាក្សត្រឲ្យដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រាជរាំងនៅថ្ងៃទី២៤ ខែតុលា។



ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី លោកMuhyiddin Yassin នៅថ្ងៃទី២៣ ខែតុលា បានជួបជាមួយព្រះមហាក្សត្រម៉ាឡេស៊ី និងធ្វើបទបង្ហាញស្តីពីការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន រួមមានការផ្អាកការប្រជុំសភាម៉ាឡេស៊ី នៅចំពោះមុខទ្រង់។ យ៉ាងណាក៏ដោយ បញ្ហានេះ ត្រូវបានលោក Anwar Ibrahim មេដឹកនាំបក្សប្រឆាំង ថ្កោលពីបញ្ហានេះ ដោយសំអាងថា គឺជាលេសរបស់នាយករដ្ឋមន្រ្តី ដើម្បីរក្សាអំណាច។ កន្លងមកលោកAnwar ធ្លាប់អះអាងថា មានសម្លេងគ្រប់គ្រាន់នៅក្នុងសភា ក្នុងការទម្លាក់នាយករដ្ឋមន្រ្តី។
 
តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២៤ ខែតុលា រាជវាំងម៉ាឡេស៊ី មិនបានលើកឡើងពីសំណើប្រកាសដាក់ស្ថានភាពអាសន្នរបស់នាយករដ្ឋមន្រ្តីឡើយ ដោយលើកឡើងថា ព្រះមហាក្សត្រម៉ាឡេស៊ី នឹងជួបជាមួយអ្នកតំណាងរដ្ឋម៉ាឡេស៊ី។ «ព្រះអង្គ Al-Sultan Abdullah គឺដឹងច្បាស់ណាស់ពីតម្រូវការរដ្ឋបាលរបស់ប្រទេស ដើម្បីបន្តដោះស្រាយការគំរាមកំហែងពីCOVID-19 »។ សេចក្តីថ្លែងការណ៍រាជរាំងម៉ាឡេស៊ី បានលើកឡើងបែបនេះ។ 
 
ចំណែកប្រភព ដែលស្និតនឹងការស្នើដាក់ប្រទេសស្ថានភាពអាសន្ននេះ បានអះអាងថា មហាក្សត្រម៉ាឡេស៊ី នឹងជួបជាមួយអ្នកតំណាងរដ្ឋម៉ាឡេស៊ី នៅម៉ោង២ និង៣០ ថ្ងៃ ហើយបន្ទាប់មកព្រះហាក្សត្រ នឹងផ្តល់សេចក្តីសម្រេចដល់នាយករដ្ឋមន្រ្តី។ នេះបើតាមការចុះផ្សាយរបស់កាសែង The star។ 
 
ការស្នើឲ្យដាក់រដ្ឋក្នុងស្ថានភាពអាសន្ននេះ ធ្វើឡើងស្របពេលករណីCOVID-19 នៅម៉ាឡេស៊ីកើនឡើងជាថ្មី និងបញ្ហាប្រឈមពីការដណ្តើមអំណាចពីលោកAnwar។ 
 
បើសិនគ្មានការប្រែប្រួលទេ សំណើហិរញ្ញវត្ថុម៉ាឡេស៊ីឆ្នាំ២០២១ នឹងត្រូវអនុម័តនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខ។ ការអនុម័តនេះ ត្រូវបានគេចោទជាសំណួរ ថាតើវាអាចទទួលបានសម្លេងគ្រប់គ្រាន់ឬអត់។ បើសិនបើមិនអាចទេ ការអនុម័តនោះ អាចចាត់ទុកបានថា លោក Muhyiddin មិនសាកសមកាន់តំណែងជានាយករដ្ឋមន្រ្តីបានទៀតទេ ហើយថែមទាំងអាចឈានដល់ការបោះឆ្នោតថ្នាក់ជាតិថែមទៀត។ 
 
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពិសេសនៅថ្ងៃទី២៣ ខែតុលា រដ្ឋាភិបាលម៉ាឡេស៊ី បានឯកភាពថា ការប្រកាសស្ថានភាពអាសន្ន នឹងបង្អាក់ការប៉ុនប៉ងធ្វើឲ្យអស្ថិរភាពនយោបាយម៉ាឡេស៊ី។ ក្នុងស្ថានភាពអាសន្ននេះ សភានឹងមិនអាចបើកកិច្ចប្រជុំបានទេ ចំណែកច្បាប់វិញត្រូវបានអនុម័តតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com