អន្តរជាតិ
ប្រធានាធិបតីអាមេរិក៖ ខ្ញុំបានបោះឆ្នោតឲ្យបុរសម្នាក់ឈ្មោះត្រាំ
25, Oct 2020 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ រូបភាព៖ Reuters
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ រូបភាព៖ Reuters
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី២៤ ខែតុលា បានបោះឆ្នោតរួចហើយ នៅរដ្ឋFlorida។ កិច្ចការបន្ទាប់ លោកត្រាំ បន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងរដ្ឋផ្សេងទៀត ខណៈបេក្ខជនប្រធានាធិបតី លោកចូ បៃឌិន ក៏កំពុងធ្វើយុទ្ធនាការដូចនឹងលោកត្រាំដែរ។



គិតត្រឹមថ្ងៃទី២៥ ខែតុលា វានៅសល់តែ៩ថ្ងៃប៉ុណ្ណោះ ដែលការបោះឆ្នោតអាមេរិក នឹងត្រូវបារព្ធឡើយ។ យ៉ាងណាក៏ដោយ អាមេរិក ក៏បានរៀបចំឲ្យប្រជាជនខ្លួន អាចបោះឆ្នោតមុនថ្ងៃកំណត់បានផងដែរ ពោលគឺទាំងការបោះឆ្នោតតាមប្រៃសណីយ៍ ឬទៅបោះដោយផ្ទាល់នៅមណ្ឌលបោះឆ្នោត។ 
 
តាមតួលេខរបស់ស្ថិតិការបោះឆ្នោតមុនថ្ងៃកំណត់ ត្រឹមថ្ងៃទី២៥ ខែតុលា អ្នកបោះឆ្នោតមុនកាលកំណត់ មានចំនួនជាង ៥៧លាននាក់ហើយ ដោយក្នុងនោះ អ្នកបោះតាមប្រៃសណីយ៍មានចំនួនជាង ៣៩លាននាក់ និងបោះឆ្នោតដោយផ្ទាល់មានចំនួនជាង ១៧លាននាក់។ 
 
ទាក់ទិននឹងការបោះឆ្នោតមុខថ្ងៃកំណត់នេះ ប្រធានាធិបតីអាមេរិក ក៏ជាប្រជាពលរដ្ឋអាមេរិកម្នាក់ ស្ថិតក្នុងចំណោម ៥៧លាននាក់នោះដែរ ដែលបានបោះឆ្នោតមុនថ្ងៃ៣ ខែវិច្ឆិកា។ «ខ្ញុំបានបោះឆ្នោតឲ្យបុរសម្នាក់ ដែលមានឈ្មោះត្រាំ»។ លោកប្រធានាធិបតីអាមេរិកបានលើកឡើងបែបនេះ បន្ទាប់ពីដើរចេញពីមណ្ឌលបោះឆ្នោតនៅថ្ងៃទី២៤ ខែតុលា ដោយបន្ថែមថា វាគឺជាការបោះឆ្នោតប្រកបដោយសុវត្ថិភាព នៅពេលប្រជាជនអាមេរិកមកបោះឆ្នោតដោយផ្ទាល់។ កន្លងមក លោកត្រាំ មិនចង់ឲ្យមានការបោះឆ្នោតតាមប្រៃសណីយ៍ឡើយ ដោយយល់ឃើញថា អាចនាំឲ្យមានការលួចបន្លំសន្លឹកឆ្នោត។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានBBC ប្រធានាធិបតីអាមេរិក បានបោះឆ្នោតនៅក្រុង  West Palm Beach ក្នុងរដ្ឋ  Florida ដែលនៅជិតកន្លែងសម្រាកលំហែកាយ Mar-a-Lago របស់លោក។ លោកត្រាំ បានប្តូរទីកន្លែងរស់នៅអចិន្រ្តៃយ៍ពីរដ្ឋញូវយក មកFlorida កាលពីឆ្នាំ២០១៩។ 
 
បន្ទាប់ពីបោះឆ្នោតរួច លោកត្រាំ បានបន្តធ្វើយុទ្ធនាការរកសម្លេងឆ្នោតបន្តទៀត នៅរដ្ឋNorth Carolina, រដ្ឋ Ohio និងរដ្ឋWisconsin ស្របពេលលោកបៃឌិត ឃោសនារកសម្លេងឆ្នោតនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋដ៏សំខាន់មួយ ក្នុងការបោះឆ្នោតនៅអាមេរិក នៅចុងសប្តាហ៍នេះ។ នៅថ្ងៃទី២៥ ខែតុលា លោកត្រាំ ត្រូវធ្វើយុទ្ធនាការរកសម្លេងឆ្នោតនៅរដ្ឋNew Hampshire បន្តទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com