អន្តរជាតិ
ឪពុកម្នាក់យកកង់កូនជិះចម្ងាយជាង៣២០គីឡូម៉ែត្រ ដើម្បីអង្គាសថវិកាជួយមន្ទីរពេទ្យ
25, Oct 2020 , 8:59 pm        
រូបភាព
ដោយ: ធីតា
ការតាំងចិត្តរបស់លោក Wesley Hamnett បានជោគជ័យ។ លោកបានធ្វើដំណើរពីក្រុង Glasgow ប្រទេសស្កុតឡែន ទៅក្រុង Manchester ប្រទេសអង់គ្លេស ដោយជិះកូនកង់ពណ៌ផ្កាឈូករបស់កូនស្រីខ្លួនក្នុងចម្ងាយជាង៣២០គីឡូម៉ែត្រដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យព្យាបាលមហារីកចំនួន៤នៅអង់គ្លេស។

 
ចំណាយពេលអស់៦ថ្ងៃ លោក Hamnett ដែលមានកូនស្រីតូចពីរនាក់ បានទៅដល់គោលដៅទៅតាមការព្រៀងទុក តាមរយៈដំណើរជាមួយកូនកង់របស់កូនស្រីខ្លួនដែលមានតម្លៃប្រមាណ២៦ដុល្លារអាមេរិកប៉ុណ្ណោះ។ ការធ្វើដំណើរលើចម្ងាយផ្លូវជាង៣២០គីឡូម៉ែត្រពីក្រុង Glasgow ទៅ Manchester នេះ គឺដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យជំនាញព្យាបាលមហារីកនៅអង់គ្លេស។



លោក Hamnett នៅតែមានអារម្មណ៍សោកសៅ បន្ទាប់ពីជីតារបស់ខ្លួន បានទទួលមរណភាពដោយជំងឺមហារីក កាលពីឆ្នាំមុន ហេតុដូច្នេះហើយបានជាលោកសម្រេចធ្វើអ្វីមួយ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយអត្រាមរណៈដោយសារតែជំងឺដ៏កាចសាហាវមួយនេះ។
តាមពិតទៅ បុរសវ័យ៣៧ឆ្នាំរូបនេះ មានគម្រោងជិះកូនពីរុស្ស៊ី ទៅស្រុកកំណើតរបស់ខ្លួននៅក្រុង Lancashire លើចម្ងាយផ្លូវ ជាង២០០០គីឡូម៉ែត្រឯណោះ ប៉ុន្តែដោយសារតែការរាលដាលនៃជំងឺកូវីដ-១៩ ទើបលោកប្តូរទិសដៅពី Glasgow ទៅ Manchester វិញ។


 
ដំណើរនេះ ក៏មិនមែនរឿងស្រួលនោះដែរសម្រាប់លោក Hamnett ដោយលោកអះអាងថា មានការឈឺចុករោយជើង ជាពិសេសនៅពេលធ្វើដំណើរ៦ម៉ោងជាប់គ្នា ដែលនាំឲ្យខូចពោះវៀនកង់រហូតដល់៨លើក។ ទោះបីជាយ៉ាងណាក៏ដោយ លោកសប្បាយចិត្តដែលបានសម្រេចគោលដៅរបស់ខ្លួន។



ក្នុងដំណើរនេះ លោករៃអង្គាសថវិកាបានជាង១ម៉ឺនដុល្លារអាមេរិក ដោយលោកបែងចែកយកទៅបរិច្ចាគដល់មណ្ឌល Macmillan Cancer Support, Christie Charitable Fund, British Heart Foundation និងមន្ទីរពេទ្យWythenshawe Hospitals MFT Charity។
 
ទោះបីជាយ៉ាងណាក៏ដោយ បុរសម្នាក់នេះ ក៏មិនបោះបង់គម្រោងធ្វើដំណើរពីរុស្ស៊ី ទៅ Lancashire នោះដែរ ហើយលោកនឹងបន្តប្រកាសរៃអង្គាសតាមទំព័រ GoFundMe៕
 

© រក្សាសិទ្ធិដោយ thmeythmey.com