អន្តរជាតិ
ប្រធាន ក្រុមហ៊ុនSamsung និងជាមហាសេដ្ឋីកូរ៉េខាងត្បូងទី១ ទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ
25, Oct 2020 , 3:51 pm        
រូបភាព
ប្រធានក្រុមហ៊ុន Samsung លោក Lee Kun-hee។ រូបភាព៖ AFP
ប្រធានក្រុមហ៊ុន Samsung លោក Lee Kun-hee។ រូបភាព៖ AFP
ប្រធានក្រុមហ៊ុនSamsung Electronics លោក  Lee Kun-hee បានទទួលមរណភាព នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តSamsung នៅថ្ងៃទី២៥ ខែតុលា។

 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Samsung បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាគឺជាដំណឹងដ៏សោកស្តាយ ដែលយើងបានប្រកាសពីមរណភាពរបស់លោក Lee Kun-hee ប្រធានក្រុមហ៊ុន Samsung»។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ថា លោកLee បានទទួលមរណភាពនៅវ័យ ៧៨ឆ្នាំ ដោយសារជំងឺប្រចាំកាយ និងរាំរ៉ៃ។ ជាការពិត លោកLee បានថែទាំនៅមន្ទីរពេទ្យរយៈពេល ៦ឆ្នាំមកហើយ បន្ទាប់ពីរោគគាំងបេះដូង នៅផ្ទះរបស់លោក ក្នុងតំបន់ពហុវប្បធម៌Itaewon ក្នុងទីក្រុងសេអ៊ូល ក្នុងឆ្នាំ២០១៤។ 
 
លោក Lee ត្រូវបានចាត់ទុកថា គឺជាមនុស្សម្នាក់ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Samsung ព្រោះលោកបានដឹកនាំក្រុមហ៊ុនមួយនេះ ឲ្យក្លាយជាក្រុមហ៊ុនអន្តរជាតិ និងមានឈ្មោះល្បីល្បាញ។ នៅក្នុងឆ្នាំ១៩៨៧ លោកLee បានកាន់កាប់ក្រុមហ៊ុនSamsung ជំនួសឪពុករបស់លោក ហើយនៅក្នុងឆ្នាំ១៩៩៣ លោកLee បានប្រកាសពីគោលនយោបាយ «ការគ្រប់គ្រងបែបថ្មី» ដើម្បីកែលម្អ និងអភិវឌ្ឍក្រុមហ៊ុន។ 
 
ក្រោមកិច្ចខិតខំប្រឹងប្រែងនេះ នៅក្នុងឆ្នាំ២០០៦ ក្រុមហ៊ុនSamsung បានយកឈ្នះក្រុមហ៊ុន Sony ក្លាយជាក្រុមហ៊ុនលំដាប់ទី១ នៅក្នុងទីផ្សារទូរទស្សន៍សកល។ នៅ៥ឆ្នាំបន្ទាប់ ក្រុមហ៊ុនSamsung បានយកឈ្នះក្រុមហ៊ុន Apple និងក្លាយជាក្រុមហ៊ុនផលិតទូរសព្ទវៃឆ្លាតធំជាងគេបង្អស់។ 
 
សូមបញ្ជាក់ថា តាមការវាយតម្លៃរបស់ទស្សនាវដ្តី Forb លោកLee គឺជាមហាសេដ្ឋីមានជាងគេបំផុតរបស់កូរ៉េខាងត្បូង និងមានទ្រព្យសម្បត្តិប្រមាណ ២០.៨ពាន់លានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០២០៕
 

Tag:
 កូរ៉េខាងត្បូង
  Samsung
© រក្សាសិទ្ធិដោយ thmeythmey.com