អន្តរជាតិ
ក្រុមបាតុករថៃ ប្រកាសធ្វើបាតុកម្មជាថ្មីប្រឆាំងលោកប្រាយុទ្ធ ដែលមិនព្រមចុះចេញពីតំណែង
25, Oct 2020 , 9:59 pm        
រូបភាព
ក្រុមបាតុករថៃ ដែលទាមទារឲ្យនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ រូបភាព៖ AFP
ក្រុមបាតុករថៃ ដែលទាមទារឲ្យនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ រូបភាព៖ AFP
ក្រុមបាតុករថៃ នៅថ្ងៃទី២៤ ខែតុលា ប្រកាសធ្វើបាតុកម្មនៅក្នុងទីក្រុងបាងកកជាថ្មី នៅថ្ងៃទី២៥ និង២៦ ខែតុលា បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បដិសេធមិនចុះចេញពីតំណែង។ បើតាមលោកប្រាយុទ្ធ ក្រុមបាតុករគួរតែដោះស្រាយបញ្ហាជាមួយគ្នាតាមផ្លូវសភា ដែលគ្រោងនឹងបើកកិច្ចប្រជុំវិសាមញ្ញនៅសប្តាហ៍ក្រោយនេះ។


 
គិតត្រឹមថ្ងៃទី២៥ ខែតុលា វាមានរយៈពេលលើសពី ៣ថ្ងៃហើយ ដែលក្រុមបាតុករ បានដាក់ឱសានវាទឲ្យនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ការស្នើឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង បានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា។ 
 
ថ្លែងនៅក្នុងពិធីឧទ្ទិសដល់ព្រះពុទ្ធនៅវត្តChetuphon Wimon Mangkhalaram ដែលបួងសួងឲ្យភាពចុះសម្រុងជាតិថៃ នៅថ្ងៃទី២៤ ខែតុលា លោកប្រាយុទ្ធ បានលើកឡើងថា រាល់បញ្ហាទាំងអស់ អាចដោះស្រាយគ្នាបាន តាមរយៈការសម្របសម្រួល។ «រដ្ឋាភិបាលថៃ មានបំណង ក្នុងការដោះស្រាយបញ្ហា ល្គិកណា វាស្ថិតនៅក្នុងបន្ទាត់នៃច្បាប់»។ នាយករដ្ឋមន្រ្តីថៃ បានលើកឡើងបែបនេះ ដោយបន្ថែមថា លោកមិនចុះចេញពីតំណែង តាមការទទូចរបស់ក្រុមបាតុករឡើយ។ 
 
កន្លងមក លោកនាយករដ្ឋមន្រ្តី បានប្រាប់ក្រុមបាតុករឲ្យដោះស្រាយបញ្ហានៅក្នុងសភា ដែលគ្រោងនឹងបើកកិច្ចប្រជុំវិសាមញ្ញា នៅដើមសប្តាហ៍ក្រោយនេះ។ 
 
ទាក់ទិននឹងការមិនចុះចេញពីតំណែងរបស់លោកប្រាយុទ្ធបែបនេះ មេដឹកនាំបាតុករបានអំពាវនាវឲ្យប្រជាជនថៃចូលរួមធ្វើបាតុកម្ម ដើម្បីដាក់សម្ពាធលើនាយករដ្ឋមន្រ្តីឲ្យចុះចេញពីតំណែង។ តាមរយៈបណ្តាញសង្គមFacebook ក្រុមសកម្មជនថៃ និងសកម្មជនសិទ្ធិមនុស្សDao Din បានប្រកាសឲ្យប្រជាជនជួបគ្នានៅតំបន់ Ratchaprasong ក្នុងទីក្រុងបាងកក នាវេលាម៉ោង៤ល្ងាច នៅថ្ងៃទី២៥ ខែតុលា និងនៅតំបន់Samyan ក្នុងទីក្រុងបាងកក នាវេលាម៉ោង៥ល្ងាច នៅថ្ងៃទី២៦ ខែតុលា និងដើរទៅស្ថានទូតអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ជាមេក្រុមបាតុករថៃម្នាក់ ដែលទើបដោះលែងឲ្យនៅក្រៅឃុំ នៅពេលថ្មីៗនេះ លោក Jatupat  Boonpattararaksa បានចាត់ទុកលោកប្រាយុទ្ធ គឺជាបញ្ហា និងជាឧបសគ្គដំបូងបំផុត ដែលក្រុមបាតុករត្រូវតែលុបបំបាត់ចោល។ 
 
ក្រុមបាតុករ បានចាប់ផ្តើមធ្វើបាតុកម្ម តាំងពីខែកក្កដា កន្លងមក បើទោះបីជាជាប់បម្រាមមួយចំនួនទាក់ទិននឹងCOVID-19។ បាតុកម្មនេះ គឺទាមទារឲ្យនាយករដ្ឋមន្រ្តីថៃចុះចេញពីតំណែង វិសោធនកម្មរដ្ឋធម្មនុញ្ញ កំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ ដោះលែង និងទម្លាក់បទចោទប្រកាន់ លើមេដឹកនាំក្រុមបាតុករថៃ។ 
 
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលថៃ បានឈានជើងថយមួយជំហាន ដើម្បីបន្ធូរបន្ថយភាពតានតឹងនយោបាយ តាមរយៈការដកក្រឹត្យអាសន្ននៅក្នុងទីក្រុងបាងកក។ យ៉ាងណាក៏ដោយ ក្រុមបាតុករ មិនទាន់ពេញចិត្តនឹងចំណាត់ការបែបនោះឡើយ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com