អន្តរជាតិ
Disney បញ្ជាក់ពេលបញ្ចាំងរឿង Raya and the Last Dragon ដែលភ្ជាប់វប្បធម៌ខ្មែរ និងអាស៊ានផ្សេងទៀត
25, Oct 2020 , 5:19 pm        
រូបភាព
ដោយ: ធីតា
Raya and th Last Dragon គឺជារឿងបន្ទាប់របស់ផលិតកម្ម Walt Disney Animation Studios ដ៏ល្បីល្បាញរបស់អាមេរិក ដែលនិយាយពីយុវតីម្នាក់ឈ្មោះ Raya ក្នុងដំណើរស្វែងរកសត្វនាគចុងក្រោយ ដើម្បីសាងសន្តិភាពក្នុងពិភពលោក។

 
កាលពីពេលថ្មីៗកន្លងមកនេះ Disney បានបញ្ចេញ Trailer លើកដំបូងតាមរយៈឆាណែល Youtube របស់ខ្លួន។ ក្នុងការផលិតរឿងគំនូរជីវចលនេះ Disney បានចុះសិក្សាស្វែងយល់ពីវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានកម្ពុជា ឡាវ ថៃ វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន។
 
 
រឿង Raya and the Last Dragon ស្ថិតក្រោមការដឹកនាំដោយផលិតករអាមេរិក Don Hall ដែលឈ្នះពានអូស្ការសម្រាប់ Big Hero 6 រួមជាមួយផលិតករអាមេរិក-ម៉ិកស៊ិក Carlos López Estrada លោក Osnat Shurer និងលោក Peter Del Vecho។ លោក Qui Nguyen សញ្ជាតិវៀតណាម-អាមេរិក និងលោកស្រី Adele Lim សញ្ជាតិម៉ាឡេស៊ី-អាមេរិក ជាសហអ្នកនិពន្ធ។
 
Raya ជាតួអង្គសំខាន់ក្នុងរឿង និងជាព្រះនាងនៃនគរ Kumandra ដែលជាដែនដីសិប្បនិម្មិតមួយក្នុងសាច់រឿង។ តួអង្គនេះ ត្រូវបានបញ្ចូលសំឡេងដោយតារាភាពយន្តអាមេរិកដើមកំណើតវៀតណាម Kelly Marie Tran រីឯតួអង្គនាគចុងក្រោយដែលមានឈ្មោះថា Sisu ត្រូវបានបញ្ចូលសំឡេងដោយតារាចម្រៀងរ៉េបអាមេរិក Awkwafina។
 
យោងតាមឃ្លីបវីដេអូ និងរូបភាពមួយចំនួន រឿង Raya and the last Dragon មានឈុតឆាក និងការតុបតែងដូចវប្បធម៌ខ្មែរ និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។  
 
ដំបូងឡើយ Disney គ្រោងចាក់បញ្ចាំងរឿងនេះនៅអាមេរិកនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារការរាលដាលកូវីដ-១៩ ក្រុមហ៊ុនបានសម្រេចពន្យាពេលរហូតដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ វិញ៕
 

Tag:
 ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com