COVID-19
អន្តរជាតិ
អេ​ស្ប៉ា​ញ​ប្រកាសអាសន្ន​ទូទាំងប្រទេស​ជាថ្មី ខណៈ​ការឆ្លង COVID-19 កើនឡើង​ខ្លាំង​
26, Oct 2020 , 3:23 pm        
រូបភាព
ស្ត្រីពាក់ម៉ាស់ជិះកង់ក្នុងទីក្រុងម៉ាឌ្រីដ។ រូបភាព Xinhua
ស្ត្រីពាក់ម៉ាស់ជិះកង់ក្នុងទីក្រុងម៉ាឌ្រីដ។ រូបភាព Xinhua
ដោយ៖​កង ម៉េង​ហុង
 
​ប្រទេស​អឺរ៉ុប អេ​ស្ប៉ា​ញ បាន​វិល​ទៅរក​ដំណាក់កាល​អាសន្ន​ទូទាំងប្រទេស​ជាច្រើន​នៅ​ថ្ងៃទី ២៥ ខែតុលា​។  នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez បានប្រកាស​ស្ថានភាព​អាសន្ន​ថ្មី ស្របពេល​ការឆ្លង COVID-19 នៅ​អេ​ស្ប៉ា​ញ​បាន​កើនឡើង​លើស​១​លាន​ករណី​។

 
​នាយករដ្ឋមន្ត្រី​អេស្បាញ​លោក Pedro Sanchez បានប្រកាស​ស្ថានភាព​អាសន្ន​ថ្មី ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ការឆ្លង Covid 19 ។ វិធានការណ៍​នេះ​បាន​ចូល​ជាធរ​មាននៅ​យប់​ថ្ងៃទី​២៥ ខែតុលា ដោយបាន​ដាក់​បំរាម​លើ​ការធ្វើរ​ដំណើរ​ពេលយប់ និង ហាមឃាត់​ការធ្វើដំណើរ​រវាង​តំបន់​ក្នុង​ករណីខ្លះ​។ 
 
​គ្រប់​តំបន់​ទាំងអស់​នឹងត្រូវ​អនុវត្ត​ន៍​វិធានការណ៍​ដែល​បានដាក់​ជា​ធរមាន​លើកលែងតែ​កោះ​ទេសចរណ៍ Canary ។ ក្រោម​វិធានការ​ថ្មី  បំរាម​ដែល​នឹងត្រូវ​អនុត្ត​មាន ការ​ដំណើរ​នៅពេល​យប់ និង​ការកំណត់​ចំនួន​មនុស្ស​ជួបជុំគ្នា​ត្រឹមតែ​៦​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។  
 
Catalonia ជា​តំបន់​ដំបូង​គេ​ដែល​អនុត្ត​ច្បាប់​អាសន្ន​ថ្មី ដោយ​ទីនោះ គ្រឹះស្ថានសាធារណៈ នឹងត្រូវ​បិទ​នៅ​ម៉ោង​៩​យប់​។ ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​ថ្មី ប៉ូលិស​ក៏បាន​ល្បាត​ក្នុង​ទីក្រុង​មុនពេល​ដល់​ម៉ោង​អនុវត្ត​បំរាម​ក្នុងការ​ធ្វើដំណើរ​។ ប្រជាជន​ក្នុង​តំបន់​បាន​ស្វាគមន៍​ចំពោះ​វិធានការ​ថ្មី​នេះ​។ គ្រូ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឈ្មោះ Paula និយាយថា វិធានការ​ជាក់លាក់ ត្រូវតែមាន ព្រោះ​ការឆ្លង​កំពុង​ចេញពី​គ្រប់គ្រង​បាន​។ 
 
​អេ​ស្ប៉ា​ញ បាន​បិទ​ប្រទេស​ក្រោម​ចំណាត់ការ​ដ៏​តឹងរឹង​បំផុត​មួយ​នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​រាតត្បាត ហើយ​បន្ទាប់មក​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅ​រដូវក្តៅ​។ ប៉ុន្តែ​ដូច​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃទៀត​ដែរ អេ​ស្ប៉ា​ញ​ត្រូវបាន​វាយប្រហារ​ដោយ​រលក​ទី​ពីរ​នៃ​ការឆ្លង COVID-19 ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រកាសអាសន្ន​ជាថ្មី​។​
 
​គិត​មកដល់ពេលនេះ អេ​ស្ប៉ា​ញ​មាន​ចំនួន​អ្នក​ឆ្លង COVID-19 ខ្ពស់បំផុត​នៅ​តំបន់​អឺរ៉ុប​ខាងលិច​។ ករណី​សរុប​បាន​កើន​ឡើងដល់​លើស​មួយ​លាន​ករណី ខណៈ​ចំនួន​អ្នកស្លាប់​ជិត ៣៥,០០០ នាក់​៕
 
 
 
 

Tag:
 ​អេ​ស្ប៉ា​ញ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com