សង្គមអន្តរជាតិ​
អន្តរជាតិ
បក្ស​កុម្មុយនីស្ត​ចិន បើក​កិច្ចប្រជុំ​គណៈ​មជ្ឈិម​ដើម្បី​គូសវាស​ផែនការអភិវឌ្ឍន៍​ជាតិ​៥​ឆ្នាំ​ទៅមុខ​
26, Oct 2020 , 10:19 pm        
រូបភាព
កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ធ្វើឡើងកាលពីចុងខែតុលា ឆ្នាំ២០១៩ ។ រូបភាព៖ Xinhua
កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ធ្វើឡើងកាលពីចុងខែតុលា ឆ្នាំ២០១៩ ។ រូបភាព៖ Xinhua
ដោយ:
​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​បក្ស​កុម្មុយនីស្ត​ចិន ចាប់ផ្ដើម​កិច្ចប្រជុំ​បិទទ្វារ​ក្នុង​រដ្ឋធានី ប៉េកាំង នៅ​ថ្ងៃទី ២៦ ខែតុលា ដើម្បី​គូសវាស​របៀបវារៈ​សេដ្ឋកិច្ច​និង​នយោបាយ​ពួកគេ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខ ខណៈ​បក្ស​កុម្មុយនីស្ត​ចិន សម្លឹង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

 
​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥ នៃ​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​គ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃទី ២៩ ខែតុលា​។ កិច្ចប្រជុំ​នេះ រំពឹងថា​មាន​អ្នកចូលរួម​ជាង​២០០​នាក់ ដែល​សុទ្ធសឹង​ជា​សមាជិក​នៃ​គណៈ​មជ្ឈិមបក្ស ហើយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែលជា​អគ្គលេខាធិការ​គណៈ​មជ្ឈិមបក្ស ក៏មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។​
 
​គោលដៅ​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ​បង្កើត​ផែនការអភិវឌ្ឍន៍​ជាតិ​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២១-២៥ ដែល​នឹង​លម្អិត​ពី​អាទិភាព​អភិវឌ្ឍន៍ និង​គោលនយោបាយ​របស់​ចិន​សម្រាប់​ពេល​៥​ឆ្នាំ​ទៅមុខ​។ មែនទែនទៅ ចិន ជា​មហាអំណាច​សេដ្ឋកិច្ច​តែមួយគត់​ដែល​ចេញផ្សាយ​ផែនការ​គោលនយោបាយ​៥​ឆ្នាំ​របស់ខ្លួន ហើយ​បានធ្វើ​បែបនេះ តាំងពី​ឆ្នាំ​១៩៥៣​មកម្ល៉េះ​។ 
 
​បន្ថែម​ពី​ផែនការ​៥​ឆ្នាំ ប្រធានាធិបតី ស៊ី ជិន​ភីង ក៏​ទំនងជា​ដាក់ចេញ​ផែនការ​រយៈពេល​វែង​សម្រាប់​ពេល​១៥​ឆ្នាំ​ទៅមុខទៀត ដែល​ហៅថា «​ទស្សនវិស័យ​ឆ្នាំ ២០៣៥»​។ ឆ្នាំ​២០៣៥​នេះ​គឺជា​ឱសានវាទ​ដែល​លោក​ស៊ី​បានដាក់​សម្រាប់​ឲ្យ​ចិន​សម្រេចបាន​នូវ​ការធ្វើ​ទំនើបកម្ម​សង្គមនិយម (socialist modernization)​។​
 
​ទស្សន​វិស័យនេះ ត្រូវបាន​អ្នកវិភាគ​មួយចំនួន​សង្ស័យថា លោក ស៊ី មានបំណង​ធ្វើជា​ប្រធានាធិបតី​ពេញ​មួយជីវិត​។ បើតាម​លោក Benjamin Hillman សាស្ត្រាចារ្យ​ម្នាក់​នៃ​សកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី កម្មវត្ថុ​នៃ​ទស្សនវិស័យ​ឆ្នាំ ២០៣៥ គឺជា​ការ​ទិសដៅ​បន្ទាប់បន្សំ​សម្រាប់​វឌ្ឍនភាព​របស់​ចិន​ឆ្ពោះទៅរក​ការសម្រេច​ឋានៈ​ជា​ប្រទេស​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​២០៤៩​។​
 
​ក៏ប៉ុន្តែ ផែនការ​នេះ​ក៏​បង្កើតជា​ការសង្ស័យ​ផងដែរ​ថា លោក ស៊ី ជិន​ភីង ដែល​បច្ចុប្បន្ន​មាន​អាយុ ៦៧​ឆ្នាំ មានបំណង​ដឹកនាំ​ប្រទេស​ចិន​ក្នុងពេល​១៥​ឆ្នាំ​ខាងក្រោយ  ហើយ​ក្លាយជា​ប្រធានាធិបតី​ពេញ​មួយជីវិត​។ លោក Hillman ប្រាប់​ទូរទស្សន៍​អង់គ្លេស BBC បែបនេះ ។​
​លោក ស៊ី អាចដឹកនាំ​ចិន​មួយជីវិត​បាន ក្រោយ​ចិន​បាន​លុបចោល​ពេល​កំណត់​អាណត្តិ​ដឹកនាំ​ប្រធានាធិបតី ក្នុង​ឆ្នាំ​២០១៨ ដែល​នឹង​អនុញ្ញាត​លោក ស៊ី រក្សា​តំណែង​កំពូល​នេះ​លើស​អាណត្តិ​២​ឆ្នាំ​របស់លោក​។ 
 
​កិច្ចប្រជុំ​ឆ្នាំនេះ ធ្វើឡើង​ស្របពេល​ដែល​សេដ្ឋកិច្ច​ចិន កំពុង​ងើបឡើង​វិញ​ពី​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​ក្នុង​ទីក្រុង​ចិន ផ្ដើម​វិញ​ត្រលប់មក​សភាព​ធម្មតា​វិញ​។ សម្រាប់​សាស្ត្រាចារ្យ Hillman ជំនួប​ពេញអង្គ​នេះ នឹង​ផ្ដល់ឱកាស​ឲ្យ​លោក ស៊ី សាទរ​ជ័យជម្នះ​របស់​ចិន​ប្រឆាំង​កូ​វីដ​-១៩ ផងដែរ​។ 
 
​យោងតាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន សេដ្ឋកិច្ច​ចិន​បន្ត​មាន​សន្ទុះ​ខ្លាំង ដោយមាន​កំណើនសេដ្ឋកិច្ច ៤,៩​ភាគរយ ចន្លោះ​ពី​ខែកក្កដា និង​ខែកញ្ញា បើ​ធៀប​នឹង​ត្រីមាស​ដដែល​ឆ្នាំមុន​។ យ៉ាងណាមិញ តួលេខ​នេះ នៅ​ទាប​ជាង ៥,២​ភាគរយ ដែល​រំពឹង​ដោយ​អ្នកជំនាញ​សេដ្ឋកិច្ច​ខ្លះ​៕ 
 
 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  បក្ស​កុម្មុយនីស្ត
© រក្សាសិទ្ធិដោយ thmeythmey.com