ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ បង្កើតគណៈកម្មាធិការថ្មី ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
27, Oct 2020 , 6:25 pm        
រូបភាព
លោក កៅ ខុនដារ៉ា ថ្លែងក្នុងពិធីប្រកាសបើកដំណើរការគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និង គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍-កាមរោគ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ)
លោក កៅ ខុនដារ៉ា ថ្លែងក្នុងពិធីប្រកាសបើកដំណើរការគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និង គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍-កាមរោគ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ)
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្កើតអង្គភាពថ្មីពីរ គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍-កាមរោគ។ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសស្តីពីការបង្កើតគណៈកម្មាធិការទាំងពីរនេះ។



នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មីនេះ គឺមិនមានអ្វីខុសប្លែកពីអង្គភាពផ្នែកប្រឆាំងនឹងគ្រឿងញៀនមុនៗឡើយ ដូចជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងមន្ទីរប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាដើម។ លោកបញ្ជាក់ថា គោលបំណរួមនៃការបង្កើតគណៈកម្មាធិការថ្មីនេះ គឺដើម្បីរួមគ្នាកាត់បន្ថយបញ្ហាគ្រឿងញៀន។

អ្នកនាំពាក្យមហាផ្ទៃ មានប្រសាសន៍ថា៖«នៅកន្លែងណា ស្ថាប័នណាក៏ដោយ បើបង្កើតក្រុមឬគណ:កម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែច្រើនគឺកាន់តែល្អ ព្រោះគ្រឿងញៀនជាបញ្ហាធំ ជាបញ្ហាសាកល»។

លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធានាគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍-កាមរោគ។

ក្នុងពិធីប្រកាសបើកគណៈកម្មាធិការថ្មីទាំង២ខាងលើ លោក ខុនដារ៉ា បញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន នាយកដ្ឋាន និង អង្គភាពចំណុះទាំងអស់នៃក្រសួងមហាផ្ទៃ ត្រូវចាត់តាំងឲ្យមានមន្ដ្រីយ៉ាងតិច២ទៅ៣នាក់ជាជនបង្គោល ដើម្បីជួយសម្របសម្រួល និងទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ប្រសាសន៍របស់លោក ត្រូវបានស្រង់យកទៅផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះ លោក លើកឡើងថា អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនពីថ្នាក់រាជធានី ខេត្ត ដល់ ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់។ លោក បន្តថា ការធ្វើបែបនេះ គឺជាយន្តការរបស់រដ្ឋាភិបាលដែលកំពុងដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយក៏ជាគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពផងដែរ។

ចំពោះអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ គឺកម្ពុជា មានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍រួចមកហើយ មុននឹងក្រសួងមហាផ្ទៃ បង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នាពេលនេះ៕

Tag:
 គណៈកម្មាធិការប្រយុទ្ធនឹងគ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com