ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ស្បែក​នឹងមាន​បញ្ហា ព្រោះ​ទម្លាប់​នៃ​ការ​ទទួលទាន​បែបនេះ​
28, Oct 2020 , 8:59 pm        
រូបភាព
​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​ស្ថានភាព​នៃ​ស្បែក ហើយ​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​ក៏​ដូចគ្នា​! ថា​តើ​ទម្លាប់​នៃ​ការទទួល​ទាន​បែបណា​ដែល​អាចធ្វើឱ្យ​ស្បែក​មាន​បញ្ហា​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​រក្សា​សុខភាព​ស្បែក ៖

 
១. ទទួលទាន​សូ​ដ្យូ​ម ឬ​អំបិល​ច្រើនពេក​
 
​ស្នាម​ថ្នក់​ក្រោម​ភ្នែក ការ​ហើម​ត្របកភ្នែក ឬ​បញ្ហា​ភ្នែក​មើលទៅ​ខ្មៅ​ហត់នឿយ​? ទាំងនេះ​សុទ្ធតែ​អាច​បណ្ដាលមកពី​ការទទួល​ទាន​អាហារ​ប្រៃ​ឬ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក​។ សូ​ដ្យូ​ម ឬ​អំបិល​ក៏​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​ការឡើង​មុន​ផងដែរ​។ ដូច្នេះ​ដើម្បី​ចៀសផុត​អាកា​រៈ​ហើម ចូរ​ព្យាយាម​កម្រិត​ការទទួល​ទាល​អាហារ​ប្រៃ​។​
 
២. ទទួលទាន​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ច្រើនពេក​
 
​អាហារ​ប្រភេទ​នេះ​អាច​បង្កបញ្ហា​មុន​ក្បាល​ស មុន​ក្បាល​ខ្មៅ និង​មុន​អ័រម៉ូន​។ នេះ​ក៏​ព្រោះតែ​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ផ្ទុក​អ័រម៉ូន​មួយ​ប្រភេទ​ដែល​រំញោច​ការផលិត​ជាតិ​ខ្លាញ់ ឬ​ធ្វើឱ្យ​ស្ទះ​រន្ធ​ញើស​។​
 
៣. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​កម្រិត​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​នឹង​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ជា​លទ្ធផល​ស្បែក​ត្រូវ​ទទួលរង​ផលប៉ះពាល់​ដោយ​ប្រែជា​ស្ងួត​គ្មាន​សំណើម ឆាប់​ជ្រីវជ្រួញ​។ គ្រឿង​ស្រវឹង​ក៏​ធ្វើអោយ​ស​សៃ​ឈាម​រីក​ធំ​បណ្ដាលអោយ​ស្បែក​ប្រែជា​ស្រអាប់​។​
 
៤. ទទួលទាន​អាហារ​កែច្នៃ​ច្រើន​
 
​អាហារ​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាចធ្វើឱ្យ​អ្នកមាន​អាកា​រៈ​ហើម​។ អាហារ​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន និង​ភាពបត់បែន​ក្នុង​ស្បែក​ផងដែរ​។ ការទទួល​ទាន​សាច់​កែច្នៃ​ក៏​អាចធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផងដែរ ដោយ​វា​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដើម្បី​ទ្រង់​ទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​គ្រោះថ្នាក់ កុំ​ទទួលទាន​អាហារ​កែច្នៃ​ច្រើនពេក និង​មិនត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ​។​
 
៥. ទទួលទាន​ទឹក​មិនបាន​ច្រើន​គ្រប់គ្រាន់​
 
​ការទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ​ក៏​ចាំបាច់​ណាស់ដែរ​សម្រាប់រ​ក្សា​សុខភាព​ស្បែក​ល្អប្រសើរ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​។ កង្វះ​ជាតិ​ទឹកនឹង​បណ្ដាលឱ្យ​ស្បែក​ស្ងួត​ឆាប់​ជ្រីវជ្រួញ ហើយ​ងាយ​ជួបប្រទះ​បញ្ហា​ផ្សេងៗ​ថែមទៀត​។​
 
៦. មិន​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ​
 
​អ្នក​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់ ឬ​ចាប់ផ្ដើម​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ច្រើនតែ​លុបបំបាត់​ខ្លាញ់​គ្រប់​ប្រភេទ​ចេញពី​របប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ទោះជា​យ៉ាងណាក៏ដោយ​ដើម្បី​អាច​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​រាងកាយ​នៅតែ​ត្រូវការ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដូចជា​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែលមាន​ផ្ទុក​ក្នុង​ត្រី​សាល​ម៉ុ​ន​។ ការរក្សាបាន​នូវ​បរិមាណ​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ​គ្រប់គ្រាន់​ក្នុង​រាងកាយ​ជួយ​ទប់ស្កាត់​ការ​រលាក កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ស្បែក​ស្ងួត រោគ​មុន ស្នាម​ជ្រីវជ្រួញ និង​សូម្បីតែ​ជំងឺមហារីក​ស្បែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com