ពីនេះ ពីនោះ
សុខភាព
ផោម​ស្អុយ​មែន ប៉ុន្តែ​ជា​រឿង​ល្អ​សម្រាប់​សុខភាព​មនុស្ស​
29, Oct 2020 , 8:59 pm        
រូបភាព
​ខ្ញុំ​ដឹងថា ប្រធានបទ​នេះ​ទំនងជា​មិនសូវមាន​មនុស្ស​និយាយ​ច្រើន​ទេ ដោយសារតែ​វា​មិនសូវ​ពេញនិយម និង​ធ្វើ​ឲ្យ​ស្តាប់ទៅ​គួរ​ឲ្យ​អៀនខ្មាស់ ឬ​អាម៉ាសមុខ​ច្រើន​។ តាមពិតទៅ ការ​ផោម​គឺជា​ប្រតិកម្ម​ធម្មតា​មួយ​ដែល​មានន័យថា អ្នក​កំពុង​តែមាន​ប្រព័ន្ធ​រំលាយ​អាហារ​ប្រកបដោយ​សុខភាព​ល្អ​។ ជា​រៀងរាល់ថ្ងៃ​ការបញ្ចេញ​ផោម​មាន​ចាប់ពី ៥ ទៅ​១០​ដង​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​ផោម​ក្រៅពី​ស្អុយ គឺ​ផ្តល់​សុខ​ភាពល្អ​ច្រើន​ដល់​មនុស្ស​យើង​ដូចជា​៖

 
​មាន​អារម្មណ៍ល្អ​
​បើ​យើង​និយាយ​ដោយ​បើកចំហ​នោះ​គឺថា កាលណា​បាន​ផោម​ម្នាក់ៗ​តែងតែ​និយាយថា​ស្រួលខ្លួន​គ្រប់គ្នា​ទោះបីជា​លទ្ធផល​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញខ្លួន​មិន​ពេញចិត្ត​ក៏ដោយ​។ ប៉ុន្តែ​បើសិនជា​អ្នកសុខ​ចិត្ត​ទប់​មិន​ឲ្យ​វា​ចេញ វា​ពិតជា​មិនសូវ​ល្អ​ឡើយ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខ្មាស់​គេ ឬ​ប៉ះពាល់​ដល់​សុខភាព គួរតែ​រក​កន្លែង​ណា​ដែល​អាច​ផោម​បាន​ស្រួល​ទៅ​។​
 
​បន្ថយ​ការ​ហើមពោះ​
​តើ​អ្នកមាន​អារម្មណ៍​ហើមពោះ​ទេ​? តើ​យល់ថា​ខោ​តឹង​ដែរ​ទេ​? នេះ​ដោយសារតែ​ពោះវៀន​មាន​ខ្យល់​ច្រើន​។ ដូច្នេះ​ពេលខ្លះ​ពេលដែល​តឹង​ពោះ​ខ្លាំង វា​ក៏​អាច​សម្រួល​ដោយ​ខ្លួនឯង​វិញ​តាមរយៈ​ការ​ផោម​នេះឯង​។​
 
​អាច​ដឹងថា​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​
​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​ច្រើនណាស់​ដែល​នាំ​ឲ្យ​មនុស្ស​ផោម​ច្រើន និង​ខ្លាំងក្លា ជាពិសេស​ជំងឺ Coeliac និង Lactose Intolerance​។ ដូច្នេះ​បើសិនជា​អ្នក​ផោម​ច្រើន​ក្រោយពី​ញ៉ាំ​អាហារ​ច្រើន នោះ​អ្នក​កំពុងតែ​មានប្រតិកម្ម​មួយ​នេះហើយ​។​
 
​ជួយ​ដល់​របប​អាហារ​ឲ្យ​មាន​តុល្យភាព​
​មនុស្ស​គ្រប់គ្នា​តែង​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្សេងៗ​ពីគ្នា​ដោយសារតែ​ចំណង់​ចំណូលចិត្ត​ខុសគ្នា ប៉ុន្តែ​ពួកគេ​មាន​ពោះវៀន​ដូចគ្នា​។ នៅពេល​អ្នក​ផោម​មាន​ក្លិនស្អុយ​ខ្លាំង នោះ​អាច​បញ្ជាក់ថា អ្នក​ញ៉ាំ​សាច់​ក្រហម​ច្រើន តែបើ​ផោម​មក​គ្មាន​ក្លិន នោះ​ញ៉ាំ​អាហារ​កាបូ​អ៊ី​ដ្រា​ត​ច្រើន​។​
 
​ការ​ទប់​ផោម​មិន​ឲ្យ​វា​ចេញ មិនល្អ​ចំពោះ​ពោះវៀនធំ​ឡើយ​
​នៅពេល​យើង​ស្ថិតនៅ​កន្លែង​មាន​មនុស្ស​ច្រើន ស្រាប់តែ​ចង់​ផោម អ្វីដែល​យើង​តែងតែ​ធ្វើ​នោះ​គឺ​ព្យាយាម​ទប់​កុំ​ឲ្យ​វា​ចេញ​។ ប៉ុន្តែ​ការធ្វើ​បែបនេះ​មិនល្អ​ឡើយ តែ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​ជំងឺ​ឬ​ស​ដូង​បាត​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com