ស៊ាប់មីនុយអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ជម្លៀសមនុស្សជាង១លាននាក់ពីព្យុះទីហ្វុង Goni
01, Nov 2020 , 10:59 am        
រូបភាព
ព្យុះត្រូពិក Molave (រូបតំណាង)។ រូបភាព៖AFP
ព្យុះត្រូពិក Molave (រូបតំណាង)។ រូបភាព៖AFP
ដោយ:
 
អាជ្ញាធរហ្វីលីពីន នៅថ្ងៃទី៣១ តុលា បានជម្លៀសប្រជាជនជាង១លាននាក់នៅផ្នែកខាងត្បូងនៃប្រទេស ដើម្បីបង្ការគ្រោះថ្នាក់ដល់អាយុជីវិត ខណៈព្យុះ Goni ដែលជាព្យុះកម្រិតខ្លាំងបំផុតលំដាប់ទៅ៥ ចាប់ផ្តើមបោកបក់លើប្រទេសហ្វីលីពីន។


កោះLuzon ដែលរងនូវខ្យល់ព្យុះទីហ្វុងGoni តំណាងឲ្យ២ភាគ៣ នៃសេដ្ឋកិច្ចហ្វីលីពីន និងមានប្រជាជនប្រមាណ៥៤លាន។ ព្យុះទីហ្វុងGoni ដែលបោកបក់ពីល្បឿន២១៥ ទៅ២៦៥គីឡូម៉ែត្រក្នុងមួយ នឹងនាំមកនូវខ្យល់បោកបក់យ៉ាងខ្លាំង និងភ្លៀងយ៉ាងជោគជាំ។ ព្យុះនេះ ក៏ត្រូវបានគេចាត់ទុកថា ជាព្យុះទីហ្វុងមួយដែលមានកម្លាំងខ្លាំងបំផុត ធៀបទៅនឹងព្យុះទីហ្វុងHaiyan ដែលបោកបក់លើហ្វីលីពីន ក្នុងឆ្នាំ២០១៣ និងសម្លាប់មនុស្ស៦ពាន់៣រយនាក់។
 
យោងតាមមន្ត្រីឧតុនិយមហ្វីលីពីន ព្យុះខាងលើនឹងធ្វើដំណើរពីសមុទ្រប៉ាស៊ីហ្វិក ដោយនាំមកនូវភ្លៀងជោគជាំលើរដ្ឋធានីម៉ានីល និងតំបន់២១ទៀតនៅជុំវិញចាប់ពីថ្ងៃទី១ វិច្ឆិកាទៅ ដែលអាចបណ្តាលឲ្យមានទឹកជំនន់ និងការបាក់ដី។
 
ជាការគ្រប់គ្រងទៅនឹងព្យុះខាងលើ អភិបាលក្រុងInfanta  នៃខេត្តQuezon បានបញ្ចេញគ្រឿងចក្រ សម្ភារជំនួយ និងឧបករណ៍ការពារខ្លួន ទៅកាន់ទីតាំងសំខាន់ៗទាំងអស់។ លោកអភិបាលFilipino Grace America ក៏បានលើកឡើងផងដែរថា ដោយសារតែជំងឺCOVID-19 ក្រុងរបស់លោកមានសេចក្តីបារម្ភ ខ្លាចក្រែងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទប់ទល់នឹងខ្យល់ព្យុះនេះ។
 
ចំណែកអាជ្ញាធរខេត្តAlbay បានអះអាងថាប្រជាជនចំនួន៧៩៤,០០០ នាក់ត្រូវបានជម្លៀសចេញទៅទីកន្លែងមានសុវត្ថិភាព។ នេះយោងតាមលោកRicardo Jalad ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លើកឡើងក្នុងសន្នីសិទសារព័ត៌មាន។
 
ក្រៅតែពីវិធានការខាងលើ អាជ្ញាធរក៏បានផ្អាកនូវប្រតិបត្តិការកំពង់ផែទាំងអស់ និងហាមមិនឲ្យអ្នកនេសាទចុះទូកទៅសមុទ្រ។ ក្រៅតែពីនេះ ក្រុមហ៊ុនអាកាសចរណ៍ ក៏បានលុបចោលជើងហោះហើរមួយចំនួនផងដែរ។នេះយោងតាមសារព័ត៌មាន Reuters។
 
ព្យុះGoni គឺជាព្យុះត្រូពិកទី១៨ ដែលបក់ឆ្លងកាត់ហ្វីលីពីន។ កាលពីសប្តាហ៍មុន ព្យុះMolave ក៏បានបក់កាត់ហ្វីលីពីន នឹងសម្លាប់មនុស្សចំនួន២២នាក់ ដែលភាគច្រើននៅខាងត្បូងប្រទេស។
 
ព្យុះទីហ្វុងមួយទៀតដែលមានឈ្មោះAtsani ដែលបោកបក់ក្នុងល្បឿន៧០គីឡូម៉ែត្រក្នុងមួយម៉ោង ក៏នឹងចាប់ផ្តើមមានឥទ្ធិពលលើប្រទេសនេះផងដែរ។
ហ្វីលីពីន ជាប្រទសដែលទទួលព្យុះជាញឹកញាប់បំផុត ជាទូទៅប្រទេសមានព្យុះបក់កាត់ចំនួន២០ជារៀងរាល់ឆ្នាំ។ការជម្លៀស និងគ្រប់គ្រងគ្រោះមហ្តរាយ កាន់តែមានសភាពពិកបាកបន្ថែមទៀតសម្រាប់អាជ្ងាធរហ្វីលីពិន ត្បិតអីអាជ្ញាធរចាំបាច់ត្រូវបង្ការការឆ្លងនៃជំងឺCOVID-19។
 
គួរបញ្ជាក់ផងដែរថា ហ្វីលីពីនជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានករណីឆ្លងCOVID-19 ច្រើនលំដាប់ទី២ ដោយមានករណីឆ្លងចំនួន៣៨០,៧២៩ករណី និងស្លាប់ចំនួន៧,២២១នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com