សង្គមអន្តរជាតិ​
អន្តរជាតិ
ស្រីលង្ការបញ្ជូនសម្រាម២៤២កុងទឺន័រ ត្រឡប់ទៅអង់គ្លេសវិញ
01, Nov 2020 , 6:59 pm        
រូបភាព
កុងទឺន័រផ្ទុកសម្រាមខុសច្បាប់នៅស្រីលង្ការ។ រូបភាព៖ AFP
កុងទឺន័រផ្ទុកសម្រាមខុសច្បាប់នៅស្រីលង្ការ។ រូបភាព៖ AFP
ដោយ:
ស្រីលង្ការ នៅថ្ងៃទី៣១ តុលា បានចាប់ផ្តើមបញ្ជូនសម្រាមដែលមានលក្ខណៈគ្រោះថ្នាក់ចំនួន២៤២កុងទឺន័រ ត្រឡប់ទៅអង់គ្លេសវិញ តាមដីការរបស់តុលាការ។ ការបញ្ជូនសម្រាមត្រឡប់ទៅវិញនេះ ត្រូវឡើងបន្ទាប់ពីមានការប្តឹងប្តល់ក្នុងតុលាការអស់រយៈពេល២ឆ្នាំ ដោយសកម្មជនការពារបរិស្ថានជាអ្នកចេញមុខទាមទារឲ្យបញ្ជូនសម្រាមទៅវិញ។


ស្រីលង្ការ មិនខុសពីបណ្តារប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត បានរួមគ្នាលែងទទួលយកសម្រាមពីបណ្តារប្រទេសអ្នកមាន និងចាប់ផ្តើមបញ្ជូនសម្រាមទាំងនោះទៅវិញ។
 
ដីការរបស់តុលាការស្រីលង្ការ បានបង្គាប់ឲ្យក្រុមហ៊ុនបញ្ជូនត្រឡប់ទៅវិញ សម្រាមវេជ្ជសាស្ត្រចំនួន២០កុងទឺន័រ និងសម្រាមចំនួន៦៥កុងទឺន័រផ្សេងទៀតនៅសប្តាហ៍ក្រោយ។ នេះយោងតាមលោកSunil Jayaratne មន្ត្រីគយស្រីលង្ការ។ លោកបន្ថែមថា សម្រាមទាំងអស់នោះ នឹងត្រូវបញ្ជូនទៅកាន់តែឆាប់បើសិនជាមាននាវា។ នេះយោងតាមសារព័ត៌មាន AFP។
 
តុលាការស្រីលង្ការ កាលពី២សប្តាហ៍មុន បានចេញដីការបង្គាប់ឲ្យបញ្ជូនទៅវិញនូវរាល់កាកសំណល់ជីវសាស្ត្រដែលចេញពីមន្ទីរពេទ្យ និងផ្លាស្ទិកដែលត្រូវបាននាំចូលដោយខុសច្បាប់ចូលស្រីលង្ការ។ តុលាការអះអាងថាការនាំចូលសម្រាមទាំងអស់នោះបំពានច្បាប់ក្នុងស្រុក និងច្បាប់អន្តរជាតិស្តីពីការនាំចេញតាមនាវា។
 
សម្រាមចំនួន២៤២កុងទឺន័រត្រូវបាននាំចូលអំឡុងឆ្នាំ២០១៧ និង២០១៨។ ក្រោយការនាំចូលសម្រាមនោះ អង្គការការពារបរិស្ថាន(CEJ) បានដាក់ញត្តិទៅតុលាការ ស្នើសុំឲ្យតុលាការស្រីលង្ការចេញដីការមិនទទួលយកសម្រាមនោះ។សម្រាមទាំងនោះ ត្រូវបានមន្ត្រីគយស្រីលង្ការរកឃើញ នៅកំពង់ផែColombo និងនៅតំបន់ពាណិជ្ជកម្មក្បែររដ្ឋធានីស្រីលង្ការ។ 
 
មន្ត្រីគយស្រីលង្ការ មិនបរិយាយពីប្រភេទសម្រាមទាំងអស់នោះទេ ប៉ុន្តែបានបញ្ជាក់ថាមានសម្រាមប្រភេទគ្រោះថ្នាក់ ដូចជាវេជ្ជសាស្ត្រ សំណល់មនុស្ស និងសម្រាមជីវសាស្ត្រ។
ចំពោះរឿងសម្រាមនេះ អាជ្ញាធរគយអះអាងថាកុងទឺន័រទាំងនោះត្រូវបាននាំចូលដោយខុសច្បាប់អន្តរជាតិស្តីពីសម្រាមគ្រោះថ្នាក់ ដែលរួមមានផ្លាស្ទិកផងដែរ។ កាលពីឆ្នាំមុន រដ្ឋាភិបាលស្រីលង្ការបានធ្វើការស៊ើបអង្កេតសម្រាមគ្រោះថ្នាក់ចំនួន៣ពាន់តោន និងបានបញ្ជូនសម្រាមចំនួន១៨០តោន ទៅឌូបៃវិញក្នុងឆ្នាំ២០១៧ និង២០១៨។
 
ក្រៅតែពីស្រីលង្ការ ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានបញ្ជូនសម្រាមរាប់រយកុងទឺន័រត្រឡប់ទៅប្រទេសដើម និងច្រានចោល លែងទទួលយកសម្រាមទាំងនោះតទៅទៀត។
កាលពីខែកញ្ញាកន្លងទៅ សម្រាមចំនួន២៦០តោន មកពីប្រទេសចំនួន២១ បានបញ្ជូនត្រឡប់ទៅអង់គ្លេសវិញ ដោយរដ្ឋាភិបាលប្រទេសទាំងនោះច្រានចោលលែងទទួលយកតទៅទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com