អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រញ្ជួយដីនៅតួកគី និងក្រិកសម្លាប់មនុស្ស៤៦នាក់ និងរបួសជាង៩០០នាក់
01, Nov 2020 , 5:30 pm        
រូបភាព
ដោយ:
 
គ្រោះមហន្តរាយរញ្ជួយដី នៅតួកគី និងក្រិកកាលពីថ្ងៃទី៣០ ខែតុលា បានបណ្តាលឲ្យមនុស្ស៤៦នាក់ស្លាប់ និងរបួសជិត៩០០នាក់។ ចំណែកឯកម្មករ និងអ្នកសង្គ្រោះកំពុងប្រញាប់ប្រញាល់ទាញ់អ្នកដែលរួសរានមានជីវិតចេញពីគំនរបាក់បែកក្រោមអាគារ។ តួកគី ទទួលគ្រោះមហន្តរាយធ្ងន់ធ្ងរជាក្រិក។


នៅរសៀលថ្ងៃទី៣០ ខែតុលា បាតុភូតរញ្ជួយដីដែលមានកម្រិត៦,៩រិច្ទ័រ កើតឡើងនៅសមុទ្រAegean ក្នុងជំរៅ ១៦គីឡូម៉ែត្រ ក្រោមបាតុសមុទ្រស្ថិតនៅចន្លោះតួកគី និងក្រិក។គ្រោះរញ្ជួយដីនេះ ក៏បណ្តាលឲ្យមានរលកយក្សស៊ូណាមិតូចមួយផងដែរ ចំណែកឯរលករញ្ជួយមានរហូតដល់រដ្ឋធានីអាថែនរបស់ក្រិក និង អ៊ីស្តង់ប៊ុលរបស់តួកគី។
 
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយតួកគី(AFAD) ប្រទេសខ្លួនមានអ្នកស្លាប់ចំនួន៤៤នាក់ ខណៈក្រុមអ្នកសង្គ្រោះកំពុងប្រញាប់ប្រញាល់ទាញយកសាកសពមនុស្សបន្ថែមទៀតពីគំនរអាគារដែលបាក់រលំ រីឯអ្នករបួសមានរហូតដល់ទៅ៨៩៦នាក់។ក្រិកវិញ អះអាងថាមានមនុស្សចំនួន២នាក់ស្លាប់ និង១៩នាក់ទៀតរងរបួស។
 
ការស្វែងរកអ្នកដែលកំពុងរួសរានមានជីវិតបានឈានមកដល់ថ្ងៃទី៣ហើយ ជាពិសេសនៅសង្កាត់Izmir ដែលទទួលរងការរញ្ជួយខ្លាំងជាងគេ។ ក្រុមសង្គ្រោះតួកគី បានរកឃើញបុរសម្នាក់វ័យ៧០ឆ្នាំ ដែលជាប់ក្នុងគំនរបាក់បែក និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
 
តួកគី និងក្រិកកំពុងតែមានភាពតានតឹងជាមួយគ្នា លើការគ្រប់គ្រងតំបន់មេឌីទែរ៉ាណេខាងកើត ដែលសម្បូរទៅដោយធនធានធម្មជាតិ។ ប៉ុន្តែក្រោយគ្រោះមហន្តរាយកើតឡើយភ្លាមប្រទេសទាំង២បានផ្ងើសាររំលែកទុកឲ្យគ្នាទៅវិញទៅមក។ ជាក់ស្តែងលោក Kyriakos Mitsotakis បានទូរសព្ទទៅប្រធានាធិបតីតួកគីលោកTayyip Erdogan ដើម្បីរំលែកទុកការបាត់បងជីវីតរបស់ប្រទេសទាំងសងខាង។
 
ចំណែកលោកErdogan តាមរយៈបណ្តាញសង្គមTwitter វិញបានសសេរថា៖«ទោះជាយើងមានភាពខុសគ្នាយ៉ាងណាក្តី នេះជាពេលដែលប្រជាជនយើងត្រូវសាមគ្គីជាមួយគ្នា»។
រីឯរដ្ឋមន្ត្រីការបរទេសក្រិកវិញអះអាងថា ក្រិកត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនក្រុមសង្គ្រោះទៅតួកគីដើម្បីជួយយកមនុស្សចេញពីអាគារដែលរលំ។ប្រទេសទាំង២ ធ្លាប់ជួយគ្នាបែបនេះទៅវិញទៅមកក្រោយពេលមានគ្រោះរញ្ជួយដីរហូតដល់គេឲ្យឈ្មោះសកម្មភាពនោះថា «ការទូតគ្រោះរញ្ជួយដី»។
តួកគី គឺជាប្រទេសដែលស្ថិតនៅចន្លោះនៃទ្វីប ដែលប្រឈមនឹងគ្រោះរញ្ជូយដីច្រើន។ ក្នុងឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីធំៗចំនួន២ នៅភាគខាងឥសានតួកគីបណ្តាលឲ្យមនុស្ស១ម៉ឺន៨ពាន់នាក់។ ចំណែកក្រិក ក៏ជួបគ្រោះរញ្ជួយដីញឹកញាប់ផងដែរ។
 
គ្រោះរញ្ជួយដីនៅតួកគីកើតឡើងចំពេលដែលតួកគី កំពុងតែទទួលរងនូវវិបត្តិសេដ្ឋកិច្ច ក៏ដូចជាករណីឆ្លងបណ្តាលមកពីជំងឺCOVID-19។ គិតមកដល់ពេលនេះ មនុស្សជាង១ម៉ឺននាក់ស្លាប់នៅតួកគីដោយសារជំងឺCOVID-19៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com