អន្តរជាតិ
UN៖ ការវាយប្រហារ​លើ​ជន​ស៊ីវិល​ក្នុង​តំបន់ Nagorno-Karabakh អាចជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​
03, Nov 2020 , 8:29 pm        
រូបភាព
លោកស្រីMichelle Bachelet​ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបភាព៖AFP
លោកស្រីMichelle Bachelet​ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបភាព៖AFP
ដោយ:
​ការ​ផ្លោង​កាំភ្លើង​ធំ​ទៅលើ​ប្រជាជន​ស៊ីវិល​អំឡុង​ការប្រយុទ្ធ​គ្នា​នៅ​តំបន់​ជម្លោះ Nagorno-Karabakh អាច​ចាត់ទុកថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ នេះ​បើតាម​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (UNHCR)​។ ភ្នាក់ងារ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នេះ បានទាមទារ​ឲ្យ​ភាគី​ជម្លោះ​ទាំង​២ អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បញ្ឈប់​ជាបន្ទាន់​ការវាយប្រហារ​ទៅលើ​ទីប្រជុំជន សាលារៀន និង​មន្ទីរពេទ្យ​។​


​ការវាយប្រហារ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​ឈានចូល​ដល់​ខែ​ទី​២​ហើយ​។ បើទោះបី​ជាមាន​បទ​ឈប់​បាញ់​ថ្មី​ដែល​ជ្រោមជ្រែង​ដោយ​អាមេរិក​ក្តី ភាគី​ទាំង​២​បន្ត​ចោទ​គ្នា​ទៅវិញទៅមក លើ​ការវាយប្រហារ​លើ​ជន​ស៊ីវិល​នៅក្នុង​តំបន់​ជម្លោះ​នេះ​។​
 
​លោកស្រី Michelle Bachelet ប្រធាន UNHCR អះអាងថា ការវាយប្រហារ​ដោយ​មិន​រើសអើង​ក្នុង និង​នៅ​ជុំវិញ​តំបន់​ដែលមាន​ប្រជាជន​ច្រើន​កុះករ គឺ​ផ្ទុយទៅនឹង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកស្រី​ទទូច​ឲ្យ​ភាគី​ជម្លោះ​ទាំងសងខាង​បញ្ចៀស​ការបាត់​បង់ជីវិត​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​។ 
 
«​ផ្ទុយទៅវិញ ផ្ទះ​ត្រូវបាន​បំផ្លាញ ផ្លូវ​ត្រូវបាន​កម្ទេច និង​ប្រជាជន​ត្រូវ​ជម្លៀស​ចេញពីផ្ទះ ឬ​ស្វែងរក​ជម្រក​សុវត្ថិភាព​»​។ លោកស្រី​សង្កត់ធ្ងន់​បែបនេះ ហើយ​បន្តថា ការវាយប្រហារ​បែបនេះ​ត្រូវតែ​បញ្ឈប់ ហើយ​អ្នក​ដែល​ប្រព្រឹត្ត ឬ​បញ្ជា​អំពើ​ទាំងនេះ ត្រូវតែ​ទទួលខុសត្រូវ​។​
 
​ដោយ​ស្រង់​យក​ព័ត៌មាន​ពី​ភាគី​ទាំងសងខាង លោកស្រី Bachelet បាន​អះអាងថា មាន​ប្រជាជន​អា​ស៊ែ​បៃ​ហ្ស​ង់​ចំនួន​៤​ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​ពី​តំបន់​ជម្លោះ ខណៈ​ជនភាគតិច​អា​មេ​នី​នៅ Nagorno-Karabakh ចំនួន​៩​ម៉ឺន​នាក់​ភៀសខ្លួន​ចូលក្នុង​ទឹកដី​អា​មេ​នី​។ បន្ថែម​ពីនេះ UNHCR បញ្ជាក់ថា មាន​មនុស្ស​ច្រើនជាង​១​ពាន់​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​គ្នា​នេះ​។​
 
​ក្រៅតែពី​ការស្លាប់ និង​ភៀសខ្លួន​របស់​ជន​ស៊ីវិល ក្រុម​អង្គការសិទ្ធិមនុស្ស បាន​ចោទ​ភាគី​ទាំងសងខាង​ថា បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ក្នុងការ​ផ្លោង​ទីក្រុង Barda កាលពី​ថ្ងៃទី​២៨ វិច្ឆិកា កន្លងទៅ​។ គ្រាប់បែក​ចង្កោម ជា​អាវុធ​ដែល​ត្រូវបាន​ច្បាប់​អន្តរជាតិ​ហាមឃាត់ ហើយ​ចង្កោម​តូចៗ​នៃ​គ្រាប់បែក​ដែល​ធ្លាក់​នោះ​គ្របដណ្តប់​លើ​ផ្ទៃដី​យ៉ាង​ធំ​។​
 
​តប​ទៅនឹង​ការលើកឡើង​របស់ UNHCR នេះ នាយករដ្ឋមន្ត្រី​អា​មេ​នី Nikol Pashi​ន​yan ក៏បាន​ទាមទារ​ផងដែរ​ឲ្យ​សហគមន៍​អន្តរជាតិ បើក​ការស៊ើបអង្កេត​ទៅលើ​វត្តមាន​ទាហាន​ស៊ីឈ្នួល​បរទេស​ក្នុង​តំបន់​ជម្លោះ បន្ទាប់ពី​ខ្លួន​ចាប់បាន​ទាហាន​ស៊ី​រី​២​នាក់​។ ចំណែក​ក្រសួងការពារជាតិ​អា​មេ​នី អះអាងថា ថ្មីៗ​នេះ ការបាញ់​កាំភ្លើង​ធំ​ពី​អា​ស៊ែ​បៃ​ហ្ស​ង់ បណ្តាល​ឲ្យ​ជន​ស៊ីវិល​ម្នាក់​ស្លាប់ និង​របួស​២​នាក់​ផងដែរ​។​
 
​អា​ស៊ែ​បៃ​ហ្ស​ង់ ច្រានចោល​ការលើកឡើង​ខាងលើ និង​អះអាងថា ទ័ព​របស់ខ្លួន​បាន​កាន់កាប់​ទីប្រជុំជន​ចំនួន​៨​បន្ថែមទៀត​នៅក្នុង​តំបន់​ជម្លោះ​។​
​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បន្ត​ចោទ​គ្នា​ទៅវិញទៅមក លើ​ការវាយប្រហារ​លើ​ជន​ស៊ីវិល​នៅក្នុង​តំបន់​ជម្លោះ បន្ទាប់ពី​ប្រទេស​ទាំង​២​យល់ព្រម​ជួប​ជជែក​គ្នា​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​នៅ​ថ្ងៃទី​៦ វិច្ឆិកា​ខាងមុខ​៕
 
 
 
 

Tag:
 UN
  អា​មេ​នី​
  អា​ស៊ែ​បៃ​ហ្ស​ង់
© រក្សាសិទ្ធិដោយ thmeythmey.com