អន្តរជាតិ
ជនប្រដាប់អាវុធ​វាយប្រហារ​សាកលវិទ្យាល័យ​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​១៩​នាក់​
03, Nov 2020 , 7:59 pm        
រូបភាព
​កងកម្លាំង​សន្ដិសុខ​ចាក​ចេញពី​កន្លែងកើតហេតុ បន្ទាប់ពី​មានការ​វាយប្រហារ​នៅ​សាកលវិទ្យាល័យ​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​កងកម្លាំង​សន្ដិសុខ​ចាក​ចេញពី​កន្លែងកើតហេតុ បន្ទាប់ពី​មានការ​វាយប្រហារ​នៅ​សាកលវិទ្យាល័យ​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
ដោយ: VOA
​ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា ក្រុម​ជនប្រដាប់អាវុធ​បាន​វាយប្រហារ​ទៅលើ​សាកលវិទ្យាល័យ​ក្រុង​កា​ប៊ុល ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ចន្ទ ដែល​ធ្វើ​ឲ្យ​មាន​ការបាញ់​តតាំង​គ្នា អស់​ជាច្រើន​ម៉ោង ដោយ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១៩​នាក់​បាន​ស្លាប់ និង​២២​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ការប្រយុទ្ធ​គ្នា​នៅក្នុង​គ្រឹះស្ថាន​អប់រំ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ដែល​ត្រូវបាន​ហែកហួរ​ដោយ​ភ្លើងសង្គ្រាម​មួយ​នេះ​។​

 
​ការវាយប្រហារ​នេះ​កើតឡើង​ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​សៀវភៅ​នៅ​ទីនោះ ដែល​ត្រូវបាន​ចូលរួម​ដោយ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​ក្រុម​ជនប្រដាប់អាវុធ បាន​សម្រុក​ចូលក្នុង​សាកលវិទ្យាល័យ​ក្នុង​ក្រុង​កា​ប៊ុល​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ហើយ​បាន​បើក​ការបាញ់រះ​តែម្តង ដែល​បណ្តាល​ឲ្យ​មាន​ភាពច្របូកច្របល់​។ វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ Twitter ដោយ​ទូរទស្សន៍​អា​ហ្វ​ហ្គា​នី​ស្ថាន Tolo បានបង្ហាញ​ពី​ភាព​ផ្អើល​ច្របូកច្របល់ ក្នុងពេលដែល​សិស្ស​និស្សិត​កំពុង​រត់គេច​ចេញពី​ការបាញ់ប្រហារ ដោយ​គេ​ឮ​សំឡេង​គ្រាប់កាំភ្លើង​នៅ​ខាងក្រោយ​ខ្នង​ពួកគេ​ផងដែរ​។​
 
​ក្រុមមន្ត្រី​សន្តិសុខ ភ្លាមៗ​នោះ ក៏បាន​ឡោមព័ទ្ធ​និង​បិទ​ច្រកចេញ​ចូលក្នុង​បរិវេណ​កើតហេតុ​នោះ​តែម្តង​។ គេ​ឃើញ​មាន​រថពាសដែក​ធុន​ធ្ងន់​របស់​កម្លាំង​សន្តិសុខ​បានមក​ដល់​ខាងក្រៅ​របង​សាកលវិទ្យាល័យ​នោះ​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់ថា កម្លាំង​សន្តិសុខ​បាន​ចូលមក​ធ្វើ​អន្តរាគមន៍ ប៉ុន្តែ​បានធ្វើ​សកម្មភាព​ដោយ​យឺតៗ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​។​
 
​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការបាញ់ប្រហារ​នោះ​នៅឡើយ​ទេ ហើយ​ក្រុម​ឧទ្ទាម​តា​លី​បង់ ក៏បាន​បដិសេធ​ការទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com