អន្តរជាតិ
ខ្មាន់កាំភ្លើង​ដែលបាញ់​មនុស្ស៤នាក់​ស្លាប់នៅក្រុងវីយែន ជាអ្នកគាំទ្រ ISIS
04, Nov 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរអូទ្រីស បានប្រកាសពីអត្តសញ្ញាណខ្មាន់កាំភ្លើងម្នាក់ ដែលបានប្រហារនៅកណ្តាលទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២ ខែវិច្ឆិកា បណ្តាលមនុស្ស៤នាក់ស្លាប់ និង២២នាក់រងរបួស។ យោងតាមភ្នាក់ងារព័ត៌មាន APA ជនល្មើស ជាពលរដ្ឋអូទ្រីសអាយុ២០ឆ្នាំ ឈ្មោះ Fejzulai Kujtim ដែលជាអ្នកគាំទ្រក្រុមភេរវកម្ម ISIS។



Kujtim ធ្លាប់នៅក្រុង St. Poelten នៅភាគខាងលិចក្រុងវីយែន។ លោក Karl Nehammer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូទ្រីស បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ជនល្មើសធ្លាប់ជាប់ពន្ធនាគារ បន្ទាប់ពីព្យាយាមធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីទៅចូលរួមជាមួយក្រុម ISIS។

លោកបានបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០១៩ Kujtim ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២២ខែ ប៉ុន្តែត្រូវបានដោះលែងនារយៈពេល៨ខែបន្ទាប់ ដោយសាររូបគេស្ថិតនៅជាអនីតិជន ហើយបន្តស្ថិតក្រោមការឃ្លាំមើលតុលាការ។

ក្នុងប្រតិបត្តការរបស់ខ្លួន ប៉ូលិសក្រុងវីយែន បានចុះឆែកឆេរ១៨ផ្ទះ និងឃាត់ខ្លួនមនុស្សបាន១៤នាក់ ដើម្បីយកទៅសាកសួរ។ ប៉ូលិសបានអះអាងថា Kujtim មានអាវុធធ្ងន់ៗជាប់ខ្លួន ដោយការរៀបចំរបស់គេនាំឲ្យសមត្ថកិច្ចអាចសន្និដ្ឋានបានភ្លាមៗថា គេជាអ្នកគាំទ្រដ៏ងុបងល់ម្នាក់របស់ ISIS។
អធិការបតីអូទ្រីសលោក Sebastian Kurz អះអាងថា ការវាយប្រហារកាលពីយប់ថ្ងៃចន្ទនោះថា ជាភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើម។
ក្រោយការវាយប្រហារភ្លាមៗ រដ្ឋមន្ត្រីមហាផ្ទៃអូទ្រីស លោក Karl Nehammer បានព្រមានមិនឲ្យពលរដ្ឋធ្វើដំណើរទៅទីកន្លែងនៅកណ្តាលក្រុងវីយែន និងអះអាងថា កុមារមិនចាំបាច់ទៅសាលាឡើយ។

ការបាញ់ប្រហារខាងលើនេះ កើតឡើងប៉ុន្មានម៉ោងមុនអូទ្រីសបិទប្រទេសជាថ្មី ដោយសារការកើនឡើងករណីឆ្លងជំងឺ COVID-19 ។ ភោជនីយដ្ឋាន ហាងកាហ្វេ និងសណ្ឋាគារត្រូវបានរឹតត្បិតការចេញចូលនៅពេលរាត្រី។

ក្រោយអំពើមានអំពើបាញ់ប្រហារនេះភ្លាម គេឃើញក៏មានសាររំលែកទុក្ខ និងការថ្កោលទោសពីសំណាក់ថ្នាក់ដឹកនាំប្រទេសអឺរ៉ុបរួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី និងឆេក ក៏ដូចជាសហភាពអឺរ៉ុប។ ឆេកដែលមានព្រំដែនជាប់អូទ្រីស បញ្ជាក់ថា ខ្លួនក៏កំពុងត្រួតពិនិត្យយានយន្ត និងអ្នកធ្វើដំណើរពីអូទ្រីសផងដែរ ដើម្បីជាវិធានការការពារ៕


© រក្សាសិទ្ធិដោយ thmeythmey.com