អន្តរជាតិ
អគ្គមេបញ្ជាការ​យោធា​៖ មី​យ៉ាន់​ម៉ា​ចង់បាន​ការបោះឆ្នោត​សេរី និង​យុត្តិធម៌​
04, Nov 2020 , 7:29 pm        
រូបភាព
អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing។ រូបភាព៖ Reuters
អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing។ រូបភាព៖ Reuters
​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា បាន​ចោទ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​សហព័ន្ធ (UEC) ថា បាន​ប្រព្រឹត្ត​កំហុស​មួយចំនួន ដែល​មិនអាច​ទទួលយកបាន​នៅក្នុង​នីតិវិធី​មុន​ការបោះឆ្នោត​។ បើតាម​អគ្គមេបញ្ជាការ​យោធា​រូបនេះ មី​យ៉ាន់​ម៉ា ត្រូវការ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។

 
​តាមរយៈ​កិច្ច​ស​ម្ពា​ស​ដ៏​កម្រ​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក Popular News Journal អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា លោក មីន អ៊ុង​ឡាំង បាន​ចោទ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​សហព័ន្ធ​ថា បាន​បំពាន​ច្បាប់ និង​នីតិវិធី​មួយចំនួន មុន​ការបោះឆ្នោត​។ លោក​បាន​លើកយក​ការ​ត្អូញត្អែរ​របស់​គណបក្សប្រឆាំង​មួយចំនួន​លើ​មាន​ភាពមិនប្រក្រតី​ជុំវិញ​បញ្ជី​អ្នក​ចុះឈ្មោះ​បោះឆ្នោត និង​មានឈ្មោះ​ប្រជាជន​មួយចំនួន មិនត្រូវ​បានដាក់​ក្នុង​បញ្ជី​ឈ្មោះ​។ 
 
«​យើង​បាន​ប្រាប់​គណៈកម្មការ​បោះឆ្នោត​ថា មី​យ៉ាន់​ម៉ា​ចង់បាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​»​។ ឧ​ត្ត​ម​សេនីយ៍​កំពូល​មី​យ៉ាន់​ម៉ា លើកឡើង​បែបនេះ ដោយ​បន្ថែមថា ការប្រព្រឹត្ត​កំហុស​ធម្មតា វា​មិនមាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​កំហុស​មួយចំនួន គឺ​មិនអាច​ទទួលយកបាន ដែល​បញ្ហា​នេះ ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​អ្នកនាំពាក្យ​គណៈកម្មការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា មិនទាន់បាន​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​ឡើយ​។​
 
​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៥ ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​រូបនេះ ក៏​ធ្លាប់​បានលើកឡើង​ពី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែរ បើទោះបីជា​យោធា​គ្រប់គ្រង​កៅអី​២៥​ភាគរយ​នៅក្នុង​សភា និង​ក្រសួង​សំខាន់ៗ ក៏ដោយ​។ 
 
​សូមបញ្ជាក់ថា គណៈកម្មការ​ការរៀប​ចំការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល លោកស្រី អ៊ុង​សាន ស៊ូ​ជី រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ដែល​បានឈ្នះ​ការបោះឆ្នោត​ថ្នាក់ជាតិ នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅ​។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០​នេះ បក្ស​លោកស្រី​ស៊ូ​ជី ត្រូវបាន​រំពឹងថា នឹង​ឈ្នះ​ការបោះឆ្នោត​ជាថ្មី ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាងមុខ​៕ 

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com