COVID-19
ជាតិ
រដ្ឋាភិបាល​ឲ្យ​ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបប្រតិភូប្រមុខការទូតហុងគ្រី ធ្វើ​ចត្តាឡីស័ក
04, Nov 2020 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​ថ្នាក់ដឹកនាំ​ និងមន្ត្រីទាំងអស់​ដែល​បានជួប​ប្រាស្រ័យផ្ទាល់ជាមួយ​ប្រតិភូ​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី លោក Peter Szijarto ធ្វើ​ចត្តា​ឡីស័ក តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ក្រោយទទួលដំណឹង​ថា លោក Peter Szijarto មាន​កូវីដ-១៩។



លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា លោក និងមន្រ្តីរបស់លោក៣នាក់ទៀត បានចាប់ផ្តើមធ្វើចត្តាឡីស័កហើយ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះទៅ។ លោករដ្ឋមន្រ្តីធនធានទឹក បញ្ជាក់ថា លោក និងមន្រ្តីរបស់លោកទាំង៣នាក់ បានធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩រួចហើយ ដោយមិនទាន់ចេញលទ្ធផលនោះទេ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទដែរនោះ អះអាងថា លោក និងមន្ត្រីជាន់ខ្ពស់របស់លោក៧នាក់ទៀត នឹងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ លោករដ្ឋមន្ត្រីកសិកម្ម ដែលកំពុងស្ថិតនៅខេត្តពោធិ៍សាត់ មានប្រសាសន៍ថា៖«ប្រាកដណាស់ នៅពេលមានសភាពការណ៍មិនស្រួលកើតឡើង យើងនឹងធ្វើ [ចត្តាឡីស័ក] ព្រោះវាជាកាតព្វកិច្ចរបស់យើង តាមវិធានការរបស់ក្រសួងសុខាភិបាល»។  

រដ្ឋមន្រ្តីធនធានទឹកនិងរដ្ឋមន្រ្តីកសិកម្ម ស្ថិតក្នុងចំណោមរដ្ឋមន្រ្តីដទៃទៀត ដែលបានចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី។

លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ ក្នុងអំឡុងដាក់ចត្តាឡីស័ក ពេលទៅដល់ប្រទេសថៃ។ បញ្ហានេះ បានធ្វើឲ្យជំនួបរវាងលោករដ្ឋមន្ត្រីការបរទេសហុងគ្រី និងនាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចា ត្រូវលុបចោល។
 
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសហុងគ្រី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងទៀតដែរ រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ , លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជា។

ចំណែកលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានជួបលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ នៅវិមានសន្តិភាព។
 
សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ បានធ្វើតេស្តនិងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com