សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រធានាធិបតី​កូ​សូ​វ៉ូ លាលែង​ពី​តំណែង ដើម្បី​តតាំង​ការចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​តុលាការ​ឡាអេ​
06, Nov 2020 , 12:30 pm        
រូបភាព
លោកHashim Thaci អតីតប្រធានាធិបតីកូសូវ៉ូ។ រូបភាព៖ AFP
លោកHashim Thaci អតីតប្រធានាធិបតីកូសូវ៉ូ។ រូបភាព៖ AFP
ដោយ:
​លោក Hashim Thaci បាន​លាលែង​ពី​ប្រធានាធិបតី​កូ​សូ​វ៉ូ​នៅ​ថ្ងៃទី​៥ វិច្ឆិកា ដើម្បី​ឡើង​តុលាការ​ពិសេស​នៅ​ទី​ក្រុងឡាអេ បន្ទាប់ពី​ត្រូវបាន​ការចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​១៩៩៩ ក្នុង​សង្គ្រាម​ផ្តាច់ខ្លួន​របស់​កូ​សូ​វ៉ូ​ចេញពី​ស៊ែ​ប៊ី​។ លោក​បាន​អះអាង​ពី​ភាព​ស្អាតស្អំ និង​តាំងចិត្ត​តតាំង​ដោយ​មិន​រត់គេច​ឡើយ​។​


លោក Hashim Thaci ដែល​វីរបុរស​សង្គ្រាម​ឯករាជ្យ​របស់​កូ​សូ​វ៉ូ និង​ជា​ប្រធានាធិបតី​តាំងតែ​ពី​ឆ្នាំ​២០១៦​មក បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង នៅ​ចំពោះ​មុខការ​ចោទ​របស់​អង្គជំនុំជម្រះ​ពិសេស​ពិសេស​កូ​សូ​វ៉ូ​។ លោក Thaci អះអាងថា ការលាលែង​ពី​តំណែង​របស់លោក ជា​រឿង​ចាំបាច់​ក្នុងការ​ការពារ​សុច្ចរិត​ភាព​របស់​កូ​សូ​វ៉ូ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ក្រោយ​លាលែង​ពី​តំណែង លោក​បាន​ធ្វើដំណើ​ទៅកាន់​ព្រលានយន្តហោះ​យោធា និង​ហោះ​សំដៅទៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ ដែល​ក្រោយមក​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការឃុំ​ឃាំង​ដោយ​តុលាការ​ពិសេស​កូ​សូ​វ៉ូ​។ តុលាការ​នេះ បាន​ចោទ​លោក​Thaci និង​អតីត​ថ្នាក់ដឹកនាំ​កងទ័ព​រំដោះ​កូ​សូ​វ៉ូ (KLA) ៣​រូប​ផ្សេងទៀត​ពាក់ព័ន្ធ​អំពើ​ខុសច្បាប់​ក្នុង​ជំរំ​ឃុំឃាំង​ដូចជា​ការធ្វើ​ទារុណកម្ម លក្ខខណ្ឌ​រស់នៅ​មិន​សមស្រប និង​ការសម្លាប់​ជន​ស៊ីវិល​ជាដើម​។​

​រដ្ឋអាជ្ញារ​របស់​តុលាការ​ខាងលើ បញ្ជាក់ថា លោក Thaci និង​បក្សពួក​ក៏​ទទួលខុសត្រូវ​ផងដែរ​ចំពោះ​ការសម្លាប់​ជន​ស៊ីវិល​ជាង​១០០​នាក់ នៅពេល​លោក​ជា​មេបញ្ជាការ KLA ដែល​បាន​ប្រយុទ្ធ​ជាមួយនឹង​ទាហាន និង​ប៉ូលិស​ស៊ែ​ប៊ី​ពី​ឆ្នាំ​១៩៩៨ ដល់​១៩៩៩​។​

​តាំងតែ​ពី​ដើម​មក លោក Thaci តែងតែ​ច្រានចោល​ថា លោក​ពុំបាន​ប្រព្រឹត្ត​អំពើ​ទាំង​ខុសច្បាប់​ទាំងអស់​នេះឡើយ​។ កាលពី​ខែកក្កដា​កន្លងទៅ លោក​ថែមទាំង​បាន​ទៅ​តុលាការ​ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋអាជ្ញា​លើ​ការចោទប្រកាន់​ប្រឆាំងនឹង​លោក​ផងដែរ​។ តុលាការ​សម្រេច​ចិត្តចោ​ទ​ប្រកាន់​លោក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​តែម្ដង​។​

​ការប្រគល់​ខ្លួន​របស់លោក​ឲ្យ​តុលាការ​ទទួលបាន​ប្រតិកម្ម​ចម្រុះ​។ សហភាព​អឺរ៉ុប​ស្វាគមន៍​ការសហការ​របស់លោក Thaci និង​តុលាការ ដោយ​រំពឹងថា លោក​នឹង​បង្ហាញខ្លួន​ក្នុង​អង្គ​បុ​រេ​ជំនុំជម្រះ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ ចំណែកឯ​សមាជិកសភា​ស៊ែ​ប៊ី ទទួលបន្ទុក​កិច្ចការ​កូ​សូ​វ៉ូ​វិញ​អះអាងថា ការចោទប្រកាន់​នេះ​បង្ហាញថា ការពិត​មាន​មែន​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ KLA ហើយ​ការផ្តន្ទាទោស ជា​រឿង​មិនអាច​ជៀសបាន​។ ចំណែក​ពលរដ្ឋ​កូ​សូ​វ៉ូ​ម្នាក់​បាន​លើកឡើងថា​៖« វា​ជា​រឿង​អយុត្តិធម៌​ដ៏​ធំ​មួយ​ដែល​ត្រូវបាន​ធ្វើឡើង ដោយសារតែ​អ្នក​រំដោះ​របស់​យើង​ត្រូវបាន​គេ​កាត់ទោស​»​។​

​តុលាការ​ពិសេស​កូ​សូ​វ៉ូ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ ដោយ​ទទួលបន្ទុក​លើ​សំណុំរឿង​សង្គ្រាម​ផ្តាច់ខ្លួន​របស់​កូ​សូ​វ៉ូ​ពី​ស៊ែ​ប៊ី​។ តុលាការ​នេះ​ប្រើប្រាស់​ច្បាប់​កូ​សូ​វ៉ូ ប៉ុន្តែ​មាន​មន្ត្រី​បម្រើការ​ដូចជា​ចៅក្រម រដ្ឋអាជ្ញា និង​ក្រឡាបញ្ជី​មកពី​ក្របខណ្ឌ​អន្តរជាតិ​។​

​សង្គ្រាម​ផ្តាច់ខ្លួន​របស់​កូ​សូ​វ៉ូ​ផ្ទុះឡើង​ក្នុង​ខែកុម្ភៈ ឆ្នាំ​១៩៩៨ និង​បញ្ចប់​នៅ​ថ្ងៃទី​១១ មិថុនា ឆ្នាំ​១៩៩៩​។ ការស្រាវជ្រាវ​ប៉ាន់​ស្មានថា មាន​មនុស្ស​ស្លាប់​ទាំងសងខាង​ចំនួន​១​ម៉ឺន​៣​ពាន់​នាក់ និង​រាប់ពាន់នាក់​ទៀត​បាត់​ខ្លួន​។ កូ​សូ​វ៉ូ បានប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​២០០៨ ដោយមាន​ប្រទេស​ជាច្រើន​ទទួលស្គាល់​ដូចជា​អាមេរិក និង​សហភាព​អឺរ៉ុប តែ​រុស្ស៊ី​បាន​បដិសេធ​៕


Tag:
 ​ស៊ែ​ប៊ី​
  កូ​សូ​វ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com