សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប្រា​យុទ្ធ ចង់បាន​អ្នកមាន​សមត្ថភាព​និង​ស្មោះត្រង់ ស្នង​តំណែង​
06, Nov 2020 , 2:25 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។ រូបភាព៖ AFP
នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បាន​លើកឡើងថា លោក​នឹង​រីករាយ ប្រសិនបើ​មាន​មនុស្ស ដែលមាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ​ល្អ​ជំនួស​តំណែង​របស់លោក នៅពេល​អនាគត​។ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ថៃ​បែបនេះ ធ្វើឡើង​ស្របពេល ប្រជាជន​ថៃ​ជាច្រើន​ពាន់​នាក់ ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​មួយ​នេះ​។

 
​តាមរយៈ​សុន្ទរកថា​នៅ​មហាវិទ្យាល័យ​ការពារជាតិ​ថៃ​ក្នុង​ក្រុង​បាងកក ប្រមុខ​រដ្ឋាភិបាល​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​លើកឡើងថា ប្រសិនបើ​ក្នុងពេល​ខាងមុខ មាន​មនុស្ស​មាន​សមត្ថភាព និង​កាន់​កិច្ចការ​ច្បាស់លាស់​ជាង​ខ្លួន អ្នក​ទាំងនោះ​គឺ សក្តិសម​ណាស់​ក្នុងការ​កាន់តំណែង​ជំនួស​លោក​។ 
 
«​គាត់ ឬ​នាង នឹង​បន្ត​កិច្ចការ​នាយករដ្ឋមន្ត្រី និង​ទទួលបន្ទុក​ដឹកនាំ​ប្រទេស​»​។ លោក​ប្រយុទ្ធ បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ការប្រើប្រាស់​អំណាច មិនមែនជា​រឿង​គួរ​ឲ្យ​សប្បាយ​ទេ ហើយ​បញ្ហា​ទាំងនោះ វា​បាន​កើតឡើង​រួចហើយ ក្នុងពេល​លោក ធ្វើជា​មេបញ្ជាការ​កងទ័ព​។ ក្នុងន័យនេះ លោក ប្រា​យុទ្ធ បាន​ត្អូញត្អែរថា លោក​ធុញទ្រាន់​ណាស់​ក្នុងការ​ប្រើប្រាស់​អំណាច​។ 
 
​ថ្លែង​នៅមុខ​និស្សិត​យោធា​ជាច្រើន​នាក់ អតីត​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​រូបនេះ បាន​រំឭកថា កន្លងមក លោក​បាន​ប្រើប្រាស់​អំណាច​យ៉ាងខ្លាំង ដើម្បី​ការពារ​មនុស្ស​ល្អ ហើយ​ដាក់ទណ្ឌកម្ម​លើ​មនុស្ស​អាក្រក់ ដែល​នេះ​វា​ពិបាក​គ្រប់គ្រាន់​ហើយ​សម្រាប់​លោក​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ បានលើកឡើង​ពី​ការធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៤ ដែរ ថា លោក​មិនបាន​រំពឹងទុក​ឡើយ​ជុំវិញ​ការឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ដែល​លោក​អាច​បន្ត​កាន់តំណែង​បាន​ដល់​៦​ឆ្នាំ​។ ជាមួយគ្នានេះ លោក​ប្រា​យុទ្ធ បាន​បន្តថា មនុស្ស​ជាច្រើន បាន​ចោទ​លោក​ថា ប្រព្រឹត្ត​ខុសច្បាប់ ប៉ុន្តែ​ផ្ទុយទៅវិញ លោក​មិនដែល​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​ឡើយ​។ 
 
​ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​ខាងលើនេះ ធ្វើឡើង​ស្របពេល​ប្រជាជន​ជាច្រើន​ពាន់​នាក់ បានទាមទារ​ឲ្យ​លោក​ប្រយុទ្ធ​ចុះ​ចេញពី​តំណែង តាមរយៈ​បាតុកម្ម​របស់ខ្លួន បូក​រួមទាំង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ផងដែរ​។ 
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ក្រុមបាតុករ​ថៃ នឹង​ជួបគ្នា​ជាថ្មី​ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដើរ​សំដៅទៅ​កន្លែង​មួយ ដែល​ក្រុមបាតុករ​មិនបាន​បញ្ចេញ​ឈ្មោះ​។ ក្រុមបាតុករ​ថៃ​ឈ្មោះ រណ​សិ​រ្យ​រួបរួម​បាតុកម្ម​ធម្មសាស្ត្រ (UFTD) បានប្រកាស​ការធ្វើ​បាតុកម្ម​នេះ នៅលើ​បណ្តាញ​សង្គម Facebook របស់ខ្លួន ដោយ​ចាប់ផ្តើម​ពី​ម៉ោង ៤​ល្ងាច​ទៅ​។ 
 
​សូមបញ្ជាក់ថា កន្លងទៅ​សភា​ថៃ ស្នើ​ឲ្យ​បង្កើត​គណៈកម្មាធិការ​សម្រុះសម្រួល​មួយ ដែលមាន​គ្រប់ភាគី​ចូលរួម ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​ក្រុមបាតុករ​ថៃ ប្រកាស​ធ្វើពហិកា​ក្នុងការ​ចូលរួម​។ ពេលនេះ ប្រធានសភា​រដ្ឋសភា​ថៃ លោក Chuan Leekpai កំពុង​សិក្សា និង​ប្រមូល​គំនិត​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​មួយចំនួន ជុំវិញ​ការបង្កើត​គណៈកម្មាធិកា​រ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com