COVID-19
ជាតិ
រដ្ឋមន្រ្តីការបរទេសហុងគ្រី សុំការអធ្យាស្រ័យពីកម្ពុជា ដែលមកកម្ពុជា ទាំងមិនដឹងថាមានកូវីដ
06, Nov 2020 , 3:20 pm        
រូបភាព
លោក ប្រាក់ សុខុន និង លោក Péter Szijjártó  ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគី នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងការបរទេស
លោក ប្រាក់ សុខុន និង លោក Péter Szijjártó ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគី នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងការបរទេស
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក Péter Szijjártó រដ្ឋមន្រ្តីការបរទេសហុងគ្រី ខណៈលោក Péter Szijjártó ទៅដល់ហុងគ្រីវិញ និងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩។ ព័ត៌មានជុំវិញកិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន និង លោក Péter Szijjártó ត្រូវបានគេដឹងតាមរយៈសំឡេងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្សាយដោយ Fresh News។



សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា៖«[លោក Péter Szijjártó] គាត់ បានសុំការអធ្យាស្រ័យចំពោះយើង អំពីផលប៉ះពាល់មកដល់យើង បណ្តាលមកពីខ្លួនគាត់ ដែលគាត់បានធ្វើតេស្ត មិនមានកូវីដ-១៩នោះទេ ទើបគាត់ចេញមកទស្សនកិច្ច [នៅកម្ពុជា]....»។

យ៉ាងណាក៏ដោយ គេ មិនទាន់ឃើញមានប្រភពច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថា លោក Péter Szijjártó ឆ្លងកូវីដ-១៩ តាំងពីពេលណា និងនៅទីណានោះទេ។

ក្រសួងការបរទេសកម្ពុជា អះអាងថា លោក Péter Szijjártó និងសមាជិកគណៈប្រតិភូទាំងអស់របស់លោក បានធ្វើតេស្តរកមេរោគកូវីដ-១៩ និងមានវិញ្ញាណបនបត្រសុខភាព ដែលបញ្ជាក់ពីការគ្មានជំងឺកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា។

លោក Péter Szijjártó និងគណៈប្រតិភូរបស់លោក បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ហើយនៅពេលល្ងាចក្នុងថ្ងៃដដែល លោក និងគណៈប្រតិភូ ក៏បានចេញពីកម្ពុជា បន្តធ្វើដំណើរទៅបំពេញបេសកកម្មការទូតនៅថៃ។ ពេលទៅដល់ថៃ ក៏មានព័ត៌មាន ផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ថា លោក មានជំងឺកូវីដ-១៩ ហើយបន្ទាប់មក រដ្ឋាភិបាលរបស់លោក បានបញ្ជូនយន្តហោះ ដឹកលោកទៅហុងគ្រីវិញ ដោយជំនួបនានារបស់លោកនិងមេដឹកនាំថៃ ត្រូវលុបចោល។

ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្រ្តីការបរទេសហុងគ្រីនិងគណៈប្រតិភូរបស់លោក បានជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ដោយរួមមានទាំងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី ប្រកាសរួចហើយថា សម្តេច បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ តែសម្តេចត្រូវបន្តធ្វើចត្តាឡីស័ក។

រដ្ឋមន្រ្តីកម្ពុជា ដែលបានជួបរដ្ឋមន្រ្តីការបរទេសហុងគ្រី រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស លោក លឹម គានហោ រដ្ឋមន្រ្តីធនធានទឹក លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោកតំណាងរាស្រ្ត សួស យ៉ារ៉ា ក៏បានជួបរដ្ឋមន្រ្តីការបរទេសហុងគ្រីដែរ។

រដ្ឋាភិបាល តម្រូវឲ្យថ្នាក់ដឹកនាំនិងមន្រ្តីកម្ពុជាទាំងអស់ ដែលបានប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយលោក Péter Szijjártó ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័ក។

មកដល់ថ្ងៃទី៦ ខែវិច្ឆិកានេះ មានមនុស្ស៨៤០នាក់ហើយ ដែលបានប្រាស្រ័យទាក់ទងទាំងផ្ទាល់និងប្រយោលជាមួយគណៈប្រតិភូហុងគ្រី បានឆ្លងកាត់ការធ្វើតេស្ត ហើយលទ្ធផល បង្ហាញថា ពួកគេ គ្មានជំងឺកូវីដ-១៩នោះទេ។ តែពួកគេ នៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ សាជាថ្មីទៀត៕

Tag:
 COVID-19
  Péter Szijjártó
© រក្សាសិទ្ធិដោយ thmeythmey.com