COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ ស្នើ​ឪពុកម្តាយ ៩០០​នាក់ ដែល​ប្រាស្រ័យ​ទាក់ទង​នឹង​ប្រមុខ​ការទូត​ហុង​គ្រី ផ្អាក​នាំ​កូន​ទៅ​រៀន​១៤​ថ្ងៃ​សិន​
08, Nov 2020 , 10:29 am        
រូបភាព
​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បានស្នើ​ដល់​ឪពុកម្តាយ ៩០០​នាក់ ដែលមាន​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ និង​ប្រយោល ជាមួយនឹង​លោក​Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​ត្រូវបាន​គេ​រកឃើញ​ជំងឺ​កូ​វីដ​-១៩​នោះ សូម​ផ្អាក​បញ្ជូន​កូន​ទៅ​គ្រឹះស្ថានសិក្សា​ចំនួន​១៤​ថ្ងៃ​។​

 
​តាមរយៈ​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​ស្តីពី​៖«​វិធានការ​សម្រាប់​មាតាបិតា អាណាព្យាបាល ដែល​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី​» នា​រសៀល​ថ្ងៃទី​៧​វិច្ឆិកា ឆ្នាំ​២០២០ លោក ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ការស្នើសុំ​នេះ គឺ​ដើម្បីឱ្យ​ឪពុកម្តាយ​ទាំងនោះ ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន ដោយ​តម្រូវឱ្យ​កូន​រៀនសូត្រ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ទន្ទឹមនឹង​គ្នា​នេះ ឪពុកម្តាយ​ត្រូវ​ផ្តល់ព័ត៌មាន​ជាប្រចាំ​ទៅកាន់​គ្រឹះស្ថានសិក្សា​របស់​កូនៗ ដើម្បីឱ្យ​គ្រឹះស្ថានសិក្សា​ទាំងនោះ មាន​វិធាន​ការបន្ត​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
«​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន គ្រឹះស្ថានសិក្សា ត្រូវ​ចាត់វិធានការ​តាម​ការណែនាំ​របស់​ក្រសួង ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩»​។ នេះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​អប់រំ​រូបនេះ ដោយ​តម្រូវឱ្យ​គ្រឹះស្ថានសិក្សា​ទាំងនោះ បូកសរុប និង​ធ្វើ​បច្ចុប្បន្នភាព​របាយការណ៍ ហើយ​ផ្ញើ​ជូនទៅ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត និង​ក្រសួង​អប់រំ ជា​ទៀងទាត់​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧​វិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​អប់រំ បា​នរក​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​៦ ដែល​ពាក់ព័ន្ធ​នឹង​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុកគ្រី​នោះ មក​កម្ពុជា កាលពី​ថ្ងៃទី​៣​វិច្ឆិកា ឆ្នាំ​២០២០ កន្លងមក​។​
 
​ក្រសួង​អប់រំ​ក៏​អំពាវនាវ គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល​។​
​អ្នកពាក់ព័ន្ធ​ក្រោម​ឱវាទ​របស់​ក្រសួង ទាំងអស់​បន្ត​រាយការណ៍​ជូន​ក្រសួង​តាមរយ​:​លេខ​ទូរ​សព្ទ​០១២៣៣៥៩៩៩៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com