COVID-19
ជាតិ
មន្ត្រី​ការបរទេស​ហុង​គ្រី​ថា រដ្ឋមន្ត្រី​ខ្លួន​អត់​ពាក់​ម៉ាស​ក្នុង​កម្មវិធី​ខ្លះ ដោយសារ​ភាគី​ម្ចាស់ផ្ទះ​​ស្នើសុំ​
13, Nov 2020 , 2:50 pm        
រូបភាព
​ករណី​ដែល​លោក Peter Szijjarto មិនបាន​ពាក់​ម៉ាស​នៅក្នុង​កម្មវិធី​មួយចំនួន​នៅ​កម្ពុជា ត្រូវបាន​លោក Tamás Menczer រដ្ឋលេខាធិការ​ក្រសួងការបរទេស​ហុង​គ្រី បកស្រាយ​ថា មានការ​ស្នើសុំ ដោយ​ថា ភាគី​កម្ពុជា ក៏​មិនបាន​ពាក់​ម៉ាស​នោះដែរ​។ លោក Menczer បាន​ពន្យល់​បែបនេះ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​ត្រូវបាន​បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយសារ​ព័ត៌មាន Hungary Today​។​

 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក Tamas Menczer បាន​អះអាង​បន្ថែមថា រដ្ឋមន្ត្រី​របស់ខ្លួន មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​នៅមុន​ពេលចេញ​ដំណើរ​មកកាន់​អាស៊ី​។ «​ចាប់ពី​ពេលដែល​ចាប់ធ្វើ​ដំណើរ ក្រោយ​លទ្ធផល​តេស្ត​អវិជ្ជមាន គ្មាន​នរណាម្នាក់​អាចនិយាយបាន​ថា លោក Peter Szijjarto ចម្លង​មនុស្ស​នៅ​កម្ពុជា ឬ​នៅ​ថៃ​នោះឡើយ​។ យើង​មិនដឹងថា អ្នកណា​ចម្លង​អ្នកណា​នោះទេ​»​។​
 
​រដ្ឋលេខាធិការ​ការ​ប្រទេស​ហុង​គ្រី បាន​អះអាងថា លោក Szijjarto គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​វិធានការ​សុខាភិបាល​នៃ​ប្រទេស​ម្ចាស់ផ្ទះ​នៅ​រាល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​។ «​គាត់​មិនបាន​ពាក់​ម៉ាស​នៅ​កម្មវិធី​មួយចំនួន​នៅ​កម្ពុជា ព្រោះ​មានការ​ស្នើសុំ​ពី​ភាគី​ម្ចាស់ផ្ទះ ដោយយោង​ថា ភាគី​កម្ពុជា​ក៏​មិនបាន​ពាក់​នោះដែរ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក Menczer​។​
 
​លោក Menczer បានបង្ហាញ​ប្រតិកម្ម​របស់ខ្លួន ក្រោយ​រង​ការរិះគន់​មួយចំនួន​ដែលថា លោក Szijjarto បាន​ចម្លង​កូ​វីដ​-១៩ នា​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ថៃ​។ នៅ​ថៃ អ្នកការទូត​ហុង​គ្រី​ម្នាក់ មាន​តេស្ត​វិជ្ជមាន រីឯ​នៅ​កម្ពុជា មាន​ចំនួន​៤​នាក់ ដែល​ក្នុងនោះ មាន​មន្ត្រី​ខ្មែរ​២​នាក់ អង្គរ​ក្សា​១​នាក់ និង​លោក​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុង​ចំណោម​នុស្ស​ជាង​១០០០​នាក់​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​រូបនេះ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ទាំង​ប្រមុខ​រដ្ឋាភិបាល ទាំង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មិនបាន​ទម្លាក់កំហុស​លើ​ភាគី​ហុង​គ្រី​នោះដែរ​។​
 
​ដើម្បី​បញ្ជៀ​ស​បញ្ហា​ការទូត សម្តេច ហ៊ុន សែន បានសម្រេច​ហៅ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ថា ជា «​ព្រឹត្តិការណ៍​៣​វិច្ឆិកា​»​។​
 
​លោក Szijjarto តេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នៅពេល​ទៅដល់​ថៃ ពោលគឺ​មួយថ្ងៃ​ក្រោយ​ចេញពី​កម្ពុជា ប៉ុ​ន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ប្រតិភូ​អមដំណើរ​លោក​១៧​នាក់​ទៀត សុទ្ធតែ​អវិជ្ជមាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com