COVID-19
ជាតិ
ស្ថាប័ន​វេជ្ជសាស្ត្រ ព្រមាន​ជាថ្មី​ថា នឹង​ពិន័យ​លើ​ការដំឡើងថ្លៃ​ម៉ាស់ អាកុល ជែ​ល និង ឧបករណ៍​វាស់​កម្តៅ​
13, Nov 2020 , 5:39 pm        
រូបភាព
​គណៈ​ឱសថការី​កម្ពុជា ព្រមាន​ជាថ្មី​ថា នឹងដាក់​ទណ្ឌកម្ម​វិន័យ ចំពោះ​គ្រឹះស្ថាន​ផលិត​ឱសថ គ្រឹះស្ថាន​អា​ហរ​ណ៍​-​នី​ហរ​ណ៍​ឱសថ និង ឱសថស្ថាន ជាដើម ដែល​បាន​ដំឡើងថ្លៃ​ម៉ាស់ អាកុល ជែ​ល​លាងដៃ ឧបករណ៍​វាស់​កម្តៅ និង សម្ភារ​សម្លាប់​មេរោគ​ផ្សេងៗ​។ ការព្រមាន​នេះ ធ្វើឡើង​តាមរយៈ​លិខិត​របស់​គណៈ​ឱសថការី​កម្ពុជា ផ្ញើ​ជូនទៅ​បណ្តា​ឱសថស្ថាន និង​គ្រឹះស្ថាន​នាំចេញ​នាំចូល​ឱសថ​។ 


​គណៈ​ឱសថការី​កម្ពុជា ព្រមាន​ទៅ​ឱសថការី​ជាថ្មី​នេះ គឺ​ស្រប​ពេលដែល​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចាប់ផ្តើម​ប្រុងប្រយ័ត្ន​ខ្ពស់​ឡើងវិញ​ចំពោះ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​នាំគ្នា​ពាក់​ម៉ាស់​ដូច​កាលពីមុន និង​ឧស្សាហ៍​លាងដៃ​ជាមួយ​អាកុល ជែ​ល ឬ​សាប៊ូ​។ កម្ពុជា ចាត់វិធានការ​ការពា​រ​ខ្ពស់​ម្តងទៀត​ចំពោះ​ជំងឺ​កូ​វីដ​-១៩ គឺ​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។ 
 
​តាមរយៈ​លិខិត​ចុះ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ គណៈ​ឱសថការី​កម្ពុជា បញ្ជាក់​ដូច្នេះ​ថា​៖«​ឱសថការី ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​នូវ​រាល់​សកម្មភាព​ទាំងឡាយណា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន ទោះបីជា​សកម្មភាព​នោះ ប្រព្រឹត្ត​ដោយ​សហការី​របស់ខ្លួន​ក៏ដោយ និង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​បុគ្គលិក​ក្រោម​ឱវាទ​គោរព​គោលការណ៍​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​»​។​
 
​គណៈ​ឱសថការី​កម្ពុជា អំពាវនាវ​ដល់​គ្រប់​ឱសថស្ថាន គ្រឹះស្ថាន​ផលិត​ឱសថ និង គ្រប់​គ្រឹះស្ថាន​នាំចេញ​នាំចូល​ឱសថ កុំ​ឲ្យ​ដំឡើងថ្លៃ​ម៉ាស់ អាកុល ជែ​ល​ជាង​ដៃ ឧបករណ៍​វាស់​កម្តៅ និង សម្ភារ​សម្លាប់​មេរោគ​ផ្សេងៗ​។ ជាមួយគ្នានេះ គណៈ​ឱសថ​ការ​នី រម្លឹក​ដល់ទី​តាំង​រក​ស៊ី​ផ្នែក​ឱសថ ឲ្យ​គោរព​ក្រមសីលធម៌ និង​ប្រកាន់ខ្ជាប់​ករណី​កិច្ច​នៃ​ការការពារ​សុខភាព​សាធារណៈ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុងការ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។
 
​ក្រសួងសុខាភិបាល រកឃើញ​មនុស្ស​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា បាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។ ក្នុងចំណោម​អ្នក​ទាំង​៤​នោះ មាន​៣​នាក់​ជា​ជនជាតិខ្មែរ គឺ អង្គរក្ស តំណាងរាស្ត្រ និង មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម ហើយ​ម្នាក់ទៀត ជា​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​។ 
 
​ចាប់​តាំ​ព្រឹត្តិការណ៍​៣​វ​ចិ្ឆ​កា កើតឡើង ក្រសួង​បានធ្វើ​តេស្ត​មនុស្ស​លើសពី​២​ពាន់​នាក់​ហើយ ដោយ​លទ្ធផល​អវិជ្ជមាន​ពី​កូ​វីដ​-១៩ តែ​ពួកគេ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​។ ក្រសួង នៅតែ​ស្វែង​អ្នក​ផ្សេងទៀត ដែល​សង្ស័យថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។ 
 
​ក្រោយ​មាន​ព្រឹត្តិការណ៍​៣​វិច្ឆិកា រដ្ឋាភិបាល បាន​បញ្ចេញ​ម៉ាស់​ក្រណាត់​ប្រមាណ​២​លាន​ម៉ាស់ ឲ្យ​មន្ត្រី​ដើរ​ចែក​ប្រជាជន​តាម​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​កន្លងមក រដ្ឋាភិបាល ក្រសួងសុខាភិបាល និង គណៈ​ឱសថការី​កម្ពុជា ធ្លាប់​ណែនាំ​ម្តង​រួចមកហើយ ឲ្យ​គ្រប់​ទីតាំង​ប្រក​បរបរ​ផ្នែក​ឱសថ កុំ​ឲ្យ​ដំឡើងថ្លៃ​ម៉ាស អាកុល ជែ​ល ឧបករណ៍​វាស់​កម្តៅ និង សម្ភារ​ពេទ្យ​ផ្សេងៗ​។ ហើយ​កាលនោះ គណៈ​ឱសថការី ក្រសួងសុខាភិបាល រហូតដល់​រដ្ឋាភិបាល ក៏​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ដូចជា​ពេលនេះ​ដែរ បើ​រកឃើញថា មានការ​ដំឡើងថ្លៃ​លើ​របស់​ទាំងអស់នោះ​៕ 
 
 

Tag:
 COVID-19
  គណៈ​ឱសថការី​
  ពិន័យ​
  ម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com