ជាតិ
សង្គមជាតិ
សត្វផ្សោត អាយុ ១សប្តាហ៍ ត្រូវបានគេឃើញងាប់ នៅខេត្តត្បូងឃ្មុំ
15, Nov 2020 , 11:57 am        
រូបភាព
សាកសពសត្វផ្សោត​​មួយក្បាល ដែលពលរដ្ឋ​ប្រទះឃើញងាប់នៅក្នុង​ឃុំ​រកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ រូបភាពពីអង្គការWWF
សាកសពសត្វផ្សោត​​មួយក្បាល ដែលពលរដ្ឋ​ប្រទះឃើញងាប់នៅក្នុង​ឃុំ​រកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ រូបភាពពីអង្គការWWF
ដោយ:
ភ្នំពេញ៖ សត្វផ្សោតមួយក្បាលដែលទើបតែកើតបាន១សប្តាហ៍ទម្ងន់១២គីឡូក្រាម ប្រវែង១០៣សង់ទីម៉ែត្រ ត្រូវបានពលរដ្ឋប្រទះឃើញងាប់នៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ នេះបើតាមការផ្សាយព័ត៌មានរបស់អង្គការការពារសត្វព្រៃនៅកម្ពុជា(WWF)។ 

អង្គការWWFបានបញ្ជាក់ថា សត្វផ្សោតនោះទើបតែងាប់ក្នុងរយៈពេល២ថ្ងៃ ដោយសភាពសាកសពនៅស្រស់នៅឡើយ។ អ្នកជំនាញអង្គការWWF មិនទាន់បញ្ជាក់ថា សត្វផ្សោតនោះងាប់ ដោយសារមូលហេតុអ្វីឲ្យច្បាស់លាស់នៅឡើយទេ។ «ក្រុមជំនាញបានផ្តល់ព័ត៌មានជាបឋមថា ការវិភាគមិនបានរកឃើញស្លាកស្នាមនៃការរបួសលើរាងកាយ ឬសញ្ញានៃការជាប់នឹងមងនេសាទទេ»។ នេះជាការលើកឡើងរបស់អង្គការWWF ដែលនឹងបន្តការអង្កេតវិភាគបន្ថែមទៀត ដើម្បីឲ្យដឹងមូលហេតុនៃការបាត់បង់សត្វផ្សោតមួយក្បាលនេះ។
 
គិតត្រឹមកន្លះខែវិច្ឆិកានេះ សត្វផ្សោតចំនួន២ក្បាលហើយដែលប្រទះឃើញងាប់នៅឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។  
 
អង្គការWWFបាននិយាយថា ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាហេតុដែលនាំឲ្យសត្វផ្សោតប្រឈមនឹងបាត់បង់ជីវិត។  អង្គការWWFបានអំពាវនាវដូច្នេះថា៖«គេចាំបាច់ត្រូវអនុវត្តជាបន្ទាន់នូវវិធានការរួមគ្នាឲ្យខ្លាំងបន្ថែមទៀតដើម្បីការពារសត្វផ្សោតទន្លេមេគង្គឲ្យរួចផុតពីការបាត់បង់»។ 
 
សត្វផ្សោតនៅកម្ពុជាមានចំនួន៨៩ក្បាលដែលកំពុងរស់នៅក្នុងទន្លេមេគង្គនៃកម្ពុជា។ នេះបើតាមការបញ្ជាក់ពីអង្គការWWFដែលបង្ហាញលទ្ធផលនៃការធ្វើជំរឿនចុងក្រោយ។ 
 
សត្វផ្សោត ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ (IUCN) និងត្រូវបានចាត់ទុកថា ជាសត្វដែលងាយនឹងផុតពូជបំផុត  ហើយប្រឈមនឹងការគំរាមកំហែងផងដែរ។  បើតាមរបាយការណ៍របស់អង្គការ   WWF សត្វផ្សោតទូទាំងសកល មានចំនួន៧ប្រភេទ ក្នុងនោះមានសត្វផ្សោត៤ប្រភេទ រស់នៅក្នុងទីជម្រកទឹកសាប និង៣ប្រភេទទៀត មានទីជម្រកនៅសមុទ្រទឹកប្រៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com