កីឡាអន្តរជាតិ
អន្តរជាតិ
អេ​ស្ប៉ា​ញ ផ្តល់​មេរៀន​ឈឺចាប់​ឲ្យ​អាល្លឺម៉ង់ ដើម្បី​ឡើងទៅ​វគ្គ​បន្ត Nations League
18, Nov 2020 , 10:45 am        
រូបភាព
​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​បំបាក់​អាល្លឺម៉ង់​ក្នុង​លទ្ធផល ៦-០ ដើម្បី​ឈានទៅ​វគ្គ​បន្ត​ពានរង្វាន់ Nations League​។ អេ​ស្ប៉ា​ញ ត្រូវ​ចូលរួម​ជាមួយ​បារាំង​សម្រាប់​៤​ក្រុម​ចុងក្រោយ ខណៈ​ម្ចាស់​ការពារ​ជើងឯក​ព័រ​ទុយ​ហ្គា​ល់​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​នេះ​។​



​ជំនួប​ចុងក្រោយ​ពូ​ល A4 នៅ​រាត្រី​ថ្ងៃទី​១៧ ខែវិច្ឆិកា ខ្សែបម្រើ​ចំណូល​ថ្មី​របស់ Manchester City កីឡាករ Ferran Torres សម្រេច​ទី​បាន​៣​គ្រាប់​ម្នាក់ឯង និង​ជា​លើក​ទី​១​ក្នុង​អាជីព​ដែល​ធ្វើបាន hat-trick សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។ ៦​គ្រាប់​របស់​ក្រុម​លោក Luis Enrique ធ្វើបាន​ដោយ Alvaro Morata ខ្សែប្រយុទ្ធ​ក្រុម Juventus នាទី​១៧, Rodri របស់ Manchester City នៅ​នាទី ៣៨, Mekel Oyarzabal ខ្សែប្រយុទ្ធ Real Sociedad (៨៩) ខណៈ​៣​គ្រាប់​របស់ Torres សម្រេច​ទី​នៅ​នាទី​៣៣, ៥៥ និង​៧១​។​
 
​នេះ​ជា​បរាជ័យ​ដ៏​អាម៉ាស់​បំផុត​របស់​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​លោក Joachim Low ក្នុង​រយៈពេល​១៤​ឆ្នាំ​មកនេះ​។ ដោយឡែក​ជ័យជម្នះ​របស់​អេ​ស្ប៉ា​ញ​ក្នុងជំនួប​ចុងក្រោយ​នេះ បានធ្វើ​ឲ្យ​ពួកគេ​ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល A4 វិញ ដោយ​រុញ​អាល្លឺម៉ង់​ទៅ​លេខ​២​និង​អស់​ឱកាស​ទៅ​វគ្គ​បន្ត​ពានរង្វាន់​អឺរ៉ុប​មួយ​នេះ​។​
 
​អេ​ស្ប៉ា​ញ និង​បារាំង​បាន​ចាប់ដៃគ្នា​ឡើងទៅ​បន្ត Nations League ដោយ​ត្រូវ​រង់ចាំ បែលហ្ស៊ិក​ឬ​ដា​ណឺ​ម៉ាក​ពី​ពូ​ល A2 និង​អ៊ីតាលី​, ហូ​ឡង់ ឬ​ប៉ូឡូញ ពី​ពូ​ល A1​។ ម្ចាស់​ជើងឯក​ចាស់​ព័រ​ទុយ​ហ្គា​ល់​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​នេះ បើ​ទោះ​ពួកគេ​ឈ្នះ​ក្រូ​អាស៊ី ២-៣ នៅ​ជំនួប​ចុងក្រោយ​ពូ​ល A3 ក៏ដោយ​។ បារាំង​ឈរ​លេខ​១​ពូ​ល A3 ក្រោយ​បន្ត​ឈ្នះ​ស៊ុយអែត ៤-២ ដោយមាន​១៦​ពិន្ទុ នាំមុខ​ព័រ​ទុយ​ហ្គា​ល់​ចំនួន​៣​ពិន្ទុ​។​
 
​ជំនួប​ចុងក្រោយ​ពូ​ល A1 ប៊ូ​ស្នី​ដែល​អស់​ឱកាស​ទៅហើយ​ត្រូវ​ប៉ះ​អ៊ីតាលី ខណៈ​ប៉ូឡូញ​ស្វាគមន៍​ហូ​ឡង់​។ ឯ​ពូ​ល A2 បែលហ្ស៊ិក​ទទួល​ដា​ណឺ​ម៉ាក​ដែលជា​គូប្រជែង​កៅអី​គ្នា ស្របពេល​អង់គ្លេស​ជួប​អ៊ី​ស្លង់​សម្រាប់​ជំនួប​បង្គ្រប់កិច្ច​។ ជំនួប​ទាំងនេះ នឹងត្រូវ​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ​៕

Tag:
 Nations League
© រក្សាសិទ្ធិដោយ thmeythmey.com